វ៉ែន រ៉ូនី បន្តនៅ៤ឆ្នាំទៀត ជាមួយក្លឹបបិសាចក្រហម
ទីបំផុតទៅ កីឡាករវ័យ ២៨ឆ្នាំ លំដាប់អន្ដរជាតិអង់គ្លេស វ៉ែន រ៉ូនី (Wayne Rooney) រូបនេះ បានសម្រេចចិត្តបន្តនៅជាមួយក្លឹប ម៉ែនឆែស្ទើ យូណាយធីត ដោយបានចុះកិច្ចសន្យាជាផ្លូវការ កាលពីថ្ងៃសុក្រទី២១ ខែកុម្ភៈកន្លងមកនេះ សម្រាប់រយៈកាល៤ឆ្នាំទៅមុខទៀត គឺចាប់ពី ឆ្នាំនេះរហូត ដល់ ឆ្នាំ ២០១៩ខាងមុខ ជាមួយនឹងចំណូលក្នុងមួយសប្ដាហ៍ ៣០០ ០០០ ផោន ។
កីឡាករ វ៉ែន រ៉ូនី នៃក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត។
បាល់ទាត់អង់គ្លេស - មួយរយៈកាលកន្លងមកនេះ មានគេហទំព័រព័ត៌មានមួយចំនួន តែងតែតាមប្រមាញ់ប្រភពព័ត៌មាននានា ពីកីឡាករខ្សែរប្រយុទ្ធ លំដាប់អន្ដរជាតិអង់គ្លេស វ៉ែន រ៉ូនី (Wayne Rooney) ជាបន្ដបន្ទាប់ ពីការដោះដូររបស់គេនារដូវកាលថ្មីនេះ។ ក្នុងពេលនេះ ព័ត៌មានផ្លូវការផ្សាយចេញពីក្លឹបបាល់ទាត់តែម្ដង បានផ្សាយថា កីឡាករលំដាប់អន្ដរជាតិអង់គ្លេស រូបនេះនឹងបន្ដនៅជាមួយក្លឹប ម៉ែនឆែស្ទើ យូណាយធីត (Manchester United) ដោយរូបគេអាចទទួលបាន តម្លៃខ្លួនរហូតដល់ ៧០លានផោន និងអាចក្លាយជាប្រធានក្រុមនាថ្ងៃអនាគតនោះផង។
កីឡាការខ្សែប្រយុទ្ធរូបនេះ បានយល់ព្រមលើចុះកិច្ចសន្យាជាមួយក្លឹបរហូតឆ្នាំ ២០១៩ គឺរហូតដល់គាត់មានវ័យ ៣៣ ឆ្នាំ ដែលគិតពីពេលនេះ កីឡាកររាងក្រអាញមានអាយុ ២៨ ឆ្នាំហើយ។ កីឡាករលំដាប់អន្តរជាតិ នៃប្រទេសអង់គ្លេសរូបនេះ នឹងទទួលបានកម្រៃពលកម្មរហូតដល់ ៣០០ ០០០ ផោនក្នុងមួយអាទិត្យ ដែលចាត់ទុកថាមានតម្លៃខ្ពស់ជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប និងនៅក្នុងព្រីមៀលីកនេះ។ ហើយក្លឹបក៏ទំនងជាផ្ដល់ដំណែងសំខាន់ជាប្រធានក្រុម (Club Capetian) សម្រាប់កីឡាកររូបនេះផងដែរ បន្ទាប់ពីកីឡាករ នីម៉ែនចា វីឌីក (Nemanja Vidic) ប្រធានក្រុមបច្ចុប្បន្ន ដែលសម្រេចថានឹងចាកចេញពីក្លឹប ពេលចប់រដូវកាល។
កីឡាករ វ៉ែន រ៉ូនី បានផ្ទេរមក ក្លឹបម៉ែនឆែស្ទើ យូណាយធី ពីក្លឹប អេវើតុន (Everton) កាលពីខែ សីហា ឆ្នាំ ២០០៤ ក្នុងតម្លៃខ្លួនផ្ទេរដ៏ខ្ពស់មួយ ក្នុងចំណោមកីឡាករវ័យក្មេងៗ គឺរហូតដល់ ២៧ លានផោន។ មកដល់ពេលនេះ រ៉ូនី ចំណាយពេលវេលាជាមួយក្លឹបបិសាចក្រហម អស់រយៈពេលជាង ៩ ឆ្នាំ និង ៥ខែ ហើយគេក៏បានក្លាយជាកីឡាករដែលលេងបានច្រើនជាង ៤៣០ ប្រកួតសម្រាប់ក្លឹប ស៊ុតបញ្ជូលទីបាន ២០៨ គ្រាប់ ហើយគ្រាប់បាល់ ដែលកីឡាកររូបនេះរកបានច្រើនបំផុតលំដាប់ទី៤ ក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបមួយនេះ។
បើតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្លឹប បានឲ្យដឹងថា ខ្លឹមសារសំខាន់នៃកិច្ចសន្យាជាមួយនឹងកីឡាករ រ៉ូនីមានចំនុចសំខាន់ផ្សេងទៀត ដូចជាក្រោយពេលគេចូលនិវត្តន៍ រ៉ូនី នឹងអាចក្លាយជាអង្គទូតប្រចាំក្លឹប (club ambassador) រួមទាំងឱកាសក្លាយជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបជាដើម។
គួររម្លឹកផងដែរថា កីឡាករ វ៉េន រ៉ូនី មានឈ្មោះពេញថា វ៉េន ម៉ាក់ រ៉ូនី (Wayne Mark Rooney) កើតនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៨៥។ កីឡាកររូបនេះបានចូលរួមលេងដំបូង ជាមួយក្រុមយុវជនរបស់ក្លឹប អេវើតុន នៅពេលដែលកីឡាករទើបនឹងមានអាយុ ១៦ឆ្នាំ នៅក្នុងឆ្នាំ ២០០២។ កីឡាករ រ៉ូនី បានចំណាយពេល ពីររដូវកាលសម្រាប់នៅជាមួយក្លឹប ម៉ើស្សេស៊ាយ (Merseyside) មុនពេលត្រូវបានផ្លាស់ទៅក្រុម បិសាចក្រហម ក្នុងតម្លៃផ្ទេរ ២៥.៦ លានផោន កាលពីរដូវក្តៅឆ្នាំ ២០០៤។ ក្នុងឆ្នាំដដែលនេះ រ៉ូនី បានទទួលងារហៅក្រៅថា វ៉ាហ្សា (Wazza)៕
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៥ កុម្ភៈ ២០១៤