«K01 អាចជាប់ពន្ធនាគារ ព្រោះបង្កភាពវឹកវរដល់សង្គម»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 22, 2017
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
និពន្ធនាយក អង្គភាពសារព័ត៌មានកម្លាំងមនុស្សធម៌ លោក ឃឿន សុឡា ហៅ «K01» និងក្រុមការងារ អាចនឹងមានបញ្ហាធ្ងន់ធ្ងរ ប្រសិនបើក្រុមរបស់លោកមិនបញ្ឈប់សកម្មភាព ដែលអាជ្ញាធរចាត់ទុកថា ជាការ«បង្កភាពរញ៉េរញ៉ៃ អនាធិបតេយ្យ និងមិនព្រមសហការ» ជាមួយអាជ្ញាធរ។ គេហទំព័ររបស់នគរបាលជាតិ បានស្រង់សំដី របស់លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលរាជធានី មកសរសេរថា លោកនឹងបញ្ជាទៅគ្រប់បណ្ដាខណ្ឌ ទាំង១២ នៅក្នុងរាជធានីភ្នំពេញ ឲ្យត្រួតពិនិត្យចំពោះទង្វើ របស់ក្រុមការងារ «K01»។
នៅក្នុងអត្ថបទរបស់ខ្លួន ដែលមានចំណងជើង «សមត្ថកិច្ចនឹងមានវិធានការ ចំពោះ K01 បើនៅតែបង្កភាពរញ៉េរញ៉ៃលើដងផ្លូវ» គេហទំព័រដដែល បានលើកមកបញ្ជាក់ នូវមាត្រាមួយចំនួន នៃច្បាប់ចរាចរណ៍ជើងគោក និងច្បាប់ក្រមព្រហ្មទណ្ឌ ដែលអាចឲ្យគេដឹងថា សមាជិកក្រុមរបស់លោក ឃឿន សុឡា អាចនឹងមានទោស រហូតជាប់ពន្ធនាគារ ប្រសិនជានៅតែបន្តសកម្មភាព ចាប់ឃាត់យានយន្ដ នៅតាមដងផ្លូវសាធារណៈតទៅទៀត។ សកម្មភាព ដែលអត្ថបទនោះ ហៅថា ជាការ«សម្ញែង»ខ្លួនឯង ថាជាក្រុមសកម្មបំផុត ក្នុងសង្គម។
គេហទំព័រ បានសរសេរថា៖
តាមច្បាប់ចរាចរណ៍ជើងគោក ក្នុងជំពូកទី៩ មាត្រា៦០ ស្តីពីសមត្ថកិច្ច និងសិទ្ធិអំណាច របស់មន្ត្រីអនុវន្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា៖ «មន្ត្រីអនុវន្តច្បាប់ចរាចរណ៍ផ្លូវគោក រួមមាន ១- មន្ត្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូន, ២-អង្គភាពនគរបាល ឬកងកម្លាំងអាវុធហត្ថ ដែលទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព និងចាត់ចែងចរាចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ល្អ, តាមដាន ល្បាត និងពិនិត្យអំពើល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍ផ្ទាល់ ឬដោយឧបរណ៍បច្ចេកទេស, ធ្វើរបាយការណ៍ ស្តីពីសភាពការណ៍សណ្តាប់ធ្នាប់ចរាចរណ៍ បទល្មើសចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង»។
ចំណែកក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៦០៩ បានចែងអំពីការជ្រៀតជ្រែក ក្នុងមុខងារសាធារណៈ ថា៖ «បទជ្រៀតជ្រែក ដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារសាធារណៈ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅប្រាំមួយលានរៀល អំពីជ្រៀងជ្រែក ដោយខុសច្បាប់ ក្នុងការអនុវត្តមុខងារសាធារណៈណាមួយ ដោយបំពេញកិច្ចណាមួយ ក្នុងចំណោមកិច្ចទាំងឡាយ ដែលសម្រាប់តែអ្នកមានសិទ្ធិ ក្នុងមុខងារនេះ»។
រីឯមាត្រា៦១០ នៃក្រមព្រហ្មទណ្ឌនេះ បានចែងថា៖ «បទធ្វើសកម្មភាព បង្កើតឲ្យមានការយល់ច្រឡំ ជាមួយការបំពេញ មុខងារសាធារណៈ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពីមួយខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់មួយសែនរៀល ទៅពីរលានរៀល បុគ្គលដែលធ្វើសកម្មភាព នៅក្នុងលក្ខខណ្ឌ ដែលអាចនាំឲ្យសាធារណៈជនយល់ច្រឡំ ថាជាការបំពេញមុខងារសាធារណៈ»។
សកម្មភាព ដែលនាំឲ្យ«ខូច»រូបភាព របស់រដ្ឋាភិបាល...
គេហទំព័រ បានសរសេររៀបរាប់ដាក់បន្ទុក លើក្រុមលោក «K01» ថា៖ «យោងតាមច្បាប់ចរាចរណ៍ គ្មានជនស៊ីវិលណាម្នាក់ អាចធ្វើការរបស់មន្ត្រីនគរបាល ដែលត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវ ទាំងផ្លូវច្បាប់ និងចិត្តសាស្ត្រ។ ដូច្នេះសកម្មភាពរបស់ក្រុម KO1 ដែលជាជនស៊ីវិលធម្មតា មិនមានសិទ្ធិធ្វើកិច្ចការ ផ្នែកចរាចរណ៍ឡើយ ហើយក៏គ្មានសិទ្ធិហាមឃាត់ ឬរារាំងអ្នកធ្វើដំណើរដទៃទៀតឡើយ។ ទង្វើដែលធ្វើខុសគោលការច្បាប់ របស់ក្រុម KO1 អាចមានទោស ប្រសិនបើយកច្បាប់មកអនុវត្ត។»។
អត្ថបទរបស់គេហទំព័រនគរបាលជាតិ បានសរសេរព្រមានបន្តថា៖ «ចំណែកទង្វើរំលោភបំពានសិទ្ធិ មន្ត្រីសាធារណៈ ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ ដូចរៀបរាប់ខាងលើ [ក្រុម] KO1 មិនអាចរួចខ្លួន ពីការជាប់ពន្ធនាគារឡើយ ព្រោះអំពើរបស់ពួកគេ នាំឲ្យខូចផលប្រយោជន៍ច្បាប់ និងបង្កភាពវឹកវរក្នុងសង្គម ព្រោះវានាំអ្នកដទៃទៀតយល់ដោយភាន់ច្រឡំថា រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ខាន ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋ និងគ្រប់គ្រងសណ្ដាប់ធ្នាប់ ក្នុងសង្គម។»៕