សម រង្ស៊ី៖ «ហ៊ុន សែន បាន​ប្ដូរ​ហើយ»

បើតាមលោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ដ៏ធំជាងគេ នៅប្រទេសកម្ពុជា បានជឿជាក់ថា លោក ហ៊ុន សែន ពិតជាបានផ្លាស់ប្ដូរ បន្ទាប់ពីបានឆ្លងកាត់ ជីវិតនយោបាយ រាប់សិបទសវត្សន៍កន្លងមក របស់នាយករដ្ឋមន្ត្រីរូបនេះ។
Loading...
  • ដោយ: ដ. កែវ អត្ថបទ - រាយការណ៍៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 26, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមយោបល់របស់លោក តើលោក ហ៊ុន សែន បានប្ដូរហើយ មែនឬទេ? «បាទ! ត្រឹមត្រូវហើយ ខ្ញុំ​គិត​ថាអញ្ចឹង។»

ខាងលើនេះ ជាចម្លើយរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឆ្លើយតបទៅនឹងការសាកសួរ របស់សារព័ត៌មានបារាំង ដ៏ធំមួយឈ្មោះ Liberation បន្ទាប់ពីលោក បានធ្វើដំណើរ មកដល់ប្រទេសបារាំង កាល​ពីប៉ុន្មានថ្ងៃមុន។ នៅក្នុងឃ្លាបន្ទាប់ នៃចម្លើយនោះ លោក រង្ស៊ី បានបន្តអះអាងថា៖ «នៅក្នុងចិត្តគំនិត​របស់គាត់ លោក ហ៊ុន សែន ចង់បាន​ការផ្លាស់ប្ដូរមួយ។ វ័យដ៏ជ្រេ និងសម្បជញ្ញៈ បានរំលឹកប្រាប់ថា ការក្ដាប់​អំណាចរបស់គាត់ ឈានមកដល់ ដំណាក់កាលចុងក្រោយហើយ។»

ឆ្លើយនឹងសំនួរមួយ ដែលសួរថា តើលោកបានស្ដាយក្រោយឬទេ នឹងរូបថតថតដោយខ្លួនឯង រវាងលោក និង​លោក ហ៊ុន សែន នៅក្នុងអាហារពេលល្ងាចរួមគ្នាមួយ ដែលធ្វើឲ្យអ្នកគាំទ្រលោក បានអាក់អន់ស្រពន់ចិត្ត​នោះ? លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «អត់​ស្ដាយក្រោយ ទាល់តែសោះ»។

ប្រធានគណបក្សប្រឆាំង បានពន្យល់ថា៖ «ពលរដ្ឋកម្ពុជា ត្រូវតែជជែកគ្នា។ នេះជាបែបផែនថ្មីមួយ ដែលបាន​ប្ដូរវប្បធម៌ហិង្សា ដែលធ្លាប់តែកើតឡើង នៅក្នុងប្រទេសនេះ និងដែលគណបក្សកាន់អំណាច តែងរិះរក​គ្រប់​មធ្យោបាយ ដើម្បីកំចាត់ក្រុមប្រឆាំង។ វប្បធម៌កំចាត់គ្នានេះ ត្រូវតែបញ្ចប់។ រូបថតដ៏ភ្ញាក់ផ្អើល និងជានិមិត្តរូប​ប៉ុន្មានសន្លឹកនេះ អាចនឹងជួយពន្យល់ក្នុងករណីនេះ។ មានន័យថា មេៗបានយល់គ្នា និងគោរពគ្នាទៅ​វិញ​ទៅ​មក គឺជារឿងសំខាន់ណាស់ សម្រាប់អ្នកគាំទ្រ។»

លោក សម រង្ស៊ី បានថ្លែង ក្នុងកិច្ចសម្ភាសនោះទៀតថា៖ «លោក ហ៊ុន សែន ចង់ឲ្យកូនរបស់គាត់ ស្គាល់កូនៗ​របស់ខ្ញុំ ចង់ឲ្យពួកគេនិយាយរកគ្នា ដើម្បីធ្វើការជាមួយគ្នា។ គាត់បាននិយាយ ប្រាប់ខ្ញុំថា "ខ្ញុំគ្មានអ្វីទៀតទេ មាន​តែកូនចៅប៉ុណ្ណោះ"។ គាត់ដឹងថា កូនចៅរបស់គាត់ មិនអាចដឹកនាំប្រទេស ដោយកណ្ដាប់ដៃដែក បាន​ដូច​គាត់ឡើយ។ គាត់ចង់ឃើញកូនៗរបស់គាត់ អាចបន្តជីវិតនយោបាយ នៅក្នុងក្របខណ្ឌប្រជាធិបតេយ្យ។ យើង​មិនមែនដូច ប្រទេសកូរ៉េខាងជើង ដែលមេដឹកនាំ ត្រូវបន្តធ្វើ ពីជីតាបន្តមកដល់ចៅនោះទេ។ លោក ហ៊ុន សែន ចង់បានភាពស្របច្បាប់ តាមបែបប្រជាធិបតេយ្យមួយ សម្រាប់កូនចៅរបស់គាត់ ដែលភាពស្របច្បាប់នេះ នឹង​អាច​ធានាដល់សុវត្ថិភាពរបស់គាត់ មួយផ្នែកផងដែរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...