ញឹក ប៊ុនឆៃ៖ ទ្រង់រណឫទ្ធិ បង្កើតគណបក្ស«ថ្មី» ជាការមិនស្គាល់សមត្ថភាពអង្គឯង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបង្កើតគណបក្ស«ថ្មី» របស់ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានរងនូវប្រតិកម្មលើកឡើងថា ពិតមែនជាបក្ស«ថ្មី» នៅតែជាតួអង្គ«ចាស់»។ ដូច្នេះរាល់ការសម្តែង ក៏នឹងមិនឃ្លាតឆ្ងាយពី«ទម្លាប់»ចាស់ដដែលៗនោះឡើយ។ សម្រាប់លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងជាអតីតគូរសត្រូវក្នុងគណបក្សនេះ កាលពីព្រះអង្គធ្លាប់ជាប្រធាននោះ បាននិយាយថា ព្រះអង្គមិនមានលទ្ធភាពក្នុងការដឹកនាំ ដោយការបង្រួបបង្រួមសមាជិកក្នុងបក្សទេ។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិយាងទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនឆ្នាំ២០១២កន្លងទៅ ក្នុងវត្តមួយនៃរាជធានីភ្នំពេញ។ (រូបថត ឯកសារ)
នយោបាយកម្ពុជា - ព្រឹត្តិការណ៍ថ្មីមួយ ដែលបានចូលមកបន្ថែមសាច់រឿង ឲ្យនយោបាយកម្ពុជាដែលកំពុងមានភាពតានតឹងស្រាប់ រាប់តាំងពីក្រោយការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រហូតមកដល់ពេលនេះ នោះគឺអតីតអ្នកនយោបាយទស្សវត្សឆ្នាំ៩០ ព្រះអង្គម្ចាស់នរោត្ដម រណឫទ្ធិ ដែលធ្លាប់ធ្វើសច្ចារថា ទ្រង់នឹងនៅការពារអង្គព្រះមហាក្សត្រ និងមហាក្សត្រីយានី ដោយមិនប្រឡូកក្នុងឆាយនយោបាយនោះ បានត្រឡប់មកបង្កើតគណបក្សថ្មីមួយ ឈ្នោះថា«គណបក្ស សង្គមរាស្ត្ររាជាធិបតេយ្យ»។
ការវិលត្រឡប់មករួមក្នុងឆាកនយោបាយរបស់ព្រះអង្គ ត្រូវបានគេមើលឃើញថា ជាសិទ្ធិផ្ទាល់របស់ព្រះអង្គក្នុងវិស័យនយោបាយ ស្របតាមច្បាប់កម្ពុជា និងក្នុងនាមព្រះអង្គជាពលរដ្ឋកម្ពុជាមួយរូប។
តែសម្រាប់អតីតគូបដិបក្ខរបស់ព្រះអង្គក្នុងគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងជាអគ្គលេខាធិការនៃគណបក្សនេះ លោក ញឹក ប៊ុនឆៃ មិនមានជំនឿថា ព្រះអង្គនឹងទទួលបានការគាំទ្រច្រើន ពីប្រជាពលរដ្ឋនោះទេ។ មូលហេតុសំខាន់ ដោយសារតែអតីតកាលរបស់ព្រះអង្គ មិនមានលទ្ធភាពក្នុងការដឹកនាំ ដោយការបង្រួបបង្រួមសមាជិកក្នុងបក្សទេ មានតែការបែកបាក់គ្នា ដែលទាំងនេះហើយជាការបង្ហាញនូវ«ភាពខ្សោយ»របស់ទ្រង់ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋ និងសមាជិកសមាជិការរបស់ព្រះអង្គ អស់ជំនឿនិងការទុកចិត្តនោះ។
លោក ញឹក ប៊ុនឆៃ បានថ្លែងក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា លោកមិនមានការព្រួយបារម្ភ ចំពោះការបង្កើតគណបក្សរាជានិយមថ្មីនេះនោះទេ ព្រោះកាលពីព្រះអង្គបង្កើតគណបក្ស នរោត្តម រណឫទ្ធិ ភាគច្រើនអ្នកដែលមិនជឿព្រះអង្គ ក៏មិនបានចាកចេញពីហ្វុនស៊ីនប៉ិចដែរ តែបើមាននោះក៏ចំនួនតូចដែរ ដែលនឹងមិនអាចជៀសផុត។ អគ្គលេខាធិការបក្សរាជានិយមដ៏មានឥទ្ធិពល បានថ្លែងថា «ប្រជាពលរដ្ឋសព្វថ្ងៃដែលកំពុងប្រឈម នឹងបញ្ហាដីធ្លី ភាពអយុត្តិធម៌ អំពើពុករលួយ ចង់រកអ្នកណាដែលអាចជួយដោះស្រាយ នូវបញ្ហាប្រឈមនេះបាន។ ទ្រង់រណឫទ្ធិ ប្រជាពលរដ្ឋបានយល់ពីព្រះអង្គ តាំងពីអាណត្តិទីមួយឆ្នាំ១៩៩៣មក និងអាណត្តិទីពីរឆ្នាំ១៩៩៨មក បានបោះឆ្នោតគាំទ្រ តែមិនឃើញមានការជួយដោះស្រាយអ្វីពីព្រះអង្គទេ។»
ជុំវិញការត្រឡប់មកវិញរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ នេះដែរ អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត បានវាយតម្លៃថា នោះជាសម្តីអ្នកនយោបាយដែលមិនទៀងទាត់ ម្តងឆ្វេង ម្តងស្តាំ កេងចំណេញលើផ្នែកនយោបាយប៉ុណ្ណោះ។
លោក ចាន់ សុវ៉េត បានថ្លែងបញ្ជាក់ថា អ្នកនយោបាយ«ចាញ់ មិនព្រមចាញ់» ជាមួយនឹងការលាប«ពណ៌»ឲ្យគ្នាទៅវិញ ទៅមក។ កុំលាប«ពណ៌»ឲ្យរាស្រ្ត ប្រយុទ្ធប្រឆាំងគ្នា ហើយខ្លួនជាអ្នកនយោបាយអង្គុយមើល អង្គុយសើច។ លោកចង់ឲ្យអ្នកនយោបាយប្រកួតប្រជែងគ្នា តាមបែប«កីឡា» ចាញ់ត្រូវសុខចិត្តចេញ។ ឈរលើហេតុផលមួយការពារជាតិ ការពារប្រជាជន។ ទុកជាតិជាធំ ប្រជាពលរដ្ឋជាម្ចាស់អំណាច។
ចំពោះការគាំទ្រពីពលរដ្ឋ សម្រាប់ការបង្កើតគណបក្សថ្មីរបស់ព្រះអង្គនេះ ត្រូវបានលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ពន្យល់ថា ជាបញ្ហាសំខាន់បំផុត ដើម្បីឲ្យជីវិតនយោបាយអាចដើរទៅបានវែងឆ្ងាយបាន។ លោក បានថ្លែងដូច្នេះថា «ការបង្កើតគណបក្សនយោបាយពេលណាក៏បាន តែបញ្ហាសំខាន់គឺការគាំទ្រពីប្រជាពលរដ្ឋ»។
មកទល់នឹងពេលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកប្រតិកម្មពីព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ និងអ្នកដែលស្និតនឹងព្រះអង្គ តែនៅមិនទាន់មានការឆ្លើយតបនៅឡើយ។
សូមរម្លឹកផងដែរថា ជាងម្ភៃឆ្នាំមុន ទ្រង់ធ្លាប់ជានាយករដ្ឋមន្ត្រីទីមួយ នៃសហនាយករដ្ឋមន្រ្តីក្នុងប្រទេសកម្ពុជាឆ្នាំ១៩៩៣។ នៅក្នុងដំណើរនយោបាយរបស់ទ្រង់ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីតំណែង ជាប្រធាន«ប្រវត្តិសាស្ត្រ»នៃគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានចេញទៅបង្កើតគណបក្សមួយទៀត ឈ្មោះគណបក្សនរោត្ដម រណឫទ្ធិ។ សម្រាប់គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ ដែលជាគណបក្សថ្មីនេះ ចាប់ពីឆ្នាំ២០១៤នេះតទៅ ព្រះអង្គបានថ្លែងបញ្ជាក់ថា មានបំណងចង់ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី- ខេត្ត-ក្រុង ឃុំ-សង្កាត់នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ខាងមុខ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤