ដីកាចាប់ខ្លួន សម រង្ស៊ី អនុវត្តខុសគោលការណ៍អាជ្ញាអស់ជំនុំ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២០ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 20, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមប្រឹក្សាអ្នកច្បាប់ គណបក្សសង្រ្គោះជាតិ បានលើកឡើងពីទិដ្ឋភាពច្បាប់ ទាក់ទងដីកា បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី របស់សាលាដំបូងរាជធានីភ្នំពេញ ថាពោរពេញដោយអសុពលភាព ក្នុងការអនុវត្តដីកា ព្រោះការ«មិន»ចោទប្រកាន់ ត្រួតគ្នានឹងទោស និងការ«មិន»អនុវត្តសាលដីកាស្ថាពរ របស់ស្ថាប័នអយ្យការ។
នៅក្នុងឯកសារជំនួយស្មារតី ដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ និងត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ បានធ្វើការសន្និដ្ឋានថា៖ «ដីការបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី មិនអាចអនុវត្តបានទេ ដោយផ្អែកលើមូលដ្ឋានច្បាប់ (...) ដែលបានបង្ហាញឲ្យឃើញ ពីការរលត់ទៅដោយស្ងៀមស្ងាត់ នៃអំណាចសាលដីកាស្ថាពរ របស់សាលាឧទ្ធណ៍។ (...) គោលការណ៍អាជ្ញាអស់ជំនុំ, លោកសម រង្ស៊ី ត្រូវបានទទួលស្គាល់ ដោយស្ថាប័នជាតិធំៗបី គឺ គ.ជ.ប រដ្ឋសភា និងព្រះមហាក្សត្រ។ លោក សម រង្ស៊ី មានអភ័យឯកសិទ្ធិសភា។»
លោក សម រង្ស៊ី ត្រូវបានស្វែងរកចាប់ខ្លួន ដោយអាជ្ញាធរកម្ពុជា បន្ទាប់ពីដីកាមួយ របស់តុលាការសាលាដំបូង ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បង្គាប់ឲ្យចាប់ខ្លួនលោក មកអនុវត្តន៍ទោស (សាលក្រមសម្រេចចូលជាស្ថាពរ របស់សាលាឧទ្ទរណ៍ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣) ទាក់ទងនឹងសំនុំរឿងបរិហាកេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស។ ដោយសារដីការ បង្គាប់ឲ្យចាប់ខ្លួនមួយនេះ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានរដ្ឋសភា (ដែលមានការចូលរួម តែពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា) បណ្ដេញលោកចេញ ពីកៅអីតំណាងរាស្ត្រ និងលប់ចោលនូវអភ័យឯកសិទ្ធិសភា។
កម្ដៅនយោបាយកម្ពុជា បានកើនឡើងខ្លាំង ប្រហាក់ប្រហែល ទៅនឹងមុនការបោះឆ្នោត ឆ្នាំ២០១៣ ដែលកាលនោះ ប្រធានគណបក្សសង្គ្រោះជាតិ បាននិរទ្ទេសខ្លួនពីការចាប់ចង នៃប្រព័ន្ធយុត្តិធម៌កម្ពុជា ដូចគ្នាដែរ។
សូមរំលឹកដែរថា នៅថ្ងៃទី២០ ខែវិច្ឆិកាដដែលនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយ របស់គណកម្មការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ តំណាងមន្រ្តីធំៗ តំណាងគណបក្សសង្គ្រោះជាតិបួនរូប បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួប និងស្វែងរកដំណោះស្រាយ ជាមួយថ្នាក់ដឹកនាំរបស់ខ្លូននៅទីនោះ។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យមួយរូបទៀត របស់គណបក្សសង្គ្រោះជាតិ បានសរសេរពីរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន លើទំព័រហ្វេសប៊ូកលោកថា៖ «ការចូលរួមដោះស្រាយបញ្ហាប្រឈម ដែលកើតមានឡើង យើងត្រូវគិតពីផលប្រយោជន៍ប្រជាជាតិយើង មុននឹងគិតពីប្រយោជន៍ បក្ខពួក ក្រុមគ្រួសារ និងខ្លួនឯង»៕
សូមអានឯកសារជំនួយស្មារតីរបស់ គណបក្សសង្គ្រោះជាតិទាំងស្រុងដូចខាងក្រោម៖