បញ្ហាបច្ចេកទេសផ្សាយផ្ទាល់ ក្នុងកម្មវិធី«បារាំងរកបានអ្នកមានទេពកោសល្យ»
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៨ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 09, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលបេក្ខជនមួយគូ កញ្ញា សេស៊ីល (Cécile) និងយុវជន រ៉ូម៉ង់ (Roman) នេះ បានសម្ដែងចប់ នូវសមត្ថភាពរបស់ពួកគេ នៅមុខគណកម្មការ (មេប្រយោគ) ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី «បារាំងរកបានអ្នកមានទេពកោសល្យ» កាលពីយប់ថ្ងៃអង្គារទី៨ ខែធ្នូកន្លងមក បញ្ហាបច្ចេកទេសមួយបានកើតឡើង៖ ម៉ាស៊ីនទាញ និងពន្លាខ្សែ ដែលបក្ខជនទាំងពីរបានថ្ពក់ខ្លួន បានខូចលែងមានដំណើរការ ដោយទុកឲ្យអ្នកទាំងពីរនៅបន្ដោកខ្លួននៅខាងលើនោះ រហូតមានការធ្វើអន្តរាគមន៍ ពីអ្នកជួយសង្គ្រោះ។
កញ្ញា សេស៊ីល ត្រូវបានជួយសង្គ្រោះ ភ្លាមៗដោយសមាជិកគណៈកម្មាការ ដោយសារនាងបានតោងជើងរ៉ូម៉ង់ ទម្លាក់ខ្លួននៅទាប ជាងយុវជនជាដៃគូរបស់នាង។ ចំណែកឯយុវជន រ៉ូម៉ង់ វិញ ត្រូងបន្តថ្ពក់ខ្លួនប៉ុន្មាននាទីទៀត ជាមួយនឹងខ្សែ មុននឹងត្រូវបានជួយសង្គ្រោះ ដោយជណ្ដើរយន្ដ របស់សាលមហោស្រព នៃកម្មវិធី។
ករណីនេះ បានបង្កការភ័យភិតមិនតិចទេ ដល់បេក្ខជនទាំងពីរ ក៏ដូចជាទស្សនិកជនបារាំង ទាំងនៅទស្សនាផ្ទាល់ ទាំងនៅតាមគេហដ្ឋាន។ នៅមុននេះបន្តិច ការបង្ហាញសមត្ថភាពរបស់បេក្ខជនទាំងពីរ ក៏បានសណ្ដំគណៈកម្មការទាំងបួននាក់ ឲ្យជក់ចិត្តដិតអារម្មណ៍ រហូតដល់ងើបឡើង ទះដៃអបអរផងទៀត៕