ឆាយ វីរៈយុទ្ធ យំមែន ពេលច្រៀង«រដូវបិណ្ឌភ្ជុំកូនយំនឹកស្រុក»
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 16, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចម្រៀង ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN ដែលធ្វើឲ្យលោក ឆាយ វិរៈយុទ្ធ ដែលជាម្ចាស់សំនៀង រលីងរលោងទឹកភ្នែកនោះ មានចំណងជើងថា៖ «រដូវបិណ្ឌភ្ជុំ កូនយំនឹកស្រុក»។
តាមពិតទៅ បុណ្យភ្ជុំបិណ្ឌ ក៏ជាពិធីបុណ្យធំមួយដែរ ក្នុងចំណោមបុណ្យជាច្រើន នៅក្នុងប្រទេសកម្ពុជា សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ហេតុអ្វី បានជាតារាចម្រៀងខាងលើ និយាយថា «បិណ្ឌទី១៤ ទើបកូនបានទៅស្រុក ម៉ែអ្ហើយ»? គឺដោយសារតែពិធីបុណ្យនេះ មានចំនួនកំណត់តែ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៥រោជ ខែភទ្របទ ជារៀងរាល់ឆ្នាំ។ «ថ្ងៃបិណ្ឌទី១៤ ទើបកូនបានទៅស្រុក» បានន័យថា លោក ឆាយ វីរៈយុទ្ធ អាចទៅដាក់បិណ្ឌ នៅឯស្រុកបានតែមួយថ្ងៃប៉ុណ្ណោះ ព្រោះតែការងារ ទោះបីជាកូន នឹកអ្នកមានគុណធំធេង យ៉ាងណាក៏ដោយ។
បទចម្រៀងមួយនេះ បានធ្វើឲ្យលោក ឆាយ វីរៈយុទ្ធ ស្រក់ទឹកភ្នែកបណ្តើរ ខណៈកំពុងបកស្រាយ បានពាក់កណ្តាលបទ។ អត្តន័យ និងកាយវិការ ជាមួយទឹកភ្នែក ដ៏កំសត់ របស់អ្នកច្រៀង ដែលកំពុងចូលតួខ្លាំងនេះ បានធ្វើឲ្យអ្នកទស្សនា ស្ងាត់មាត់ផ្ចង់ត្រជៀកស្តាប់ និងបើកភ្នែកសម្លឹង រហូតមិនអាចទប់ទឹកភ្នែកបាន។ ចំរៀងខាងលើ បានរៀបរាប់ពីអ្នកដែលចាកឆ្ងាយ ពីស្រុកកំណើត ទៅធ្វើការងារ ដើម្បីដោះស្រាយជីវភាពគ្រួសារនោះ បានស្រាយចម្ងល់អ្នកម្តាយ ដែលតែងតែទទឹងចាំផ្លូវកូន ឲ្យដឹងថា៖ «បិណ្ឌទី១៤ ទើបកូនសម្រាក ហើយកូនមានប្រាក់ ផ្ញើរជូនពុកម៉ែ»។
អ្នកទស្សនាវីដេអូជាច្រើន បានសរសេរឡើងថា បទ«រដូវបិណ្ឌភ្ជុំ កូនយំនឹកស្រុក» ធ្វើឲ្យគេស្រក់ទឹកភ្នែក ដោយមិនដឹងខ្លូន ព្រោះត្រូវសាច់រឿងពេក។ ម្ចាស់គណនីហ្វេសប៊ុកម្នាក់ សរសេរឡើងថា៖ «មាននយ័ ដូចជីវិតខ្ញុំណាស់, ត្រូវនឹងសាច់រឿងខ្ញុំ....»។ អ្នកគាំទ្រខ្លះបានសារភាពថា៖ «ខ្ញុំសូមសរសើរគាត់ អស់ពីបេះដូង សូម្បីតែខ្ញុំស្ដាប់ ក៏ស្រក់ទឹភ្នែកដែរ ខ្ញុំនឹកឱពុកម្ដាយបងប្អូនខ្ញុំណាស់»។
មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រ នៅតាមបណ្តាញសង្គម ស្រក់ទឹកភ្នែក សរសើរថាដូចសាច់រឿងខ្លូននោះទេ នៅមានពិធីករស្រីម្នាក់ដែរ អ្នកនាង យុគ ចិន្តា ចេញមុខជួយជួតទឹកភ្នែក ដោយផ្ទាល់ដៃថែមទៀតផង។ ពិធីការនីរូបនេះ បាននិយាយថា៖ «អ្ហី! ឆាយ វិរៈយុទ្ធ ថីបានយុំមែនទែនចឹង My Idol ម៉ោះជូតទឹកភ្នែកឲ្យ! មានរឿងអីអ្ហី?»៕
» ចង់ដឹងថាបទ រដូវបិណ្ឌភ្ជុំកូនយំនឹកស្រុក មានអត្ថន័យប៉ុណ្ណា បានជាធ្វើឲ្យតារាចម្រៀង និងអ្នកទស្សនាស្រក់ទឹកភ្នែកនោះ៖