ផ្សឹកនិងឃុំព្រះសង្ឃ១អង្គ ពីបទដឹកជញ្ជូន-កាន់កាប់អាវុធ«ជ័រ»?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 22, 2017
- ប្រធានបទ: សិទ្ធិ-ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីត្រូវបានចាប់ផ្សឹក ដោយបង្ខំ កាលពីម្សិលម៉ិញរួច ព្រះសង្ឃ ហន សុផាន្នី សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យមួយអង្គ ព្រះជន្ម២៤វស្សា ត្រូវបានលោក លី សុខា ចៅក្រមស៊ើបអង្កេត ចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត នៅរសៀលថ្ងៃទី២២ ខែមិថុនានេះ។ ការឃុំព្រះកាយព្រះសង្ឃ បានធ្វើឡើង ក្រោមការចោទប្រកាន់ ពីបទដឹកជញ្ជូន - កាន់អាវុធដោយខុសច្បាប់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ។
តែសម្រាប់បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម វិញ បានច្រានចោលការចោទប្រកាន់នោះ និងបានបកស្រាយថា អាវុធនោះគ្រាន់តែជាអាវុធ«ជ័រ» សម្រាប់ក្មេងលេងប៉ុណ្ណោះ។ សមាជិកព្រះសង្ឃប្រមាណ ៣០អង្គ របស់ចលនានេះ បានប្រមូលផ្ដុំគ្នា នៅមុខសាលាដំបូងខេត្តបាត់ដំបង តាំងពីព្រឹករហូតដល់រសៀលថ្ងៃនេះដដែល ដើម្បីទាមទារ ឲ្យតុលាការដោះលែង សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យអង្គនេះវិញ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ មានថេរដីកានៅខាងមុខសាលាដំបូងថា ព្រះសង្ឃ ហន សុផាន្នី មិនដល់ថ្នាក់មានទោសកំហុស ដល់ថ្នាក់ត្រូវជាប់ពន្ធនាគារទេ ព្រោះវត្ថុតាង ដែលព្រះអង្គបង្ហោះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីខែមីនា កន្លង ទៅ គឺជាកាំភ្លើងជ័ររបស់ក្មេងលេង ដែលពុំមែនជាអាវុធពិតនោះឡើយ។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ក៏បានថតរូបកាំភ្លើងនោះ ដាក់បង្ហោះនៅលើគណនេយ្យហ្វេសប៊ុក របស់ព្រះអង្គដែរ។
ការចោទប្រកាន់ ពីសំណាក់អាជ្ញាធរ និងតុលាការ ទំនងជាត្រូវបានធ្វើឡើង ទៅលើការបង្ហោះមួយ របស់គណនេយ្យហ្វេសប៊ុក ឈ្មោះ «Sophanny Horn (មិនមែន Horn Sophanny ទេ)» បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយនឹងពាក្យពេជន៍លេងសើច ឌឺដងប៉ុន្មានឃ្លា កាលពីប៉ុន្មានខែមុន។ ពាក្យពេជន៍ ក្នុងឯកសារ «PrintScreen» នៃការបង្ហោះនោះ ដែលត្រូវបានក្រុមអ្នកប្រើប្រាស់ បណ្ដាញសង្គមចែករំលែកតៗគ្នា មានសេចក្ដីថា៖ «ជាវកាំភ្លើងបានមួយដើម ទុកការពារចោរប្លន់ ដូចនៅស្រុកឆ្លូញ ខេត្តក្រចេះ។ អាត្ថាអត់មានទំនុកចិត្ត លើពួកមន្ត្រីអាជ្ញាធរមូលដ្ឋានទេ ជាពិសេសពួកប្រជាការពារ ដែលបានចេញគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។ ទិញកាំភ្លើងមួយដើម ទុកការពារ ក្រែងស៊ុនអ៊ូសែន ប្រកាសសង្គ្រាមពេលបោះឆ្នោតហើយ ២០១៨។ ណាមួយប្រទេសមហាអំណាច កំពុងអួតអាវុធដាក់គ្នាផង។ ហាសហា...»។
ជុំវិញបទឧក្រិដ្ឋ«បង្កការញុះញង់» ត្រូវបានលោក សុខ សំអឿន អ្នកជំនាញច្បាប់មួយរូប អះអាងថា អាចចាត់ទុកជាការ«ញុះញង់»បាន លុះត្រាតែការញុះញង់នោះ ឲ្យប្រព្រឹត្តនូវបទឧក្រិដ្ឋជាក់លាក់ណាមួយ នៅតាមទីសាធារណៈ ឬផ្សព្វផ្សាយជាសាធារណៈ។ អ្នកច្បាប់រូបនេះ បានថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីពេលកន្លងមកថា ជនល្មើសដែលត្រូវបានចាត់ទុកថាបង្កការញុះញង់ មិនចាំបាច់ជាមនុស្ស ដែលមានឥទ្ធិពល ឬគ្មាននោះទេ តែអ្វីដែលចាំបាច់នោះ ត្រូវរកឲ្យឃើញនូវអំពើរបស់គាត់ ថាតើគាត់ធ្វើការញុះញង់ត្រឹមកំរិតណា គាត់និយាយអ្វី? តើការលើកឡើងរបស់គាត់នោះ មានប៉ះពាល់ដល់សន្តិសុខជាតិ ឬច្បាប់រដ្ឋកំណត់ដែរឬទេ?
» អត្ថបទដែលទាក់ទង៖ សម្ភាស សុខ សំអឿន៖ ពីរចំណុចដើម្បីក្លាយជា«ការញុះញង់»
យ៉ាងណា ចំពោះករណីព្រះសង្ឃ ហន សុផាន្នី ត្រូវបានបណ្ដាញព្រះសង្ឃអះអាងថា ជារឿងអយុត្តិធម៌ មិនអាចទទួលយកបាន ហើយថានឹងនិមន្ត ស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ នៅថ្ងៃមុខបន្តទៀត៕