គ្រូបង្វឹងអាសឺណល ជឿថា ធូម៉ាស រ៉ូស៊ីតស្កី នឹងបន្ដនៅជាមួយក្រុម
កាលពីពេលម្សិលម៉ិញនេះ លោក អាប់ស៊េន វ៉េងហ្កឺ (Arsene Wenger) គ្រូបង្វឹកក្រុម អាសឺណល (Arsenal) បានសម្ដែងចេញនូវសេចក្ដីជឿជាក់ថា កីឡាករ ធូម៉ាស រ៉ូស៊ីតស្កី (Tomas Rosicky) នឹងយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ បន្ថែមពីលើកិច្ចសន្យាចាស់ ដើម្បីបន្តស្នាក់នៅជាមួយក្រុម អាសឺណល ជាបន្តទៀត ។
កីឡាករ ធូម៉ាស រ៉ូស៊ីតស្កី (ខាងស្ដាំ) សប្បាយរីករាយជាមួយកីឡាកររួមក្រុម បន្ទាប់ពីទាត់ចូលទីរបស់ក្រុមឆ្មារខ្មៅ។ (រូបថត football365.com)
បាល់ទាត់អង់គ្លេស - រ៉ូស៊ីតស្កី បានជំនួស ម៉េហ្សូត អ៊ូស៊ីល ក្នុងក្រុម អាសឺណល កាលពីថ្ងៃសៅរ៍ និងបានបង្ហាញពីបច្ចេកទេសលេងរបស់គាត់ បានយ៉ាងអស្ចារ្ យពិតជាសក្ដិសមជាកីឡាករដ៏ល្អម្នាក់ លំដាប់ពិភពលោក ហើយស៊ុតបញ្ចូលទីលើកទីបី នៅក្នុងការបរាជ័យយ៉ាងធ្ងន់ធ្ងរ ៤-១ របស់ក្រុមឆ្មាខ្មៅ សាន់ឌឺលែនដ៍ (Sunderland)។
ខ្សែបម្រើអន្តរជាតិឆែក កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានរងរបួសចាប់តាំងពីចូលរួមជាមួយក្រុម អាសឺណល ក្នុងឆ្នាំ ២០០៦ ត្រូវបានគេជឿជាក់ថា នឹងពង្រីកកិច្ចព្រមព្រៀង នាពេលបច្ចុប្បន្នរបស់គាត់ ដែលត្រូវផុតកំណត់នៅក្នុងរដូវក្តៅនេះ។ ប៉ុន្តែលោក វ៉េងហ្កឺ បានទទូចថា រ៉ូស៊ីតស្កី នៅតែជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់លោក និងមានទំនុកចិត្ត គាត់ដើម្បីបន្តកិច្ចសន្យាថ្មីមួយ ដែលនឹងត្រូវបានប្រកាស នៅក្នុងពេលខាងមុខដ៏ខ្លីនេះ។
លោកគ្រូបង្វឹកជនជាតិបារាំងរូបនេះបាននិយាយថា «ធូម៉ាស រ៉ូស៊ីតស្កី នឹងបន្តស្នាក់ជាមួយយើងជាបន្តទៀត ។ យើងមានកិច្ចព្រមព្រៀងថ្មីមួយជាមួយគាត់ ហើយវានឹងចេញមកប្រកាសក្នុងពេលឆាប់ៗនេះ»៕
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤