យុវជនប្តឹង ហ៊ុន សែន ត្រូវទៅបំភ្លឺនៅសាលាដំបូងថ្ងៃទី27 ខែកុម្ភៈ
យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ បានអោយដឹងនៅថ្ងៃនេះថា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ លោកនឹងឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់ស្ថាប័ននេះ ទាក់ទងនឹងការប្តឹងរបស់យុវជនរូបនេះ ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់ទឹកដីទៅអោយវៀតណាម។
លោក នាង សុឃុន នៅមុខសាលាដំបូងរាជធានី នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅ លោក នាង សុឃុន មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ដើម្បីឆ្លើយតបបណ្តឹងរបស់លោក ជុំវិញការប្តឹងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងបទល្មើសកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះ ឲ្យទៅវៀតណាម។
លោក នាង សុឃុន បានអោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងនៅថ្ងៃនេះដដែលថា តុលាការបានកោះហៅរូបលោកទៅដើម្បីទទួលដីកាកោះហៅ ដែលបានកំណត់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវេលាម៉ោង៩ព្រឹក ដើម្បីអោយលោកឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ទៀតថា «ខ្ញុំបានត្រៀមឯកសារនិងមានភស្តុតាងមួយចំនួនទៀត ចំនួនពាក់ព័ន្ធនឹងករណីនេះរួចហើយ ខ្ញុំនឹងយកយកទៅជាបន្តបន្ទាប់ទៀត»។
ប្រធានក្រុមយុវជនរូបនេះបានអះអាងថា កន្លងមកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រមានថា ប្រសិនបើបុគ្គលម្នាក់ចង់ស្រាវជ្រាវវែកញែករឿងព្រំដែន និងការបាត់ទឹកដីសូមអោយបុគ្គលយកមឈូសទៅជាមួយផង។ បើទោះបីជាយ៉ាងនេះក្តី យ៉ាងណាមិញយុវជនឆ្លើយដោយអង់អាចថា «ខ្ញុំជាយុវជនខ្មែរខ្ញុំអត់ខ្លាចស្លាប់ទេ ហើយខ្ញុំក៏មិនមានអ្វីភ័យខ្លាចដែរ ព្រោះខ្ញុំប្រើសិទ្ធិរបស់ខ្ញុំជាពលរដ្ឋខ្មែរ ដើម្បីការពារទឹកកដីរបស់ខ្ញុំ»។
លោកមានជំនឿថាប្រសិនបើតុលាការ ជាតុលាការបំរើប្រជាពលរដ្ឋ នោះទើបតុលាការកាត់ក្តីដោយសុចរិតភាព ដោយត្រឹមត្រូវទៅវិជ្ជាជីវៈជាតុលាការ តែប្រសិនបើជាតុលាការមិនបំរើប្រជាពលរដ្ឋ នោះតុលាការមិនកាត់ក្តីដោយសុចរិតភាពទេ គឺកាត់អោយបុគ្គលខុសច្បាប់ឈ្នះ។
គួររម្លឹកថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ លោក នាង សុឃុនបានដាក់ពាក្យបណ្តឹងប្តឹងលោក នាយករដ្ឋមន្រ្តីហ៊ុន សែនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទថា បានកាត់កោះត្រល់ និងកោះក្រចកសេះ ទៅវៀតណាម ទាំងស្រុងដោយខុសច្បាប់ ក្រោមសន្ធិសញ្ញាបំពេញបន្ថែមប្រគល់អោយយួនផ្តាច់មុខកាលពីឆ្នាំ២០០៥។ នេះជាបណ្ដឹងលើកទីពីរហើយរបស់លោក បន្ទាប់ពីលើកទីមួយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ត្រូវបានតុលាការច្រានចោល ដោយចាត់ទុកថា មិនគ្រប់គ្រាន់តាមបច្ចេកទេស។
ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមដ៏ចម្រូងចម្រាស់ ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងរដ្ឋសភា កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០១២ ដោយប្រើរយៈពេលជាច្រើនម៉ោង បញ្ជាក់ថាការពិត កោះត្រល់ និងដែនសមុទ្រដទៃទៀត បានបាត់មុនលោកគ្រប់គ្រងអំណាចទៅទៀត។ សម្រាប់លោក ហ៊ុន សែន ខ្លួនលោក នេះពុំមែនជាកំហុសរបស់លោកឡើយ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ២៥ កុម្ភៈ ២០១៤