Mozilla បង្ហាញទូរស័ព្ទទំនើបគំរូថ្មី ដើរដោយប្រព័ន្ធ Firefox OS
អ្វីដែលជាការរំពឹងទុក របស់អ្នកស្គាល់ប្រព័ន្ធដំណើរការ ហ្វាយហ្វក (Firefox) ដ៏ល្បីល្បាញនោះបានមកដល់ហើយ។ បើទោះជាវាមិនទាន់ដាក់ចេញផ្សាយ ជាសាធារណៈក៏ដោយ ក៏ទូរស័ព្ទដ៏ទំនើបរបស់ ម៉ូហ្សីឡា (Mozilla) នេះ ត្រូវបានគេសង្សឹមថា នឹងអាចធ្វើឲ្យទីផ្សារទូរស័ព្ទពិភពលោក មានការផ្លាស់ប្ដូរ។
ទូរស័ព្ទប្រភេទថ្មីស្រឡាងរបស់ ម៉ូហ្សីឡា។ (រូបថត cnet.com)
បច្ចេកវិទ្យា - នៅក្នុងព្រឹត្តិការណ៍ Mobile World Congress នាទីក្រុងបាសឺឡូណា (Barcelona) ប្រទេស អេស៉្បាញ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្រុមហ៊ុន ម៉ូហ្សីឡា បានបង្ហាញនូវទូរស័ព្ទទំនើបថ្មី ឈ្មោះហៅថា Firefox OS Flame ដែលជាប្រភេទទូរស័ព្ទដើរដោយប្រព័ន្ធ ហ្វៃហ្វក់ (Firefox OS)។ ម៉ូហ្សីឡា បានផ្ដល់ប្រភទេទូរស័ព្ទជាគំរូនេះ ទៅឲ្យពួកអ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីយកទៅសាកល្បងបង្កើតកម្មវិធី សំរាប់បម្រើឲ្យប្រព័ន្ធប្រតិបត្តិការថ្មីនេះ នៅលើប្រព័ន្ធទូរស័ព្ទទំនើប និងក្ដាបញ្ជាផ្សេងទៀត។
ប្រព័ន្ធប្រតិបត្តិការមេ ហ្វៃហ្វក់ អូអេស (FireFox OS) ត្រូវបានគេរំពឹងថា នឹងជាជំរើសថ្មីមួយ សំរាប់ដាក់ឲ្យដើរនៅលើឧបករណ៍ចល័តបច្ចុប្បន្ន ដែលកន្លងមកគេស្គាល់តែ Apple iOS, Google Android និង Windows Mobile នេះប៉ុណ្ណោះ។
ចំណែកគុណសម្បត្តិមួយចំនួនរបស់ ទូរស័ព្ទទំនើប ដើរដោយ Firefox OS Flame នេះ មានដូចជា
- អង្គគណនា Qualcomm MSM8210 Snapdragon ប្រភេទ 1.2GHZ Dual core processor
- អេក្រង់ 4.5 អ៊ីង 854×480 ភិចស៊ែល
- កាម៉េរាក្រោយ 5MP / កាម៉េរាមុខ 2MP
- បណ្តាញទូរស័ព្ទ 3G UMTS quad-band (850/900/1900/2100)
- ទំហំផ្ទុក 8GB memory
- អង្គចងចាំ 256MB -1GB RAM
- ឈីប A-GPS, NFC
- ថ្ម 1,800 mAh
- ទំនាក់ទំនងគ្មានខ្សែ WiFi 802.11 b/g/n, Bluetooth, និងមានកន្លែងអាចភ្ជាប់ Micro USBបាន។
ម៉ូហ្សីឡា រំពឹងថា ប្រព័ន្ធប្រតិបត្តិការណ៍របស់ខ្លួន នឹងជាទីពេញនិយម សំរាប់ទូរស័ព្ទទំនើបថ្នាក់ទាប និងមធ្យម ហើយខ្លួន ក៏នឹងមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនេះ ទៅកាន់ទូរស័ព្ទនិងក្ដាបញ្ជាថ្នាក់ខ្ពស់ដែរ ដោយបានចាប់ដៃគូរ ជាមួយ ALCATEL ONETOUCH, Huawei, LG និង ZTE ថែមទៀតផង។
គួរបញ្ជាក់ដែរថា មូហ្សីឡា ជាសហគមន៍ផលិតកម្មវិធីឥតគិតថ្ងៃមួយ ដែលបានផលិតកម្មវិធី ហ្វៃហ្វក់ ល្អបំផុតមួយ សម្រាប់ប្រើប្រាស់ជាមួយបណ្ដាញអ៊ិនធើណែត៕
សូមទស្សនាវីដេអូស្ដីពីប្រព័ន្ធប្រតិបត្តិការថ្មី ហ្វៃហ្វក់៖
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៤