រ៉ូណាល់ដូ ចេញពី រៀល ចង់ទៅ មេនឆេស្ទ័រ ជាងទៅ ប៉ារីស?
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី៣០ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 30, 2015
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក្យចចាមអារាម បានកើតមានមិនស្វាង តាំងពីចាប់ផ្ដើមរដូវកាលថ្មី ស្ដីពីអនាគត់របស់កំពូលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo)។ គេសឹងតែនិយាយថា មួយថ្ងៃៗ ដំណឹងចម្លែកៗ ទាក់ទងនឹងក្រុមបាល់ទាត់ ដែលកីឡាករល្បីឈ្មោះរូបនេះ នឹងជ្រើសរើសនោះ បានធ្លាក់មកដល់ ជាបន្តបន្ទាប់គ្នារហូត។
ដំណឹងលើកនេះ បានចេញពីប្រទេសអង់គ្លេសម្ដង។ សារព័ត៌មាន «Sunday Mirror» បានអះអាងថា កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ដែលកំពុងលេងឲ្យក្រុម រៀលម៉ាឌ្រីដ (Real Madrid) មានបំណងចង់ ត្រឡប់ទៅនៅជាមួយក្រុម មេនឆេស្ទ័រ យូណាយធីត ដែលជាក្រុមចាស់របស់ខ្លួន ច្រើនជាងមកទាត់ឲ្យក្រុម ប៉ារីស។ បើតាមសារព័ត៌មានដដែល បានបញ្ជាក់ទៀតថា កីឡាករម្ចាស់បាល់មាសបីជំនាន់ ទំនងជាចូលចិត្ត «Premier League» របស់អង់គ្លេស ដែលមានការប្រណាំងប្រជែង ខ្លាំងជាងការប្រកួត «Ligue 1» នៅក្នុងប្រទេសបារាំង។
បើសិនជា រ៉ូណាល់ដូ ជ្រើសរើសយកក្រុមបីសាចក្រហម មេនឆេស្ទ័រ នៅពេលនេះ ក៏ដោយសារមានមូលហេតុផ្សេងៗជាច្រើនទៀតដែរ។ សារព័ត៌មានបានសរសេរបន្តថា ក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) នៅពេលនេះ មានចំណាត់ថ្នាក់ទីមួយ និងមានពិន្ទុនាំមុខក្រុមដទៃ នៅក្នុងក្របខណ្ឌ «Ligue 1» ដល់ទៅ១៥ពិន្ទុ ខណៈក្រុមបីសាចក្រហម មានចំណាត់ថ្នាក់នៅមិនទៀង ក្នុងក្របខណ្ឌ «Premier League» (ម្ដងលេខ៥ ម្ដងលេខ៣ ហើយឥឡូវធ្លាក់ចុះក្រោមវិញ)។
ដូច្នេះ បើកីឡាករដ៏ល្បីនេះ មកលេងឲ្យក្រុមប៉ារីស និងទោះជាតារានឹងទទួលប្រាក់ចំណូលដ៏សម្បើម មិនដែលធ្លាប់ជួបនោះក៏ដោយ ក៏តារានឹងមិនសូវជា«រះ» មានពន្លឺចិញ្ចាចចិញ្ចែងខ្លាំង ដូចគម្រោងរបស់ក្រុម មេឆេស្ទ័រ ដែលប្រកាសថា នឹងរៀបចំក្បួនលេងរបស់ពួកគេ ដោយយកកីឡាករ រ៉ូណាល់ដូ ជាគោលនោះឡើយ។
ក្នុងរដូវកាលថ្មីនេះ កីឡាករ រ៉ូណាល់ដូ មិនសូវជាសប្បាយចិត្តប៉ុន្មានទេ នៅក្នុងក្រុមរៀលម៉ាឌ្រីដ។ ការចាកចេញ របស់អតីតគ្រូបង្វឹក ការឡូ អេសេឡូទី (Carlo Ancelotti) និងជំនួសដោយគ្រូបង្វឹកថ្មី រ៉ាហ្វាអែល ប៊េនីតេស (Rafael Benitez) មិនបានជួយឲ្យកីឡាករខ្លួនឯង និងក្រុមលេងបានល្អទេ ទាំងនៅក្នុងក្របខណ្ឌ «Liga» ក៏ដូចជាក្របខណ្ឌ «Champions League» និងជាពិសេស នៅក្នុងការប្រកួត នៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ក្រុមអ្នកជិះសេះស រៀលម៉ាឌ្រីដ ទើបត្រូវបានក្រុមអ្នកមានបុណ្យ បាសឺឡូណា (Barcelonna) បំបាក់យ៉ាងអាម៉ាស កាលពីសប្ដាហ៍មុន ក្នុងពិន្ទុ៤ទល់នឹងសូន្យ៕