អ្នកវិភាគ៖ បើ​ការ​ចរចា​មាន​«ល្បិច» វិបត្តិ​នយោបាយ​នឹង​អូស​បន្លាយ

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា និងអ្នកជំនាញការបោះឆ្នោត បានលើកឡើងថា ភាពជាប់គាំងផ្នែកនយោបាយ​នៅកម្ពុជា នឹងរកច្រកចេញរួច តាមរយៈការចរចានយោបាយ រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជន​កម្ពុជា ប្រសិនបើគណបក្សទាំងពីរ ពិតជាមានសុឆន្ទៈ ក្នុងការចរចា។ ការលើកឡើងរបស់អ្នកវិភាគនៅពេលនេះ គឺបន្ទាប់ពីរគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា ហើយគ្រោងចាត់តំណាង​៦នាក់​ម្ខាង​ ឲ្យបន្តការចរចា នៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា និងអ្នកជំនាញការបោះឆ្នោត បានលើកឡើងថា ភាពជាប់គាំងផ្នែកនយោបាយ​នៅកម្ពុជា នឹងរកច្រកចេញរួច តាមរយៈការចរចានយោបាយ រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជន​កម្ពុជា ប្រសិនបើគណបក្សទាំងពីរ ពិតជាមានសុឆន្ទៈ ក្នុងការចរចា។ ការលើកឡើងរបស់អ្នកវិភាគនៅពេលនេះ គឺបន្ទាប់ពីរគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា ហើយគ្រោងចាត់តំណាង​៦នាក់​ម្ខាង​ ឲ្យបន្តការចរចា នៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)

នយោបាយកម្ពុជា - នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងជាអ្នកវិភាគឯករាជ្យ លោក ហង្ស ពុទ្ធា បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៤ ខែកម្ភៈ នេះថា គេមិនត្រូវសង្ឃឹម​ទាំងស្រុងលើការចរចា របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អាចឲ្យវិបត្តិនយោបាយកម្ពុជា រកច្រកចេញរួចនោះទេ តែយ៉ាងហោចណាស់ ក៏ការចរចានេះនឹងធ្វើឲ្យប្រព័ន្ធបោះឆ្នោតនៅកម្ពុជា កាត់បន្ថយភាព​មិនប្រក្រតី ក្រោយការបោះឆ្នោតនៅតិចបំផុត ហើយអាចទទួលយកបានពីគ្រប់ភាគី។

លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖ «គណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ) គឺជាតួអង្គ​សំខាន់ នាំឲ្យមានវិបត្តិនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោត។ ដូច្នេះ បើគណបក្សទាំងពីរ អត់ធ្មត់ ស្រុះស្រួល ធ្វើការជាមួយគ្នា នោះវិបត្តិនយោបាយនឹងរកច្រកចេញរួច(...)។ សំខាន់ការចរចាដោយមានឆន្ទៈត្រង់ស្មោះ តែបើ​មាន «កលល្បិចនយោបាយ» ក្នុងការចរចា វានឹងនាំឲ្យមិនមានភាពស្ងប់ស្ងាត់ក្រោយការចរចា។»

ជាមួយគ្នានេះ អ្នកវិភាគនយោបាយឯករាជ្យមួយរូបទៀត លោកបណ្ឌិត សុខ ទូច បានពន្យល់ដែរថា កាលណាអ្នក​នយោបាយ បន្តការចរចាគ្នាជាថ្មី មានន័យថា ការចរចាលើកមុន ប្រាកដជាមានការស្រុះស្រួលគ្នា លើចំណុចខ្វែង​គំនិតគ្នាកន្លងមក ហើយបន្តដាក់របៀបវីរះថ្មី។ លោក សុខ ទូច បញ្ជាក់ថា៖ «ពេលណាអ្នកនយោបាយដាក់​របៀប​វីរះទី២ នោះរបៀបវីរះទី១ ឯកភាពគ្នាហើយ។ អ្នកនយោបាយគាំទ្រគ្នាទៅវិញទៅមក បានដាក់របៀបវីរះទី២។ មាន​ច្រើនរបៀបវីរះទៀត យើងនឹងចាំមើលអ្នកនយោបាយទាំងអស់គ្នា។»

គួរកត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្រោយការចរចានយោបាយ ថ្ងៃទី១៨ ខែកុម្ភៈ បានឯកភាពគ្នាបង្កើត គណៈកម្មការចម្រុះ ដោយមានសមាសភាពស្នើគ្នា ដើម្បីរៀបចំក្របខណ្ឌកំណែ​ទម្រង់​ការបោះឆ្នោត។ ហើយនៅថ្ងៃទី២៤ ខែកុម្ភៈ នេះ គណបក្សទាំងពីរ ក៏បានបង្ហើបឲ្យដឹងជាសាធារណៈ ថាក្រុម​ការងារ​របស់គណបក្សទាំងពីរ ម្ខាង៦នាក់ នឹងធ្វើការចរចា ជាបន្តទៀតនៅថ្ងៃទី២៧ ខែកុម្ភៈ ដោយ លម្អិតទៅ​លើ​តួនាទី ភារកិច្ច និងផែនការសកម្មភាពរបស់គណៈកម្មការរួម ចំពោះក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត ក្នុង​ពេល​ខាងមុខ។

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...