ចម្រៀងមនោសញ្ចេតនាថ្មីរបស់ អីវ៉ា ធ្វើឲ្យរំភើបចិត្ត? (vdo)
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២០ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 22, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើបទចម្រៀង របស់កញ្ញា អ៊ីវ៉ា មួយបទនេះ មានយុរវ័យប៉ុន្មាននាក់ បានលើកសរសើរ? ហើយមានប៉ុន្មាននាក់ទៀត ដែលរិះគន់?
ចម្រៀង ដែលទើបនឹងចេញផ្សាយនេះ មានចំណងជើងថា៖ «មានអ្វីៗ មិនស្មើមានបង»។ ដោយសារចម្រៀងនេះ ជាលំនាំបទភ្លេងចាស់ តែទំនុកនិពន្ធ និងអត្ថន័យថ្មី ទើបមានចំណុចពីរ លើកឡើងនៅក្បែរគ្នា ចេញពីមាត់អ្នកទស្សនា។ ចូលរួមផ្តល់យោបល់ ទៅកាន់តារាចម្រៀង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទស្សនិកជនខ្លះ បានលើកឡើងថា៖ «មានន័យណាស់ វាត្រូវសាច់រឿងខ្ញុំ ដូចអារម្មណ៍ពិតៗចឹង» ខណៈម្នាក់ទៀត បានសរសេរឡើង ស្រដៀងគ្នាដែរថា៖ «ពិរោះណាស់ ខ្ញុំពេញចិត្ត»។
ផ្ទុយទៅវិញ អ្នកផ្សេងទៀត បានលើកឡើង ខុសពីនេះថា វាមិនមានអ្វីថ្មីនោះទេ គឺជាទំនុកបទភ្លេងចាស់ ដែលធ្លាប់បានចេញ នៅក្នុងផលិតកម្មរស្មីហង្សមាស រួចហើយ គឺបទ«ពេលវាលា» របស់លោក ណុប ប៉ាយារិទ្ធ និងកញ្ញា សុគន្ធ នីហ្សា។ ម្យ៉ាងទៀត អ្នកខ្លះបានសរសេររៀបរាប់ថា ជាទំនុករបស់បទចម្រៀងចិន មួយបទផងដែរ។
អ្នកទាំងនោះ ចង់បញ្ជាក់ថា អ្នកចម្រៀងនៅក្នុងស្រុក មិនបានបង្កើតអ្វីថ្មី ដោយខ្លួនឯងនោះទេ ហើយព្យាយាមកែច្នៃ តែរបស់ណា ដែលមានស្រាប់ មិនខ្វល់ពីអ្វីជារបស់ដើមឡើយ។ ក្រុមអ្នករិះគន់ទាំងនោះ បានសរសេរឡើងថា៖ «ច្រៀងបទនេះ លំនាំភ្លេងចាស់ហ្នឹង»។ អ្នកខ្លះបានសរសេរថា៖ «មូលហេតុអ្វី ទើបតារាចម្រៀងខ្មែរ ច្រៀងបទចាស់ រហូតអញ្ចឹង ឥលូវ?»។
យ៉ាងណាក៏ដោយ ក៏មានយុវវ័យខ្លះ បានដក់អារម្មណ៍ជាប់ នៅជាមួយបទចម្រៀងមួយនេះ របស់កញ្ញា អ៊ីវ៉ា ដែរ។ យុវវ័យមួយចំនួនថា៖ «ពិតជាពិរោះណាស់ ហើយមានន័យទៀត» ទាំងនេះជាពាក្យសម្តី របស់ក្រុមអ្នកចូលចិត្តនិងរំភើបចិត្ត ពេលបានឮបទនេះដំបូង ដែលម្ចាស់បទ បានបង្ហើរសូរសៀង នៅក្នុងស្ថានិយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ៕
» សូមតាមដានចម្រៀងខាងក្រោម ដែលបកស្រាយមុន ដោយផលិតកម្មហង្សមាស និចម្រៀងដើមរបស់តារាចម្រៀងចិន៖