មរណភាពរបស់អតីតរដ្ឋមន្ត្រី មិន ឃិន បានប្ដូរម៉ោង!

ផ្ទុយពីការលើកឡើង របស់មន្ត្រី​ទទួល​ខុសត្រូវ​ជា​ច្រើន​រូប និងពីសំណាក់​សារព័ត៌មាន ដែលស្និត​នឹង​រដ្ឋាភិបាល​ផង ក្រុម​គ្រួសារ​​របស់​​លោក មិន ឃិន បានចេញមុខមកអះអាងថា អតីតរដ្ឋមន្ត្រី​ក្រសួងធម្មការ និង​សាសនា នៅ​មាន​ជីវិត​​នៅ​ឡើយ។ ប៉ុន្តែ​ដំណឹង​​មរណភាព នៅតែធ្លាក់មកដល់ នៅពេលក្រោយ​មកទៀត ហើយ​លើក​នេះ គឺ​ជា​ដំណឹង​​ផ្លូវការ។
មរណភាពរបស់អតីតរដ្ឋមន្ត្រី មិន ឃិន បានប្ដូរម៉ោង!
លោក មិន ឃិន ក្នុងសម្លៀកបំពាក់មន្ត្រីជាន់ខ្ពស់​របស់ជាតិកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 09, 2016
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងមរណភាព របស់លោក មិន ឃិន ទេសរដ្ឋមន្ត្រី​ទទួល​​បន្ទុក​​បេសកកម្ម​ពិសេស និងជាអតីត​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និងសាសនា មានពីរដំណាក់កាល​ខុសគ្នា ខណៈដំណាក់ទីមួយ ត្រូវ​បាន​ច្រាន​ចោល ដោយ​ក្រុម​គ្រួសារ​របស់លោក មិន ឃិន ដោយផ្ទាល់។

កាលពីថ្ងៃទី៨ ខែកញ្ញាម្សិលម៉ិញ មន្ត្រី​ទទួលខុសត្រូវ​ជាច្រើននាក់ រួមនឹងសារព័ត៌មាន ដែលស្និតនឹង​រដ្ឋាភិបាល​ផង បានអះអាងព្រោងព្រាត ពីមរណភាពរបស់លោក មិន ឃិន ថាបានលាចាកលោក នៅ​វេលា​ម៉ោង​៩ព្រឹក (ម្សិលម៉ិញ)។ ផ្ទុយទៅវិញ ក្រុមគ្រួសាររបស់លោកឯណេះ បាននិយាយថា មន្ត្រីជាន់​ខ្ពស់របស់រដ្ឋាភិបាល និង​របស់គណបក្សប្រជាជនកម្ពុជារូបនេះ នៅមានជីវិតនៅឡើយ ហើយកំពុងស្ថិត​ក្រោម​ការ​ព្យាបាល ពីក្រុម​គ្រូ​ពេទ្យ​ជំនាញ។

លោក មិន ម៉ាដេត កូនប្រុសច្បងរបស់លោក មិន ឃិន បានថ្លែងបដិសេធ ពីមរណភាពរបស់ឪពុកលោក ប្រាប់​សារព័ត៌មានភ្នំពេញប៉ុស្ដ៍ ថាលោកមានការភ្ញាក់ផ្អើល និងសោកស្ដាយ ចំពោះពត៌មាននេះ។ លោក​បាន​បន្ទោស អ្នក​បញ្ចេញ​ព័ត៌មាន និងសារព័ត៌មានទាំងនោះ ថាមិនបានសួរទៅក្រុមគ្រួសារលោក សូម្បី​តែ​មួយ​ម៉ាត់។

ប៉ុន្តែកូនប្រុសច្បងរូបនេះ បានទទួលស្គាល់ថា ឪពុកលោកមានជំងឺច្រើនយ៉ាង ដូចជា គ្រួសក្នុង​តម្រង​នោម ជំងឺ​​លើស​ឈាម និង​​ជំងឺ​ទឹកនោម​ផ្អែមដ៏​រ៉ាំរ៉ៃ​ ដែល​មិន​អាច​ព្យាបាល​បាន ហើយបានឈាន​មក​ដល់​ដំណាក់​កាល​ចុង​ក្រោយ ដែលពេទ្យមិនអាចព្យាបាល ឲ្យជាសះបានឡើយ។ លោក ម៉ាដេត បាន​ឲ្យ​ដឹង​ថា៖ «នៅ​​ពេល​​នេះ ​យើង​​កំពុង​​រៀបចំ​​បំពេញ​ ឯកសារ​មួយ​ចំនួន​ ដើម្បី​នាំ​យក​ឪពុក​របស់ ​ខ្ញុំ​​មក​​ព្យាបាល​នៅ​ផ្ទះ ​​ក្នុង​ខណ្ឌ​ចំការមន​​វិញ (ដើម្បី)​ជា​ប្រយោជន៍​បាន​​កូនចៅ និង​សាច់ញាតិ​ទាំងអស់​ បាន​​ឃើញ​​មុខ និង​​មើល​​ថែ​​ផ្ទាល់​​ដៃ​ និង​បាន​ស្ដាប់​​ការ​​ទូន្មាន​​ចុង​ក្រោយ​​របស់​គាត់​ផង»។

យ៉ាងណាក៏ដោយ ក៏ការផ្ដល់កិច្ចសម្ភាសនេះ ទំនងជាធ្វើឡើង កាលពីថ្ងៃទី៨ ខែកញ្ញា នៅក្រោយ​ផ្សាយ​ដណឹង​មរណភាពភ្លាមៗ ហើយលោក មិន ឃិន ទំនងជានៅមានជីវិត នៅឡើយពិតមែន។ រហូត​មក​ដល់​យប់​ថ្ងៃទី៨ ចូលមកថ្ងៃទី៩ ខែកញ្ញា វេលាម៉ោង១និង៥៩នាទីរំលងអាធ្រាត ទើបដំណឹងមរណភាព ត្រូវ​បាន​អះអាង​ជា​ផ្លូវ​ការ នៅលើទំព័រហ្វេសប៊ុករបស់លោក មិន ឃិន ផ្ទាល់តែម្ដង ថាលោកបាន​លាចាក​លោក​ហើយ (រូបភាព​ខាង​ក្រោម)។

សារព័ត៌មាន «FreshNews» ដែលស្និតនឹងរដ្ឋាភិបាល ក៏បានចេញផ្សាយ«ឡើងវិញ» ពីកាលវេលា​នៃ​មរណភាព របស់លោក មិន ឃិន នៅក្នុងថ្ងៃទី៩ ខែកញ្ញានេះ ខុសពីអ្វី ដែលសារព័ត៌មានដដែល​បាន​ផ្សាយ កាល​ពីម្សិលម៉ិញដែរ។

សារព័ត៌មាននេះ បានបញ្ជាក់ទៀតថា កម្មវិធីបូជាសពលោក មិន ឃិន នឹងត្រូវធ្វើឡើង​នៅវេលា​ម៉ោង ៧ ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងមុខវត្តបុទមវត្តី ក្រោមការណែនាំ ពីសំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​គណៈរដ្ឋមន្ត្រី​របស់លោក ដើម្បីធ្វើយ៉ាងណា រៀបចំពិធីបុណ្យសពនេះ ឲ្យ​បាន​សក្ដិសម​ទៅ​នឹង​«កិត្តិយស»​របស់​លោក​ទេសរដ្ឋមន្ត្រី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...