យុទ្ធនាការ «ប្រតិទិនយុត្តិធម៌» សម្រាប់លោក ម៉ម សូណង់ដូ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃទី១០ ខែមករានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញប្រកាសព័ត៌មានមួយ ស្តីពីការសម្ពោធយុទ្ធនាការ«ប្រតិទិនយុត្តិធម៌» សំរាប់លោកម៉ម សូណង់ដូ រួមជាមួយនឹងការប្រកួត រចនាប័ណ្ណប៉ុស្តាល់ ពីសាធារណៈជនដែលគាំទ្រ សម្រាប់ជាការលើកទឹកចិត្ត និងបញ្ចាក់ថានូវចំនួន ១៨៦ថ្ងៃ នៃការចាប់ខ្លួន លោក ម៉ម សូណង់ដូ។ នៅក្នុងសេចក្ដីប្រកាសនោះ មជ្ឈមណ្ឌលបញ្ជាក់ថា នឹងធ្វើសន្និសីទកាសែត លំអិតពីយុទ្ធនាការនេះ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣។
លោកម៉ម សូណង់ដូ ពេលនាំខ្លួនត្រឡប់ទៅពន្ធនាគារព្រៃសរវិញ កាលពីថ្ងៃ ០១តុលាឆ្នាំ២០១២។ រូបថត AFP។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានសង្កត់ធ្ងន់ថា ការធ្វើសន្និសិតនេះ«ដើម្បីដាក់សម្ពាធ បន្ថែមលើអាជ្ញាធរ» ឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ និងមានគោលបំណងទាក់ទាញ នូវចំណាប់អារម្មណ៍ទៅលើចំនួនថ្ងៃ ដែលលោក ម៉ម សូណង់ដូ ដែលត្រូវបានជាប់ពន្ធនាគារ ដោយអយុ ត្តិធម៌។ ប្រតិទិនយុត្តិធម៌ នឹងដាក់បង្ហាញ នៅខាងមុខការិយាល័យ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយក៏អំពាវនាវ ឲ្យបណ្តាអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ចូលរួមក្នុងយុទ្ធនាការ នេះជាសាធារណៈ។
លោក សួន ប៊ុនធឿន មន្ត្រីសម្របសម្រួលគម្រោង អ្នកការពារសិទ្ធិមនុស្សនៃ មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា បានបញ្ជាក់ពីការ ធ្វើសន្និសីទសារព័ត៌មានថា ដើម្បីបង្ហាញសាធារណៈជនឲ្យបាន ដឹងថា រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួនប្រាំមួយខែ ស្មើនឹង ១៨៦ថ្ងៃ។ សន្និសីទនេះក៏នឹងប្រកាស ពីការប្រកួតរចនាម៉ូដប័ណ្ណប្រៃណីយ៍(កាតប៉ុស្តាល់) ឬខិត្តប័ណ្ណ ដែលនឹង បើកចំហជាសាធារណៈ។ លោកបន្តថានៅថ្ងៃទី៣១ ខែមករា ខាងមុខ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងជ្រើសរើសប័ណ្ណ ដែល ស្អាតបំផុតចំនួន«៣សន្លឹក» បន្ទាប់មក នឹងបោះពុម្ព សម្រាប់ ចែកជូនទៅសាធារណជន ដែលគាំទ្រលោក ម៉ម សូណង់ដូ។
មន្ត្រីសម្របសម្រួលរូបនេះ បន្តថា ការរៀបចំនេះក៏ជាសារដើម្បី លើកទឹកចិត្តទៅអោយ លោក ម៉ម សូណង់ដូ នៅឯពន្ធនាគារផងដែរ។
សូមរម្លឹកថា លោក ម៉ម សូណង់ដូ ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ពីបទ «បង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាលកម្ពុជា» ពាក់ពន្ធ័ នឹងជម្លោះដីធ្លី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងវ័យ៧១ឆ្នាំ ប្រធានវិទ្យុសំបុកឃ្មុំរូបនេះ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ សាលាឧទ្ធរណ៍ ក៏បានច្រានចោលការ ស្នើរសុំនៅក្រៅឃុំរបស់លោក ហើយតម្កល់សាលក្រម សាលាដំបូង រាជធានីភ្នំពេញ ទុកជាបានការ។ ប៉ុន្តេការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ២០ឆ្នាំ របស់សាលាដំបូងនោះ នៅមិនទាន់បានសាលាឧទ្ធរណ៍ លើកយកមកពិភាក្សា និងជំនុំជម្រះនៅឡើយ។
ទាក់ទងនឹងការផ្តន្ទាទោស លោក ម៉ម សូណង់ដូ ពីសំណាក់តុលាការទាំងពីរថ្នាក់ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញ សេចក្តីថ្លែងការណ៍ថ្កោលទោសថា «តុលាការមិនឯករាជ្យ» ។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១០ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ