ក្ដីក្ដាំលើ កឹម សុខា៖ CNRP ព្រមានធ្វើ«មហាបាតុកម្ម»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 09, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រតិកម្មជាផ្លូវការ ទាក់ទងនឹងសាលក្រម របស់សាលាដំបូងរាជធានី ដែលសម្រេចផ្ដន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល បានធ្លាក់មកដល់ហើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សប្រឆាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូនឹងទទួលបាន នៅមុននេះបន្តិច។
សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិទទួលយកមិនបាន នូវសាលក្រមខាងលើ ហើយនៅតែបន្តការតស៊ូដោយសន្តិវិធី ដើម្បីទាមទារឲ្យទម្លាក់ចោល នូវការចោទប្រកាន់ មកលើ«លោក កឹម សុខា សកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
គណបក្សប្រឆាំងបានចាត់ទុកសាលក្រម របស់សាលាដំបូង ថាធ្វើឡើងក្រោមសម្ពាធនយោបាយ នៃគណបក្សកាន់អំណាច ហើយបានព្រមានថា គណបក្សនឹងប្រើប្រាស់សិទ្ធ «ធ្វើមហាបាតុកម្មដោយអហិង្សា» ប្រសិនណាជាការទាមទារខាងលើ មិនទទួលបានលទ្ធផល។
សេចក្ដីថ្លែងការណ៍ បានសរសេរនៅចុងបញ្ចប់ថា៖ «គណបក្សសង្គ្រោះជាតិ អំពាវនាវដល់ប្រជាជនខ្មែរចូលរួមជាមួយគណបក្ស (...) ដើម្បីការពារសិទ្ធិសេរីភាព របបប្រជាធិបតេយ្យ សេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
គួរបញ្ជាក់ដែរថា តុលាការសាលាដំបូងរាជធានីភ្នំពេញ ទើបនឹងសម្រេចផ្ដន្ទាទោសអនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យជាប់ពន្ធនាគារ ចំនួន៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា ពីបទ«បដិសេធមិនចូលខ្លួន» តាមដីកាកោះរបស់ចៅក្រមស៊ើបសួរ។
កាលពីប៉ុន្មានខែមុន គណបក្សសង្គ្រោះជាតិក៏ធ្លាប់បានព្រមានធ្វើមហាបាតុកម្ម ដូចនេះដែរ តែរហូតមកដល់ថ្ងៃនេះ មហាបាតុកម្មនោះ មិនត្រូវបានពន្លេចឲ្យចេញជារូបរាងទេ។ ក្រុមអ្នកឃ្លាំមើលមួយចំនួន បានសម្ដែងក្ដីទុទិដ្ឋិនិយមថា មហាបាតុកម្មគណបក្សសង្គ្រោះជាតិ ដែលមានទ្រង់ទ្រាយ ដូចកាលពីក្រោយការបោះឆ្នោត ឆ្នាំ២០១៣នោះ ទំនងជាមិនអាចទៅរួចទៀតទេ៕