ហ្គូហ្គល បង្កើតទូរស័ព្ទទំនើបថ្មី បំពាក់ដោយម៉ាស៊ីនស៊្រីឌី (3D)
គម្រោងបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា តាំងហ្គូ (Tango) គឺជាគម្រោងទូរស័ព្ទដៃទំនើប អេនឌ្រ័ដ (Android) មួយប្រភេទថ្មីរបស់ក្រុមហ៊ុន ហ្គូហ្គល (Google) ទើបនឹងត្រូវបានប្រភពមួយចំនួន អះអាងឲ្យដឹងថា ក្រុមការងារអភិវឌ្ឍន៍គម្រោងបច្ចេកវិទ្យា របស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ ដាក់ទៅឲ្យអ្នកស្រាវជ្រាវ និងរៀបចំកម្មវិធី ចំនួន២០០នាក់ដំបូងគេ។
ទូរស័ព្ទប្រភេទថ្មី តាំងហ្គូ របស់មហាយក្សា ហ្គូហ្គល។ (រូបថតផ្ដិតចេញពីវីដេអូ ហ្គូហ្គល)
បច្ចេកវិទ្យា - ប្រភពនោះបានឲ្យដឹងថា ក្រុមការងារអភិវឌ្ឍន៍គម្រោងបច្ចេកវិទ្យា ដែលមានឈ្មោះថា Advanced Technology and Projects ឬហៅកាត់ថា ATAP នឹងដាក់កម្មវិធីមេមួយ ដែលជាគម្រោងបច្ចេកវិទ្យាថ្មី ឈ្មោះហៅថា តាំងហ្គូ ទៅឲ្យអ្នកស្រាវជ្រាវ និងរៀបចំកម្មវិធី ដែលមានសំណាង ចំនួន ២០០នាក់ ដើម្បីផលិតកម្មវិធីផ្សេងៗ សម្រាប់ដាក់ឲ្យប្រើប្រាស់ជាមួយ កម្មវិធីមេនេះ។ ក្រុមការងារអភិវឌ្ឍន៍គម្រោងបច្ចេកវិទ្យានោះ ជាផ្នែកមួយរបស់ក្រុមហ៊ុនយក្ស ហ្គូហ្គល មានគោលដៅដើម្បីបង្កើតប្រភេទទូរស័ព្ទទំនើបមួយបែបថ្មី ដោយប្រើ ស៊ិនស័រ ( sensor) តាមដានចលនារបស់អ្នកប្រើប្រាស់ និងស្កែនបរិដ្ឋានជុំវិញខ្លួន ដើម្បីបង្កើតជា ផែនទី 3D (ឬ 3 Dimenssion) មួយបានភ្លាមៗ ក្នុងអាគារ ឬបន្ទប់។
បច្ចេកវិទ្យានេះ អាចប្រើបានច្រើនយ៉ាង ដូចជាការនាំផ្លូវ ដល់អ្នកដែលវង្វេង ឬមិនស្គាល់ផ្លូវ និងអាចបង្ហាញចេញនៅលើអេក្រង់ ជាផែនទីភ្លាមៗ។ លើសពីនេះទៅទៀត វាអាចលេងវាបាន ជាមួយហ្កេមទំនើបៗជាច្រើនប្រភេទទៀតផង។
គួរបញ្ជាក់ដែរថា ទូរស័ព្ទប្រភេទថ្មី នៃបច្ចេកវិទ្យាដ៏ទំនើបនេះ ត្រូវបានបំពាក់ដោយ អេក្រង់ទំហំ ៥អ៊ីង កាម៉េរា ៤ ម៉េហ្កាភីស៊ែល ដែលមាន ស៊ីនស័រ អាចតាមដានទីតាំងផ្សេងៗ ព្រមទាំងអង្គគណនារូបភាពចំនួន ២ ដែលអាចតាមដានចលនាកំរើករបស់ឧបករណ៍ទាំងនោះថែមទៀតផង។ ទូរស័ព្ទដ៏អស្ចារ្យ ក៏អាចបំលែងបរិដ្ឋានជុំវិញ ជាផែនទី 3D បានយ៉ាងល្អ។
បើតាមប្រភពមួយស្និតនឹង ក្រុមហ៊ុន ហ្គូហ្គល បានឲ្យដឹងថា ស៊ីនស័រ និងកាម៉េរារបស់ទូរស័ព្ទនេះ អាចធ្វើការ វ៉ាស់វែងបែប 3D ក្នុងល្បឿន ១/៤ លានដងក្នុងមួយវិនាទី។
គួរបញ្ជាក់ដែរថា គម្រោងទូរស័ព្ទដៃទំនើប តាំងហ្គូ នឹងចាប់ផ្តើមចែកជូនដល់អ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធី ដែលមានសំណាងមុនគេ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១០១៤ ខាងមុននេះ។ ចំពោះអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីផ្សេងទៀត អាចចុះឈ្មោះចូលរួមជាមួយគម្រោងនេះ ដោយគ្រាន់តែលើកហេតុផលមួយចំនួន មកបញ្ជាក់ថា តើអ្នកនឹងបង្កើតកម្មវិធីមានប្រយោជន៍អ្វីខ្លះ ជាមួយនឹងគម្រោងនេះ? បើអ្នកត្រូវបានគេជ្រើសរើសនោះ អ្នកនឹងមានសំណាង អាចទទួលបានទូរស័ព្ទប្រភេទនេះ មួយគ្រឿងដើម្បីយកមកសាកល្បងជាមិនខាន៕
សូមទស្សនាវីដេអូ ស្ដីពីគម្រោងនេះ ដូចតទៅ៖
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤