សម រង្ស៊ី ទៅ​តុលាការ​កំពូល​ទាមទារ​ឲ្យ​ដោះ​លែង​ជន​២១នាក់

សំបុកឃ្មុំនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះបានចូលរួមជាមួយអ្នកភូមិបឹងកក់ និងព្រះសង្ឃប្រមាណជា ជាង​១០០​អង្គ​-នាក់ ដែលបានយកញត្តិ ទៅដាក់នៅតុលាការកំពូល ក្បែរព្រះបរមរាជវាំង ដើម្បីទាមទារឲ្យតុលាការ​ដោះលែង​លោក វន់ ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងជន២០នាក់ផ្សេងទៀត ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះបានចូលរួមជាមួយអ្នកភូមិបឹងកក់ និងព្រះសង្ឃប្រមាណជា ជាង​១០០​អង្គ​-នាក់ ដែលបានយកញត្តិ ទៅដាក់នៅតុលាការកំពូល ក្បែរព្រះបរមរាជវាំង ដើម្បីទាមទារឲ្យតុលាការ​ដោះលែង​លោក វន់ ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងជន២០នាក់ផ្សេងទៀត ។


លោក សម រង្ស៊ី ផ្ដល់កិច្ចសម្ភាសទៅឲ្យក្រុមអ្នកកាសែត នៅមុខតុលាការកំពូល។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ក្នុងឱកាសចូលរួមជាមួយអ្នកភូមិបឹងកក់នោះ លោក សម រង្ស៊ី បានពន្យល់ទៅកាន់អ្នក​សារព័ត៌មាននៅមុខតុលាការកំពូលថា ក្នុងពេលដែលគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា កំពុងតែ​ដោះស្រាយ​ភាពជាប់គាំងផ្នែកនយោបាយ ជាមួយគ្នា ដោយអហិង្សានោះ គណបក្សសង្រ្គោះជាតិ ក៏បានបង្ហាញ​ការគាំទ្រឲ្យ​ដោះលែងជនទាំង២១នាក់ និងទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សា លើកម្មករ។

លោក សម រង្ស៊ី បញ្ជាក់ថា៖ «ពួកគាត់ត្រូវឃុំឃាំង ដោយអយុត្តិធម៌ ។ ត្រូវតែដោះលែងពួកគាត់ជាបន្ទាន់ ដោយ​គ្មានលក្ខខណ្ឌ។ ក្នុងខណៈយើងកំពុងដោះស្រាយបញ្ហានយោបាយនេះ ត្រូវតែបញ្ឈប់រាល់អំពើហិង្សា។ ត្រូវដោះ​លែង​អ្នកកំពុងឃុំឃាំង ហើយត្រូវតែ ស្រាវជ្រាវ វែកមុខ អ្នកដែលបញ្ជាឲ្យសម្លាប់ប្រជាពលរដ្ឋ ពិសេសកម្មករ។»

ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ មន្រ្តីរបស់តុលាការកំពូលណាម្នាក់ ដើម្បីធ្វើការ​អត្ថាធិប្បាយបាននៅឡើយទេ។ តែបើយោងលើតំណាងសហគមន៍បឹងកក់ លោក ស្រី យ៉ោម បុប្ផា បានបញ្ជាក់​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ខាងមន្រ្តីតុលាការកំពូលបានចេញមកទទួលយកញត្តិ របស់សហគមន៍បឹងកក់ ហើយបានសន្យាថា នឹងពន្លឿន សំណុំរឿង ជនទាំង២១នាក់ នោះ ឲ្យបានឆាប់។

គួររម្លឹកថា លោក វន់ ពៅ ជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្សចំនួនជាង​២០នាក់ទៀត ត្រូវបានសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចាប់ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា យ៉ាងហិង្សារវាងកម្លាំងសមត្ថកិច្ច និងក្រុមបាតុករ នៅរោងចក្រ​យ៉ាកជីង និងសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវេងស្រេង ទាក់ទងនឹងការទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ។

ក្រោយមក ជនទាំងនោះត្រូវសមត្ថកិច្ចបន្តឃុំខ្លួន និងជំនុំជម្រះ តាំងពីសាលាតំបូងរាជធានីភ្នំពេញ រហូតដល់​សាលា​ឧទ្ធរណ៍ ដោយចោទប្រកាន់ ពីបទបង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ ។ សវនាការ ចុងក្រោយ ជា​អសាធារណៈរបស់សាលាឧទ្ធរណ៍ កាលថ្ងៃទី១១ ខែកុម្ភៈ ដែលមានលោក ឈួន ម៉េងលាង ប្រធានអង្គជំនុំជម្រះ បានប្រកាលសាលដីកាសម្រេចបន្តការឃុំខ្លួនជនទាំង២១នាក់ តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយបានទាត់ចោល ការស្នើសុំឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន របស់មេធាវីនៃជនទាំង២១នាក់៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...