ក្រុម​គ្រួសារ​ជន​រង​គ្រោះ នៅ​ខេត្ត​ស្វាយ​រៀង បារម្ភ​ខ្លាច​ជន​បង្ក​ត្រូវ​ដោះ​លែង

បន្ទាប់ពីជួបឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងខេត្តស្វាយរៀងហើយ ក្រុម​គ្រួសារ នៃអ្នករងរបួស និងអ្នកស្លាប់ជាច្រើននាក់នោះ បានសម្ដែងក្ដីបារម្ភថា តៃកុងឡានក្រុង ដែលជាអ្នកបង្កជាតិយួន អាច​នឹង​រួច​ខ្លួន ដោយ​គ្មានទោស។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 22, 2015
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការព្រួយបារម្ភ របស់ក្រុមគ្រួសារ នៃជនរងគ្រោះរបួស និងស្លាប់នេះ បានកើតឡើង ខណៈមានអ្នកស្និទ្ធ នឹងស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀងម្នាក់ បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួន បុរសជនជាតិយួន ជាអ្នកបើកបរ​រថយន្តក្រុង របស់ក្រុមហ៊ុនវៀតណាម15SH ដែលបើកក្នុងល្បឿនលឿន ជែងជ្រុលទៅបុកពេញទំហឹង លើ​រថយន្តដឹក​កម្មករ កម្មការិនីខ្មែរនោះ គឺមានក្រុមហ៊ុនធានារ៉ាប់រងមួយ ដែលគេមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ មកទាក់ទងធានា រត់ការឲ្យបាន ស្ថិតនៅក្រៅការឃុំភ្លាមៗ ទោះបីបុរសជាអ្នកបើកបរយានជំនិះ ជនជាតិវៀតណាមរូបនេះ បើកបរមិន​ប្រុង​ប្រយ័ត្ន ធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់មានមនុស្សស្លាប់ និងរងរបួស ច្រើននាក់ក៏ដោយ។

តៃកុងរថយន្ដក្រុងខាងលើ ត្រូវបានគេឲ្យដឹងថា ឈ្មោះ ង្វៀង វ៉ាន់ទឹង ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិវៀតណាម មាន​ទីលំនៅខេត្តវិនឡុង ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោក ង្វៀង វ៉ាន់ទឹង ជាអ្នកបើកឡានក្រុង របស់ក្រុមហ៊ុន​វៀតណាម 15SH នាំភ្ញៀវទេសចរណ៍ពីភ្នំពេញ ទៅវៀតណាម និងវៀតណាម មកភ្នំពេញ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង វេលាម៉ោងជិត ៧ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ នៅពេលឡាន​ក្រុង​ខាង​លើ ត្រឡប់ពីវៀតណាមវិញ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង។ របាយការណ៍របស់អាជ្ញាធរ បានសរសេរថា រថយន្ដក្រុង របស់ក្រុមហ៊ុនវៀតណាម 15SH (មានទីតាំង នៅ​ជាប់​របងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ) បានបើកបរ ក្នុងល្បឿនលឿន និងវ៉ាជែង ទៅចំណែកផ្លូវ របស់​ឡាន​ដឹកកម្មករ បានបុកឡានតូរ៉ិស ដឹកកម្មករពេញទំហឹង បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ នៅក្នុងឡាន។

រហូតមកទល់ពេលនេះ បើតាមបញ្ជីស្រង់ជនរងគ្រោះទាំងអស់ នៅក្នុងហេតុការណ៍ដ៏តក់ស្លុតនេះ សរុប២៦នាក់ ប្រុស​៦នាក់ ស្រី២០នាក់ ក្នុងនោះស្លាប់១៨នាក់ រងរបួសធ្ងន់៨នាក់។ អ្នកស្លាប់១៨នាក់នោះ មានស្រី ១៦នាក់ ប្រុស២នាក់ ដែល​បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារ យកសាកសពទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរៀងខ្លួនៗ អ្នកទាំងនោះ រស់នៅពីរភូមិ ក្នុង​ឃុំ​ពោធ៍រាជគឺ ភូមិព្រៃខ្លា និងភូមិតាមុំ ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។


ជនបង្ក និងបញ្ជីជនរងគ្រោះ។ (រូបថត monoROOM.info/ H. Vuthy)

ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកត្រង់ មាត្រា៧២ និងមាត្រា៨៥ ចំណុចគ ដែលប្រកាសឲ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥បានចែងថា៖«អ្នកបើកបរ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះ​បទល្មើស ដែលខ្លួនបានប្រព្រឹត្ត ក្នុងការបើកបរយានជំនិះ។ អ្នកគ្រប់គ្រង ត្រូវទទួលខុស ត្រូវផ្នែករដ្ឋប្បវេណី ក្នុងករណី​យាន​ជំនិះរបស់ខ្លួន បានបង្ក ឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។ ជនណាបើកបរ ដោយធ្វេសប្រហែស មិនប្រុងប្រយ័ត ឬមិន​គោរពកាតព្វកិច្ច ដែលបទប្បញ្ញតិ្ត ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បានបង្ករឲ្យ អ្នកដទៃស្លាប់ច្រើននាក់ ត្រូវផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី១០លានរៀលទៅ២៥លានរៀល។» បើយោងតាមច្បាប់នេះ ក្តីបារម្ភរបស់​ក្រុមគ្រួសារសព និងអ្នករបួសជាច្រើននាក់ គឺជារឿងត្រឹមត្រូវ ទោះជាបុគ្គលនោះ មានក្រុមមានអ្នកធានាក៏ដោយ។

ស្របពេលគ្នានេះដែរ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបង្ហាញអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារកម្មករទាំងអស់ ដែលបានជួបឧប្បត្តិហេតុផងដែរ។ ការចូលរួមរំលែកមរណទុក្ខ របស់នាយករដ្ឋមន្ត្រី បានធ្វើឡើងភ្លាមៗ ខណៈដែលលោកកំពុងថ្លែង សុន្ទរកថា ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...