ជំហរ​កន្លែង១​បាតុកម្ម​២​របស់ ហ៊ុន សែន នឹង​រុញ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល?

បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃអង្គារម្សិលម៉ិញបានផ្ញើរសារនយោបាយ ដោយព្រមានទៅ​គណបក្ស​ប្រឆាំងថា ចាប់ពីថ្ងៃនេះតទៅ នឹងមានការធ្វើបាតុកម្មពីរនៅក្នុងកន្លែងតែមួយ ដើម្បីជាការបង្ហាញសិទ្ធិស្មើរគ្នា របស់​រាស្ត្រ និងឆន្ទៈរបស់រាស្ត្រ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ជាការព្រមានដែលរង ការចំអកពីសំណាក់មដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងការព្រួយបារម្ភពីអ្នកវិភាគឯករាជ្យ លោក សុខ ទូច ថាកម្ពុជានឹងអាចធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល សារជាថ្មី។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: February 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃអង្គារម្សិលម៉ិញបានផ្ញើរសារនយោបាយ ដោយព្រមានទៅ​គណបក្ស​ប្រឆាំងថា ចាប់ពីថ្ងៃនេះតទៅ នឹងមានការធ្វើបាតុកម្មពីរនៅក្នុងកន្លែងតែមួយ ដើម្បីជាការបង្ហាញសិទ្ធិស្មើរគ្នា របស់​រាស្ត្រ និងឆន្ទៈរបស់រាស្ត្រ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ជាការព្រមានដែលរង ការចំអកពីសំណាក់មដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងការព្រួយបារម្ភពីអ្នកវិភាគឯករាជ្យ លោក សុខ ទូច ថាកម្ពុជានឹងអាចធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល សារជាថ្មី។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយកម្ពុជា - ថ្លែងក្នុងពិធីសម្ពោធរោងចក្រអគ្គិសនីប្រើដោយថាមពលធ្យូងថ្ម នៅស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកគាំទ្រនិងអ្នកប្រឆាំង មានសិទ្ធិដូចគ្នាក្នុង​ការធ្វើបាតុកម្ម។ តែក្នុងនាមលោកជានាយករដ្ឋមន្ត្រី ជាអ្នកដឹកនាំប្រទេស លោកមានតួនាទីក្នុងការធានាសុវត្ថិភាព ឲ្យទាំងអស់គ្នា ធានាទាំងសិទ្ធិជូបជុំទាំងអស់គ្នា។ លោកបានថ្លែងដូច្នេះថា៖ «ឥឡូវបាតុកម្មមានពីរហើយ អ្នកគាំទ្រ​ក៏មានសិទ្ធិ អ្នកប្រឆាំងក៏មានសិទ្ធិ សិទ្ធិដូចគ្នា សិទ្ធិទល់សិទ្ធិ ឆន្ទៈទល់និងឆន្ទៈ ពីព្រោះកុំឲ្យមានតែម្ខាង ស្អីឡើង​ឆន្ទៈរាស្ត្រៗ បើអញ្ចឹងខាងនេះក៏មានឆន្ទៈរាស្ត្រដែរ បើខាងនោះជូបជុំ ខាងនេះអ្នកគាំទ្រក៏មានសិទ្ធិជូបជុំដែរ»។

លោកនាយករដ្ឋមន្ត្រី បានព្រមានទៀតថា ទាក់ទិននៅនិងការធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ​នៅរាជធានី​ភ្នំពេញ បើសិនទាំងសងខាង សុំទីលានប្រជាធិបតេយ្យ សាលារាជធានីភ្នំពេញត្រូវត្រៀមចែកជាពីរឲ្យហើយ ម្ខាង​អ្នកគាំទ្រនិងម្ខាងអ្នកប្រឆាំង ព្រោះគេមិនអាចបណ្តោយ ឲ្យធ្វើតាមចិត្តម្នាក់ឯងទៀតបានទេ។ លោកបានបញ្ជាក់​ខ្លាំងៗទៀតថា៖ «បើអ្នកឯងដាក់សិទ្ធិសុំធ្វើបាតុកម្ម សុំដែរ បើឲ្យៗទាំងពីរ មិនឲ្យៗទាំងពីរ កុំឲ្យតែមួយ ដូចពេល​កន្លងមកយើងហាមឃាត់គេខឹង ឥឡូវខ្ញុំអត់ទេ ហើយក៏មិនសុំណូមពរឲ្យធ្វើបាតុកម្មទេ តែខ្ញុំគ្រាន់តែមិនឃាត់ ហើយ​ខ្ញុំក៏មិនធ្វើតាមប្រធានាធិបតេយវេនីហ្សេអេឡា ដោយអំពាវនាវឲ្យអ្នកគាំទ្រ ចេញមកធ្វើបាតុកម្មតែម្តង ឯខ្ញុំអត់​អំពាវនាវទេ ខ្ញុំគ្រាន់តែផ្តល់សិទ្ធិស្មើរគ្នាតែប៉ុណ្ណោះ»។

លោកនាយករដ្ឋមន្ត្រី ក៏បានផ្តាំទៅអាជ្ញាធរគ្រប់ទីកន្លែងថា ត្រូវអនុញ្ញាតិឲ្យមានសិទ្ធិធ្វើបាតុកម្ម តែបើដូចភ្នំពេញ​មានតែ១កន្លែង មិនដឹងបញ្ចៀសទៅណា ទីលានប្រជាធិបតេយ្យត្រូវធ្វើរបងថ្ម កាត់ម្ខាងម្នាក់ យកកំលាំងប៉ូលីស​ទៅកាត់ប្រហែលជាពិបាក។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «អញ្ចឹងត្រូវតៀមឲ្យហើយទៅអារបងថ្មរឺរបងដែក ពីព្រោះម្ចាងធ្វើបាតុកម្មគាំទ្រ ម្ចាងធ្វើបាតុកម្មប្រឆាំង នេះខ្ញុំឲ្យជាយោបល់ទេ ហើយក៏ឲ្យអ្នកដទៃភ្លឺភ្នែកដែរ កុំឲ្យ​ប្រើសិទ្ធិតែឯង ស្អីឆន្ទៈរាស្ត្រ»។

កាលពីថ្ងៃទី២០ ខែកម្ភៈកន្លងមក គណបក្សសង្គ្រោះជាតិ ក៏បានផ្ញើសារនយោបាយមួយ ទៅគណបក្សប្រជាជន​កម្ពុជា ដោយគម្រាម«ឈប់ធ្វើការចរចារ» ដោះស្រាយបញ្ហាជាប់គាំងនយោបាយ ជាមួយនឹងគណបក្ស​ប្រជាជន​រហូត ប្រសិនបើគណបក្សនេះនៅតែប្រើអាជ្ញាធរ និងសកម្មជនរបស់ខ្លួន តាមអុកឡុករំខានដល់ការជួបជុំ របស់​គណបក្សសង្គ្រោះជាតិ នៅតាមបណ្តារខេត្ត បន្ទាប់ពីគណបក្សនេះ បានរំខានគណបក្សរបស់លោក​ចំនួនបីដង​រួចមក។

ឆ្លើយតបទៅនឹងលោកនាយករដ្ឋមន្ត្រីវិញនោះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​បានថ្លែង​ឲ្យ​ដឹង​ថា តាមពិតវាមិនចាំបាច់មានពីរក្រុមនោះទេ ប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធិស្មើរគ្នាទាំងអស់ ចំពោះមុខច្បាប់ ក្រុមណាក៏អាចមានសិទ្ធិធ្វើបាតុកម្មបានដែរ ប៉ុន្តែបាតុកម្មនោះដោយសនិ្តវិធីនិងអហឹង្សា ហើយត្រូវធ្វើនៅពេលវេលា និងទីកន្លែងខុសគ្នា មិនត្រូវធ្វើនៅថ្ងៃនិងទីកន្លែង និងពេលវេលាជាមួយគ្នានោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «កន្លង​មកគណបក្សប្រជាជននោះ គឺតែងតែបង្កររឿងដឹងគេទៅធ្វើនៅកន្លែងណា គាត់ទៅធ្វើនៅកន្លែងនោះដែរ នោះហើយគេហៅថា ខូច ហើយមានចេតនាបង្កររឿង»។

លោកបានលើកឡើងបែបចំអក ទៅគណបក្សប្រជាជនកម្ពុជាថា ចំពោះការធ្វើបាតុកម្មរបស់គណបក្ស​កាន់អំណាច​បែបនោះ ប្រសិនបើគណបក្សប្រជាជន​ពុំមានការរៀបចំទុកពីក្រោយខ្នងទេ នោះគឺពុំមាន​ប្រជាពលរដ្ឋមក​ចូលរួម​ធ្វើបាតុកម្មឡើយ។

លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យបានថ្លែងឲ្យដឹងថា ចំពោះបាតុកម្មដែលកើតឡើងចំនួនពីរ ក្នុង​ពេល​តែមួយនោះ គឺត្រូវសិក្សាអំពីបាតុកម្មនោះថា តើបាតុកម្មនេះកើតឡើងពីសប្បនិមិត្ត ឬក៏ឆន្ទៈប្រជាជន?  ហើយថា​តើបាតុកម្មគាំទ្រគណបក្សកាន់អំណាចគាត់ចង់បានអី និងបាតុកម្មគាំទ្រគណបក្សសង្គ្រោះជាតិចង់បានអី។ លោក​បានថ្លែងឲ្យដឹងទៀតថា៖ «បើសិនជាអ្នកនយោបាយចាប់ផ្តើមចំនុចនេះ គឺកម្ពុជានឹងរុញច្រានបញ្ហានេះ ឲ្យទៅជា​សង្គ្រាមស៊ីវិល រឺក៏សង្គ្រាមខែ្មវាយខ្មែរ ខ្មែរបំបែកបំបាក់ខ្មែរ ដោយសារតែអ្នកយោបាយ»៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ២៥ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...