នី ចរិយា៖ ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​សៀមរាប ចាប់​ពលរដ្ឋ​«ឃុំ»ទាំង​គ្មាន​បទ​ល្មើស

បន្ទាប់ពីបានសុំដីអភិវឌ្ឍន៍ ក្នុងភូមិ«រលំរន្ធថ្មី»រួច សហគមន៍តាខ្មៅ អភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្មអភិវឌ្ឍន៍ របស់វៀតណាម បាន​ឈូសឆាយដី ប៉ះពាល់ដល់ផលដំណាំ អ្នកស្រុកក្នុងភូមិ«ជប់រំដេង» និងបន្ទាប់មក បានប្តឹងម្ខាស់ដី ឲ្យតុលាការចាប់ឃុំខ្លួន។ តែ​ពលរដ្ឋ​ខ្មែរជាម្ចាស់ដីវិញ មិនបានប្រព្រឹត្តិបទល្មើសអ្វី ក្រៅពីដាំដុះច្បារដំណាំ របស់ខ្លួនឡើយ តែបែរជារងការចាប់ខ្លួន ព្រោះ​បទ​ល្មើស​«ជាក់​ស្ដែង»​ទៅ​វិញ។ នេះបើតាមការអះអាង របស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស លោក នី ចរិយា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២០ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 22, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចរិយា បានលើកមកបង្ហាញ នូចំណុច​មួយ​ចំនួន ដែលសមាគមលោក បានធ្វើការស៊ើបអង្កេត និងរកឃើញថា បុគ្គលចៅក្រម និងព្រះរាជអាជ្ញារង បានអនុវត្តការងារ និងតួនាទីរបស់ខ្លួន មានភាពមិនប្រក្រតី ពាក់ព័ន្ធនឹង សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម(TCIDA) របស់​វៀតណាម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោក នី ចរិយា បានរៀបរាប់ថា ក្រោយទទួលពាក្យបណ្តឹង របស់សហគមន៍វៀតណាម ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំង ចុះចាប់ប្រជាពលរដ្ឋ ក្រោមហេតុផលថា ឈរលើគោលការណ៍ ស្នើរបស់អាជ្ញាធរខេត្ត ខ្លាចកើតមានអំពើហិង្សា និងឃើញប្រជាពលរដ្ឋ កំពុងឈូសឆាយដី និងគាស់ដំឡូង លើដីរបស់ខ្លួន ដែលធ្វើឲ្យលោក​ព្រះ​រាជអាជ្ញាម្នាក់នោះ ចាត់ទុកថា នោះជាបទល្មើសជាក់ស្តែង ដែលត្រូវចាប់ខ្លួន។ ប្រជាពលរដ្ឋចំនួនពីរនាក់ ត្រូវបានចាប់ខ្លួន និងបន្ទាប់មក យកទៅឃុំខ្លួន ក្នុងពន្ធនាគារតែម្តង។

ព្រះរាជអាជ្ញា នៅសៀមរាប ចេះទាយ?

លោក នី ចរិយា បានថ្លែងដោយយោងតាម សេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូង ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០១៥ ថាករណី ដែលព្រះរាជអាជ្ញារង បាននឹងកំពុងធ្វើនេះ បានផ្ទុយនឹងមាត្រា៨៦ នៃនីតិវិធី​ព្រហ្មទណ្ឌ ដែលនិយាយពីបទល្មើសជាក់ស្តែង។ លោកថា បទលើសនេះ អាចនិយាយបាន ក្នុងពេលកំពុងកើតហេតុ ឬ​បន្ទាប់ ពីកើតហេតុភ្លាមៗ តែមិនអាចនិយាយថា ជា«បទល្មើស» ទេ បើរឿងហេតុ មិនទាន់កើតមាន នៅឡើយនោះ។

មន្រ្តីសិទ្ធិមនុស្សរូបនេះ បានលើកឡើងថា ក្រៅពីការដាក់ពាក្យបណ្តឹង របស់សមាគមអាដហុក ទៅកាន់ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមនាថ្ងៃទី២០ ខែឧសភា ប្តឹងពីព្រះរាជអាជ្ញារង និងចៅក្រមសាលាដំបូង ខេត្តសៀមរាបនេះ លោកក៏ឆ្លើយ​តប ទៅនឹងសេចក្តីថ្លែងការណ៍ ជាសាធារណៈ របស់អយ្យការអមសាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៥កន្លងមកនេះដែរ។

តបទៅនឹងសេចក្ដីថ្លែងការណ៍នោះ លោក នី ចរិយា បានលើកមកបញ្ជាក់ត្រួសៗ នូវចំណុចខុសឆ្គង របស់បុគ្គល​ព្រះ​រាជ​អាជ្ញារង និងចៅក្រមនោះ ដែលជំរុញឲ្យសមាគម អាដហុក ឈានដល់ការប្តឹងបុគ្គលទាំងនេះ ទៅកាន់ឧត្ដមក្រុមប្រឹក្សា នៃ​អង្គចៅក្រម ដោយឈរលើ គោលការណ៍ច្បាប់ និងភស្តុតាង ដែលរួមមាន ដូចជាទីតាំងដី ដែលសាលាខេត្ត បានផ្តល់​ឲ្យ​សហគមន៍តាខ្មៅ អភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម ស្ថិតក្នុងទីតាំងមួយផ្សេង និងឆ្ងាយពីទីតាំងដីទំនាស់ របស់ប្រជា​ពលរដ្ឋ ដែលមិនស្ថិតក្នុង ភូមិជប់រំដេងទេ ហើយក៏គ្មាន ក្នុងកម្មវត្ថុនៃបណ្តឹងដែរ។

ដីពលរដ្ឋ និងដីគ្រប់គ្រងដោយសហគមន៍វៀតណាម ស្ថិតនៅខុសគ្នា

លោកបានរំលឹកថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ សាលាខេត្តសៀមរាប បានចេញ ស.ជ.ណ មិនអនុញ្ញាត ឲ្យ​សហគមន៍​តាខ្មៅ (របស់វៀតណាម) ធ្វើសកម្មភាព ក្នុងទឹកដីខេត្តសៀមរាបទេ។ រួមទាំងដី ចំនួន៤១៩ ហិកតា ដែលបាន​ប្រគល់ឲ្យកន្លងមក ក៏មិនអនុញ្ញាតឲ្យបន្តធ្វើដែរ ព្រោះតែសហគមន៍វៀតណាមមួយនេះ គ្មានឯកសារតាមផ្លូវច្បាប់ ក្នុង​ការ​បញ្ជាក់ ឬសំគាល់ជាដី ដែលខ្លួនត្រូវគ្រប់គ្រងនោះឡើយ។ ឯទីតាំងដី ដែលស្នើសុំ៤១៩ ហិកតានោះ ត្រូវបានថ្លោះសិទ្ធិ ខណៈ​ដី ដែលសហគមន៍កំពុងគ្រប់គ្រង ក្នុងពេលបច្ចុប្បន្ន ក៏មានទីតាំងផ្សេង ពីគ្នាដែរ (ពីដីស្នើសុំ)។

ដូច្នេះ ការដឹកនាំកម្លាំងសមត្ថកិច្ច កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ដោយព្រះរាជអាជ្ញារង ដែលបានចុះទៅចាប់ខ្លួន ប្រជា​ពលរដ្ឋក្នុងភូមិជប់រំដេង មិនបានធ្វើឡើង ក្នុងក្របខណ្ឌដី ដែលជាទីតាំងដីរបស់ សហគមន៍វៀតណាមនោះ ទទួលបាន​ពី​សាលាខេត្ត ក្នុងឆ្នាំ២០១២ នោះឡើយ។

មន្រ្តីសង្គមស៊ីវិលរូបនេះ បានបន្តថា ទាំងក្នុងភូមិជុបរំដេង និងភូមិរលំរន្ធថ្មី សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និង​ឧស្សាហកម្ម គ្មានសិទ្ធិសោះឡើយ ក្នុងការគ្រប់គ្រងលើដីទាំងពីរនេះ។ លោកបានបង្ហាញ តាមសេចក្តីថ្លែងការណ៍ ជា​សាធារណៈ របស់អយ្យការអមសាលាដំបូង ខេត្តសៀមរាប ក៏បានអះអាងទទួលស្គាល់ថា ដីរបស់សហគមន៍តាខ្មៅ បាន​ទទួល​ដីក្នុងភូមិរលំរន្ធថ្មីនោះ ក៏មានទីតាំងផ្សេងឆ្ងាយ ពីដីទំនាស់របស់ប្រជាពលរដ្ឋ ក្នុងភូមិជប់រំដេងដែរ ។

រំលឹកអង្គហេតុមុននេះបន្តិច...

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ លោក នី ចរិយា ដែលតំណាងឲ្យសមាគមអាដហុក បាន​ធ្វើការ​រិះគន់ខ្លាំងៗ ទៅលើបុគ្គលព្រះរាជអាជ្ញារង និងចៅក្រមស៊ើបអង្កេត របស់សាលាដំបូងខេត្តសៀមរាប ថាបាន​ឃុំ​ខ្លួន​អ្នកភូមិជប់រំដេងពីរនាក់ ដែលមានទំនាស់ដីធ្លី ជាមួយសហគមន៍វៀតណាម ថាជាការរំលោភសិទ្ធិ និងមិនស្របច្បាប់។

ប៉ុន្តែភ្លាមៗ ក្រោយការរិះគន់នេះ ក្នុងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ អយ្យការអមសាលាដំបូង ខេត្តសៀមរាប ក៏បានចេញ​សេចក្ដីថ្លែងការណ៍មួយ ប្រតិកម្មតប ទៅនឹងការរិះគន់ របស់សមាគមអាដហុកវិញ ដោយចាត់បានទុកលើកឡើងទាំងនេះ ថាជាការ«លាបពណ៌»។ សេចក្តីថ្លែងការណ៏នោះ បានធ្ចើការរំលឹកថា ប្រជាពលរដ្ឋចំនួនពីរនាក់ ដែលបានចាប់ខ្លួន និង​ឃុំ​ខ្លួនកាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៥ ឈ្មោះ បឿន សុខ និងឈ្មោះ វ៉ែន ឡន នោះ ដោយសំអាងទៅលើ គតិច្បាប់​សុទ្ធ​សាធ ដើម្បីប្រយោជន៍សាធារណៈ ប្រយោជន៍សង្គម និងពង្រឹងនីតិរដ្ឋនៅកម្ពុជា បញ្ជៀសអំពើហិង្សាជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...