មន្ត្រីបក្សប្រឆាំង ប្រកាសឲ្យប្រយ័ត្នគណនីហ្វេសប៊ុកក្លែងបន្លំ!
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៥ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 26, 2015
- ប្រធានបទ: ព័ត៌មានវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរលកចលនា នយោបាយចុងក្រោយនេះ កូនចៅរបស់មេដឹកនាំ គណបក្សប្រឆាំង ទំនងជាត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយជាច្រើន សម្ដែងការចាប់អារម្មណ៍ ហើយយកសម្ដីរបស់ពួកគេ មកធ្វើសរសេរជាអត្ថបទ ចេញផ្សាយយ៉ាងព្រោងព្រាត។ នៅចំពោះហេតុការណ៍ ដែលធ្វើឲ្យរជើបរំជួលនេះ បានជំរុញឲ្យមន្ត្រីគណបក្សប្រឆាំង ចាំបាច់ត្រូវធ្វើប្រតិកម្ម ព្រោះបញ្ហាដែលសំខាន់នោះ គឺពាក្យសម្ដីដែលដកស្រង់ ដោយក្រុមសារព័ត៌មានទាំងនោះ ត្រូវបានបង្ហោះផ្សាយ ដោយម្ចាស់គណនីអានាមិកជាច្រើន ដែលបានក្លែងគណនីហ្វេសប៊ុក មើលទៅ ដូចជាកូនចៅ របស់មេដឹកនាំទាំងនោះ យ៉ាងដូច្នេះ។
តំណាងរាស្ត្រ និងជាមន្ត្រីមួយរូប មកពីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង បានសរសេរ នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «សូមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ពង្រឹងជំហរ និងស្មារតីឲ្យរឹងបឹុង ព្រោះបច្ចុប្បន្ន គូប្រជែងរបស់យើង កំពុងបើកយុទ្ធនាការ បំបែកបំបាក់គណបក្សសង្គ្រោះជាតិ តាមរយៈការបង្កើត គណនីក្លែងក្លាយ នៅលើបណ្តាញសង្គម ដើរតួជាកូន សម រង្សុី - កឹម សុខា ហើយនិយាយរឿងនយោបាយស្រុកខ្មែរ និងបន្ទាប់មក គេឲ្យប្រព័ន្ធផ្សព្វផ្សាយ គាំទ្រគណបក្សរបស់គេ យកទៅផ្សព្វផ្សាយបន្ត»។
ជាធម្មតាទេ ការចុះផ្សាយ របស់សារព័ត៌មានមួយចំនួន ដែលមាននិន្នាការ គាំទ្រគណបក្សកាន់អំណាច និងរដ្ឋាភិបាល មិនមានផលល្អ សម្រាប់គណបក្សប្រឆាំងឡើយ រហូតដល់ធ្វើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចាំបាច់ត្រូវធ្វើការ ឆ្លើយតបមកវិញ នោះទៀត។
តែអ្វីដែលគេត្រូវនិយាយ មុននឹងត្រូវ«ហៃអី» ជឿប្រព័ន្ធផ្សព្វផ្សាយទាំងនោះ គេត្រូស្វែងយល់សិនថា តើសារព័ត៌មាននោះ មានប្រភពអំណះអំណាង មកពីណា? មិនពិបាកទេ ព្រោះម្ចាស់អត្ថបទ ច្បាស់ជាឆ្លើយមកវិញ យ៉ាងស្រួលថា យកប្រភពពីគណនីហ្វេសប៊ុក របស់កញ្ញា កឹម សម្មាធីតា (កូនស្រីរបស់លោក កឹម សុខា) របស់អ្នកស្រី សម រាឆែល (កូនស្រីរបស់លោក សម រង្ស៊ី) ឬរបស់លោក សម សារ៉ុម (កូនប្រុសរបស់លោក សម រង្ស៊ី) ជាដើម។ សំនួរសួរជាបន្ត ថាតើគណនីទាំងនោះ ជាគណនីពិត របស់អ្នកទាំងនេះឬ?
មកដល់ត្រង់ចំណុចនេះ អ្នកអានភាគច្រើន មិនបានចាប់អារម្មណ៍ទេ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានសុំការបកស្រាយ ពីលោក សុធា មេត្តា វិស្វករផ្នែកព័ត៌មានវិទ្យា មានដើមកំណើតខ្មែរ ដែលកំពុងរស់នៅ ក្នុងប្រទេសកាណាដា លើករណីនេះ។ លោកបាននិយាយថា ការផ្សព្វផ្សាយនេះមានពីរយ៉ាង៖
១) អ្នកសារព័ត៌មាននោះ ឬក្រុមរបស់ខ្លួន បានបង្កើតព័ត៌មាននេះ នៅលើបណ្ដាញសង្គម តាមរយៈការបង្កើតគណនីក្លែងក្លាយ របស់ជនសំខាន់ៗល្បីៗ ហើយបន្ទាប់មក ក៏ទៅយកព័ត៌មាននោះ មកចុះផ្សាយ នៅលើទំព័រសារព័ត៌មានរបស់ខ្លួន និងធ្វើឲ្យគេយល់ថា មានប្រភពពីគណនីនោះ ថាជាការពិត។ រឿងនេះ មានច្រើនករណីណាស់ ដូចជាគេហទំព័រមួយ ចេញផ្សាយក្នុងស្រុក បានឧស្សាហ៍ចុះផ្សាយ ពីការបែកធ្លាយនានា នៅក្នុងបណ្ដាញសង្គមណាស់។ តែបើតាមការសង្កេត ឲ្យស៊ីជម្រៅ គេនឹងឃើញ មានគណនីអានាមិក ចំនួនពី៥ទៅ១០គណនី បានធ្វើសកម្មភាពនេះមុន ដោយបានបង្ហោះ នូវរូបស្រាតរបស់នារីណាម្នាក់ ឬរូបតារា... នៅលើហ្វេសប៊ុក។ ការធ្វើដូច្នេះ គឺដើម្បីឲ្យគេហទំព័ររបស់គេ មានប្រភព យកមកធ្វើជាលេស ក្នុងការចេញផ្សាយអត្ថបទ បង្អើលគេឯង។
២) អ្នកសារព័ត៌មាននោះ គ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យ ថាតើគណនីនោះពិត ឬក្លែងក្លាយនោះឡើយ។ ផ្ទុយទៅវិញ ឲ្យតែមានអ្វី ត្រូវបានបង្ហោះ នៅលើគណនីនោះ ក៏តាំងខ្លួនដកស្រង់ យកមកចុះផ្សាយបន្ត រួចថែមទាំងអះអាងថា ខ្លួនមានប្រភពគ្រប់គ្រាន់ ដូចជាការសរសេរយក ដោយត្រង់ថា «កូនស្រីរបស់លោក កឹម សុខា បានរិះគន់ដំណើរ ទៅក្រៅប្រទេសរបស់លោក សម រង្ស៊ី ស្របពេលសកម្មជនខ្លួន កំពុងជាប់ពន្ធនាគារ»ជាដើម។
ករណីទាំងពីរខាងលើ ត្រូវបានលោក សុធា មេត្តា ថ្លែងថា សុទ្ធតែជាចុះផ្សាយ ដែលគ្មានវិជ្ជាជីវៈ ឬជាការចុះផ្សាយ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមខ្លួនប៉ុណ្ណោះ៕