ហ៊ុន សែន បញ្ជាឲ្យ«បង្ក្រាប»ផលិតផលស៊ីសា និង E-cigarette
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបញ្ជាជាបន្ទាន់មួយ ឲ្យអាជ្ញាធររាជធានី ខេត្តទាំង អស់ ទប់ស្កាត់ រឹបអូស និងបញ្ឈប់ការប្រើប្រាស់ផលិតផលស៊ីសា និង ហាមឃាត់នាំចូលផលិតផលនេះ នៅក្នុងប្រទេសកម្ពុជា ដោយសារផលិតផលនេះ បានពង្វក់ស្មារតីយុវជនខ្មែរឲ្យបោះបង់ការសិក្សា រហូតឈានដល់ការប្រើប្រាស់គ្រឿងញៀន។
រូបបង្ហាញ ពីអ្នកជក់បារីអេឡិចត្រូនិក។ (រូបថត Spencer Platt/Getty Images)
វិបត្តិសង្គម - នៅក្នុងលិខិត លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសុំគោលការណ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ពាក់ព័ន្ធនឹងករណីអាជីវកម្មស៊ីសា ចុះថ្ងៃទី២៥ កុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចារថា៖ «យល់ព្រម និងសូមចាត់វិធានការជាបន្ទាន់ និងម៉ឺងម៉ាត់ ប្រគល់ជូនអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំអនុវត្ត»។
លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សុំគោលការណ៍ពីលោកហ៊ុនសែន ពាក់ព័ន្ធនឹងករណីអាជីវកម្មស៊ីសា សរសេរថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការនាំចូល និងការធ្វើអាជីវកម្មជាចំហ ដាក់ឲ្យប្រើប្រាស់ជក់ផលិតផល ដែលមានឈ្មោះ ស៊ីសា និង E-cigarette បាននឹងកំពុងមានការរីករាលដាលយ៉ាងខ្លាំងនៅកម្ពុជា ពិសេសក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តមួយចំនួន ហើយក៏បាននឹងកំពុងធ្វើឲ្យមានការរំជើបរំជួលចង់សាកល្បង និងប្រើប្រាស់ពីសំណាក់យុវវ័យមួយចំនួន។ លោកបន្តថា ៖ «មហាជនយល់ឃើញថា ស៊ីសា និង E-cigarette គឺជាប្រភេទថ្នាំញៀន ដែលបានកំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ដែលជាទំពាំងស្នងឬស្សីឲ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរផ្សេងៗទៀត ដល់សង្គមជាតិគួរឲ្យព្រួយបារម្ភ»។
នៅក្នុងលិខិតលោកឧបនាយករដ្ឋមន្ត្រីឲ្យដឹងទៀតថា វិធានការណ៍ដែលនឹងត្រូវអនុវត្តបន្តមាន ក្នុងមានដូចជាបញ្ឈប់ការប្រើប្រាស់ ដោយធ្វើការរឹបអូស និងកំទេចចោលនូវផលិតផលស៊ីសា និង e-cigarette, ហាមឃាត់ និងបញ្ឈប់ការនាំចូល។ ក្រសួងស្ថាប័នពាក់ព័ន្ធ គួរធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់ដល់យុវជន និងហាមឃាត់មិនឲ្យមានការនាំចូលផលិតផលស៊ីសា និង e-cigarette ចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅ។
ចំណែកឯ អាជ្ញាធរគ្រឿងញៀន កាលពីម្សិលមិញក៏បាន ផ្ញើទៅកាន់សាលារាជធានី ខេត្តទាំង២៤ខេត្តក្រុង ឲ្យអនុវត្ត នូវចំណារខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ពីព្រោះគេរកឃើញថា ផលិតផលស៊ិសា និង e-cigarette មិនមានផ្ទុកសារធាតុញៀន ដែលមានចែងក្នុង តារាងឧបសម្ព័ន្ធនៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសាធាតុនីកូទីន សំយោគក្នុងកម្រិតខ្ពស់ ដែលបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាងបារី។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាជាតិប្រយុទ្ធគ្រឿងញៀន ឲ្យដឹងថា ការដកហូតតែឧបករណ៍ស៊ីសា និង e-cigarette គឺមិនត្រូវឲ្យប៉ះពាល់ដល់អាជីវកម្មផ្សេងទៀត ក្នុងហាងឡើយ។ លោកថា៖ «ការប្រើស៊ីសា និង e-cigarette មានលក្ខណៈងាយស្រួល និងអាចជម្រុញឲ្យមានចំណង់ចង់ប្រើប្រាស់យ៉ាងខ្លាំង»។
កាលពីយប់ថ្ងៃទី២៥ កុម្ភៈ អាជ្ញាធរខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងអាជីវកម្មជក់ស៊ីសា ហើយឃាត់ខ្លួនយុវជនប្រុសស្រីមកអប់រំបានចំនួន ៣១នាក់ ព្រមទាំងរឹបអូសបានសម្ភារៈជក់ចំនួន៥២គ្រឿង ដោយអះអាងថាអាជីវកម្មនេះ បានបើកដោយគ្មានការអនុញ្ញាតត្រឹមត្រូវ៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ២៦ កុម្ភៈ ២០១៤