ម៉ែនញូ ទិញ«ម៉ារ៉ូណេ ហ្វេឡៃនី»បាន នៅថ្ងៃចុងក្រោយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្លិបបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានទិញយកខ្សែបម្រើក្រុម អេវើតុន (Everton) កីឡាករ ម៉ារ៉ូណេ ហ្វេឡៃនី (Marouane Fellaini) បានសម្រេចក្នុងតម្លៃ ២៧.៥លានផោន នៅថ្ងៃចុងក្រោយ (ថ្ងៃច័ន្ទ) មុនទីផ្សារដោះដូរកីឡាករត្រូវបានបិទទ្វារ។
កីឡាករ ម៉ារ៉ូណេ ហ្វេឡៃនី ពេលនៅទាត់ឲ្យក្រុមអង់គ្លេស អេវើតុន។ (រូបថត Getty)
ម៉ែនញូ ធ្លាប់បានដេញថ្លៃ ២៨លានផោនម្តងមកហើយ សម្រាប់កីឡាករ២នាក់ ហ្វេឡៃនី និងកីឡាករខ្សែការពារ ឡៃតុន បែន (Leighton Baines) កាលពីខែសីហា ប៉ុន្តែត្រូវបានក្លិបទូកក្តោង អេវើតុន ឆ្លើយតបថា «ជាការដេញថ្លៃមើលងាយ»។
គ្រូបង្វឹកម៉ែនញូ លោកដេវីដ ម៉យ (David Moyes) បាននិយាយថា៖ «គាត់ជាកីឡាករម្នាក់ ដែលមានសមត្ថភាពអស្ចារ្យ និងមានកម្លាំងខ្លាំង ហើយខ្ញុំគិតថា គាត់នឹងជួយឲ្យក្រុមរបស់យើងមានភាពខុសប្លែក។ គាត់អាចលេងបានច្រើនទីតាំង នៅតំបន់បម្រើ ដែលអាចលេងជាបម្រើការពារ ឬបម្រើប្រយុទ្ធបានផងដែរ។»
បុរសវ័យ៥០ឆ្នាំ សញ្ជាតិស្តុតឡែន បានបន្តថា៖ «ព្រោះតែហេតុផលទាំងនេះហើយ ដែលខ្ញុំគិតថា គាត់ជាកីឡាករម្នាក់ដែលក្រុមរបស់យើងត្រូវការចាំបាច់ បន្ទាប់ពីកីឡាករ ផូល ស្កូល (Paul Scholes) ចូលនិវត្តន៏ ហើយកីឡាករ ដារ៉ិន ហ្វឡិតឆឺ (Darren Fletcher) រហូតមកដល់ពេលនេះ នៅពុំទាន់អាចចូលលេងបានថែមទៀត។ ខ្ញុំរីករាយណាស់ ដែលអាចទទួលបានគាត់ (ហ្វេឡៃនី)។»
កីឡាករអន្តរជាតិប៊ែលស្សិក ដែលផ្ទេរពីក្រុម ស្តែនដាដលីក (Standard Liege) មកក្រុមអេវើតុន ក្នុងតម្លៃ ១៥លានផោន កាលពីឆ្នាំ២០០៨ នៅជាប់កិច្ចសន្យាជាមួយនឹងក្រុមទូកក្តោង រហូតដល់ឆ្នាំ២០១៦។
ខ្សែបម្រើ វ័យ២៥ឆ្នាំ ហ្វេឡៃនី បាននិយាយថា៖ «ខ្ញុំរំភើបខ្លាំងណាស់ ដែលបានមកចូលរួមជាមួយម៉ែនញូ។ ខ្ញុំធ្លាប់បានស្គាល់គ្រូបង្វឹកច្រើនឆ្នាំមកហើយ ហើយខ្ញុំពិតជាទទួលស្គាល់នូវកិច្ចការដ៏ល្អរបស់គាត់។ នៅពេលដែលខ្ញុំ ត្រូវបានផ្តល់ឱកាសឲ្យធ្វើការជាមួយគាត់ម្តងទៀត ខ្ញុំស្ទើរតែលោតកញ្ជ្រៀវទៅហើយ។»
កីឡាកររូបនេះដដែល បានបន្ថែមថា៖ «ក្លាយជាកីឡាកររបស់ក្រុមម៉ែនញូម្នាក់ ជាអ្វីៗដែលកីឡាករជាច្រើនតែងតែស្រម៉ៃចង់បាន ហើយខ្ញុំជឿថា ខ្ញុំនឹងអាចសហការរួមចំណែកដ៏ធំធេង ក្នុងការជួយក្លិបឲ្យទទួលបានពានរង្វាន់បន្តទៀត នៅក្នុងរដូវកាលនេះ។»
កីឡាករជម្រើសជាតិប៊ែលស្សិក បានចូលលេងឲ្យក្រុមជម្រើសជាតិដំបូងនៅឆ្នាំ២០០៧ ប៉ុន្តែនៅក្នុងការបង្ហាញខ្លួនលេងក្នុងព្រីមែលីក (Premier League) ១៧ប្រកួតលើកដំបូង គាត់ត្រូវទទូលកាតលឿងចំនួន១០ ដោយសារតែមានឥរិយាបទឆេវឆាវខ្លាំងពេក។ បន្ទាប់មកគាត់ត្រូវបាន ក្រុមអាជ្ញាកណ្តាលវិន័យប្រទេសអង់គ្លេសកោះហៅទៅធ្វើការប្រមាន ចំពោះឥរិយាបទទាំងនោះ។
កាលពីរដូវកាលមុន គាត់បានក្លាយជាកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេ សម្រាប់ក្រុមអេវើតុន ដោយទាត់បញ្ចូលទីបាន ១២គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ការផ្ទេរមកកាន់ក្រុមបីសាចក្រហម កើតឡើងនៅ ៥១នាទី មុនទីផ្សារដោះដូរកីឡាករត្រូវបានបិទនៅម៉ោង ១១យប់ ថ្ងៃច័ន្ទ (ប្រទេសអង់គ្លេស)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ