សង្គមស៊ីវិល៖ ការសម្របសម្រួលនយោបាយ«ល្អ»ចំពោះមុខ តែមិនល្អជាយូរអង្វែងទេ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ បើមិនមានភ្លើងខៀវណាមួយ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ បញ្ហាមេបក្សប្រឆាំងដ៏ធំនៅកម្ពុជា លោក សម រស្សី ដែលបានស្វះស្វែងរកការអន្តរាគមន៍ ពីស្ថាប័នពាក់ព័ន្ធនានាជាច្រើន ដើម្បីអាចឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតនាថ្ងៃខាងមុខ មិនអាចធ្វើទៅរួចនោះឡើយ។ ព្រោះតែបញ្ហានេះ មានការជាប់ពាក់ពិននឹងរឿងនយោបាយយ៉ាងស្អិតរមួត ដូច្នេះត្រូវតែដោះស្រាយតាមផ្លូវនយោបាយ។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូប កាន់ទង់ជាតិប្រទេសកម្ពុជា។ (រូបថត Céline Martin)
ទោះជាយ៉ាងនេះក៏ដោយ ការដោះស្រាយបញ្ហាជាកត្តាសំខាន់ ជាពិសេសរក្នុងអំឡុងពេលបោះឆ្នោត។ អ្នកវិភាគសង្គម និងនយោបាយ អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធ នឹងករណីខាងលើបានធ្វើការវាយតម្លៃថា ជិតដល់ពេលបោះឆ្នោតម្តងៗ ករណីខាងលើស្រាប់តែបង្ហាញខ្លួនភ្លាមៗ ហើយតែងតែធ្វើការដោះស្រាយតាមបែបនយោបាយទៅវិញ។ តើការដោះស្រាយបញ្ហានយោបាយនេះ មានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះសម្រាប់ប្រទេសជាតិ ជាពិសេសចំពោះបញ្ហាផ្លូវច្បាប់។
លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថានិចហ្វិក (NECFEC) មានការព្រួយបារណ៍ ចំពោះការអនុវត្តនូវបញ្ហាបង្រួបបង្រួម ផ្នែកនយោបាយនៅកម្ពុជា។ លោកបន្តថាទោះយ៉ាងណាការដោះស្រាយបែបនយោបាយនេះ គ្រាន់តែជាការបង្រួបបង្រួម និងផ្សះផ្សារគ្នាប៉ុណ្ណោះ តែអ្វីដែលគួតែប្រកាន់យកនោះត្រូវអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងបំផុត។ «ការសម្របសម្រួលផ្នែកនយោបាយល្អចំពោះមុខ ប៉ុន្តែមិនល្អសម្រាប់ពេលយូរអង្វែងទេ»។
ឯលោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានសម្តែងនូវការព្រួយបារម្មណ៍ ចំពោះការយកបញ្ហាដោះស្រាយផ្នែកនយោបាយនេះ ដោយលោកបានបង្ហាញដូច្នេះថា «បើទម្លាប់ឲ្យមានករណីនេះ (សម្របសម្រួលផ្នែកនយោបាយ) ចេះតែបន្តរកើតមាន ឯបញ្ហាដែលអាចធ្វើការដោះស្រាយបាន តែស្ថាប័នជំនាញមិនព្រមដោះស្រាយ ដោយយកលេសថាខុសនឹងច្បាប់។ ដូច្នេះហើយក៏គ្មានស្ថាប័នណាមួយ ហ៊ានសម្រេចចិត្ត ដោយសំអាងលើបញ្ហាផ្លូវច្បាប់ពិតនោះដែរ ឯបញ្ហាថាខុសនឹងច្បាប់នោះ គ្រាប់តែរង់ចាំសញ្ញា ពីការដោះស្រាយបញ្ហានយោបាយនេះឯង។ បើបញ្ហានេះ ចេះតែបន្តរកើតមានសម្រាប់ទៅថ្ងៃខាងមុខនោះ អាចជាទម្លាប់អាក្រក់ សម្រាប់បក្សដទៃទៀត យកតម្រាប់តាមតែប៉ុណ្ណោះ។»
ជាទម្លាប់ ជាញឹកញាប់ គេសង្កេតឃើញថាក្នុងបរិបទនយោបាយនៅកម្ពុជា ក្រៅពីការលើកឡើងពីគោលការណ៍ច្បាប់ ការសម្របសម្រួលផ្នែកនយោបាយ ក៏មានតួនាទីសំខាន់សម្រាប់ដោះស្រាយបញ្ហារបស់ជាតិផងដែរ។ ការដោះស្រាយដោយឈរ លើបញ្ហាសម្របសម្រួលផ្នែកនយោបាយ ថ្វីត្បិតតែវាប៉ះពាល់ផ្នែកផ្លូវច្បាប់ ប៉ុន្តែបើឈរតែលើគោលការណ៍ផ្លូវច្បាប់សុទ្ធសាធនោះ អាចធ្វើឲ្យបាតុភាពនានា ក្នុងសង្គមកើតមានឡើងជាបន្តរទៅទៀត។ ដូច្នេះក្នុងបរិបទកម្ពុជាត្រូវការនូវ«តុល្យភាព»រវាងច្បាប់ និងនយោបាយ។
ទោះយ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា ក៏ស្នើរសុំដល់រដ្ឋាភិបាលថ្មីថា គួរយកចិត្តទុកដាក់ ខ្ពស់ទៅលើការជម្រុញឲ្យមានការគោរពច្បាប់ ជាជាងការយកបញ្ហាផ្នែកនយោបាយ មកធ្វើការដោះស្រាយ។ ដោយលោកបានបញ្ជាក់ថា ការគោរពច្បាប់ត្រូវចាប់ផ្តើមពីស្ថាប័នសភា។ «សភាមួយដែលមិនគ្រប់គ្រងរដ្ឋាភិបាលបានល្អ មិនតាមដានសកម្មភាពរដ្ឋាភិបាលបានល្អ ឬសភាមួយធ្វើការជាសភាផង ជារដ្ឋាភិបាលផង នោះការកសាងនីតិរដ្ឋមានការយ៉ឺតយ៉ាវ។ សង្ឃឹមថាសភាអាណត្តិថ្មីនេះ មានឆន្ទៈនឹងរៀបចំកម្ពុជា ឲ្យក្លាយជានីតិរដ្ឋរឹងមាំ។»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ