សកម្មជន​​គាំទ្រ CNRP ម្នាក់​ថា កញ្ចក់​រថយន្ដ​ខ្លួន​ត្រូវ​ជន​អនាមិក​វាយ​បំបែក

លោក ស៊ន តារា ដែលគេស្គាល់ថា ជាសកម្មជនគាំទ្រ​គណបក្សសង្គ្រោះជាតិ ដ៏លេចធ្លោមួយរូប បាន​អះអាង​ថា កញ្ចក់​ទ្វារ​ថយន្ដ​របស់​លោក ត្រូវបានជនមិនស្គាល់មុខ ដែលជិះម៉ូតូមកក្បែរវាយបំបែក នៅព្រឹកម៉ិញនេះ ខណៈ​ពេល​លោក​បើក​ពី​ផ្ទះ ឆ្ពោះ​មក​កាន់​ទីស្នាក់ការ​គណបក្ស។
សកម្មជន​​គាំទ្រ CNRP ម្នាក់​ថា កញ្ចក់​រថយន្ដ​ខ្លួន​ត្រូវ​ជន​អនាមិក​វាយ​បំបែក
លោក ស៊ន តារា បង្ហាញពីកញ្ចក់រថយន្ដក្រោយ ផ្នែកខាងស្ដាំរបស់លោក ដែលត្រូវបានវាយបំបែក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 10, 2016
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថតជាច្រើនសន្លឹក បង្ហាញពីការបែកធ្លាយ​កញ្ចក់រថយន្ដ​ ត្រូវបានបង្ហោះ នៅលើគណនីហ្វេសប៊ុក របស់​លោក ស៊ន តារា នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ជាមួយនឹងសំណេរប្រាប់ឲ្យដឹងដូច្នេះថា៖ «វេលាម៉ោង៩ និង​៤៥នាទី​នេះ មានជនមិនស្គាល់មុខ ជិះតាមអែបខ្ញុំ (រួច)"វ៉ៃ"កញ្ចក់ឡានខ្ញុំ (មុននឹង)គេចខ្លួនបាត់»។

លោក ស៊ន តារា ដែលគេស្គាល់ថា ជាសកម្មជន​គាំទ្រគណបក្សសង្គ្រោះជាតិ ដ៏លេចធ្លោ​មួយរូប បានអះអាង​បន្ថែម នៅក្នុងវីដេអូមួយ (ខាងក្រោម) ថាហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្ដាយផ្លូវលេខ៣៧១ ក្នុង​សង្កាត់ ផ្សាដើមថ្កូវ ខណ្ឌចំការមន នៅខណៈ​ពេលលោក បើករថយន្ដចេញពីផ្ទះ ឆ្ពោះមកកាន់ទីស្នាក់ការ​គណបក្ស។ ពេលមកដល់​ចំណុច​កើតហេតុ ជនដៃដល់បានជិះម៉ូតូ មកអែបក្បែររថយន្ដលោក ហើយទំនងជា​បាន​ប្រើ​ដែករឹង​ ឬកាំភ្លើង ក្នុងការវាយបំបែក​​កញ្ចក់​រថយន្ដ របស់​លោក។

សកម្មជនគណបក្សប្រឆាំងរូបនេះ ចាត់ទុកទង្វើនេះ ជាការគម្រាមកំហែងមួយដ៏ធ្ងន់ធ្ងរ ទៅលើអាយុ​ជីវិត​របស់​លោក។ ប៉ុន្តែលោកមិនបានបញ្ជាក់ ពីភិនភាគរបស់ជនមិនស្គាល់មុខនោះ ថាមានលក្ខណៈបែបម៉េចនោះទេ ហើយក៏មិនបានអះអាងថា លោកបានដាក់ពាក្យបណ្ដឹង ពីករណីនេះ ទៅកាន់អាជ្ញាធរ​មានសមត្ថកិច្ច ឬ​យ៉ាង​ណា​ដែរ។

លោក ស៊ន តារា ដែលជាសាស្ត្រាចារ្យផ្នែកទស្សនវិជ្ជា តែងធ្វើការសរសេរ ឬថតជាវីដេអូ នូវការវិភាគ​របស់​លោក ហើយយកទៅបង្ហោះ​ផ្សាយ​ជាញឹកញាប់ នៅលើបណ្ដាញសង្គម រិះគន់រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា និងបានអំពាវនាវ ឲ្យមានការផ្លាស់ប្ដូរមួយ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ។ ប៉ុន្តែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនមែនជាទិសដៅតែមួយ នៃការរិះគន់ របស់លោក ស៊ន តារា នោះទេ។ ក្នុងពេលកន្លងមក លោកក៏ធ្លាប់​មាន​ទំនាស់ពាក្យសំដី រហូត​ឡើង​ដល់​តុលាការ ជាមួយនឹង​គណបក្ស​សម្ព័ន្ធ​​ដើម្បី​ប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) របស់លោក ខឹម វាសនា នោះ​ដែរ។

សម្រាប់រឿងរ៉ាវបន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...