«បក្ស​អំណាច​ខ្មែរ កម្រិត និង​កំណត់​ផ្លូវ ឲ្យ​ពលរដ្ឋ​ដើរ»

គោលការណ៍នយោបាយ បីជុំហាន ១៩ចំណុច របស់គណបក្សអំណាចខ្មែរ ត្រូវបានពលរដ្ឋម្នាក់មើលឃើញថា ភាគច្រើនជាចំណុច នៃការដឹកនាំបែបកុម្មុយនីស។ ពលរដ្ឋដដែល បាននិយាយបន្ថែមថា មានចំណុចមួយចំនួនទៀត បានបង្ហាញ ពីការក្សាស្ថានភាពទឹកដី ព្រៃឈើ បរិស្ថាន ព្រៃភ្នំ មិនឲ្យស្ថិតក្រោមការកំទេច របស់បរទេស ដូចសព្វថ្ងៃនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី៦ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 16, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក សេរី ពលរដ្ឋមួយរូប ដែលបានឮ និងដឹងពីគោលនយោបាយថ្មី របស់គណបក្សអំណាចខ្មែរ បាន​អះអាង​ថា ក្នុងជំហានទាំងបី ស្មើនឹង១៩ចំណុចនោះ បានថ្លែងប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ចំណុច​មួយចំនួន របស់គណបក្សថ្មីនេះ ជាការកម្រិត និងកំណត់ផ្លូវ ឲ្យពលរដ្ឋដើរ ខណៈមួួយចំនួនទៀត មាន​ផល​ល្អ ក្នុងការការពារទឹកដី ព្រៃធម្មជាតិ ទាំងឡាយនៅកម្ពុជាឲ្យគង់វង្ស។

ការលើកឡើងខាងលើនេះ ជាការឆ្លើយតបទៅនឹង ការលើកឡើងរបស់លោក សួន សេរីរដ្ឋា ដែលជាប្រធាន​គណបក្សអំណាចខ្មែរ ក្នុងវគ្គបណ្តុះបណ្តាលមួយ ស្តីពី ភាពជាអ្នកនយោបាយ កាលពីថ្ងៃទី៣ ខែតុលា កន្លង​មក ដែលបានអះអាង ដោយមោទនៈភាព ទាក់ទងគោលការណ៍នយោបាយ បីជំហាន មាន១៩ចំណុច របស់​គណបក្សរបស់លោក។

ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ លោក សេរី បានបញ្ជាក់ ក្នុងកិច្ចសម្ភាសដោយផ្ទាល់មួយ ថា៖ «ជំហាន​ដែលលើកឡើងនេះ ផ្នែកខ្លះ ពឹងផ្អែកលើបរទេសទាំងស្រុង។ ឯជំហានខ្លះទៀត ក៏បានកំណត់ផ្លូវដើរ សម្រាប់​មនុស្ស (ប្រជាពលរដ្ឋ) ដែរ។ (...) គោលនយោបាយដាច់ខាត ផ្អែកលើច្បាប់មួយ ដែលទំនង​ជា​បាន​កំណត់ ឬតម្រឹមសិទ្ធិ និងសេរីភាព របស់មនុស្ស។ (...) យ៉ាងណាគោលនយោបាយថ្មីនេះ ក៏អាចធានាបាន នូវ​ភាព​ស្ថិត​ថេរ​ព្រៃព្រឹក្សា ធម្មជាតិ ទឹកដីកម្ពុជាទាំងមូល ឬក៏អាចស្វែងរកទឹកដី ដែលបានបាត់បង់មកវិញ បាន​ដែរ។»

ចំណុចសំខាន់ៗមួយចំនួន របស់គោលការណ៍នយោបាយ នៃគណបក្សអំណាចខ្មែរនោះ រួមមាន ទាមទារ​រំលាយ គ.ជ.ប បច្ចុប្បន្នចោល បង្កើត គ.ជ.ប ថ្មី ឯករាជ្យ - ស្នើអគ្គលេខាធិការ អង្គការសហប្រជាជាតិ បង្កើត​ក្រុមការងារអន្តរឯករាជ្យ ជួយរៀបចំការបោះឆ្នោតនៅកម្ពុជា - បោះឆ្នោតដោយសេរី និងយុត្តិធ៌ម ត្រូវ​ស្រប​តាមកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ - សំអាតឈ្មោះជនបរទេស ជន​ជាតិ​យួន ចេញពីបញ្ជីឈ្មោះ អ្នកបោះឆ្នោត។ ពលរដ្ឋខ្មែរ ធ្វើការងារជាពលករ ជាកម្មករនៅបរទេស និង​ពលរដ្ឋ​ខ្មែរ កំពុងរស់នៅក្រៅប្រទេស មានសិទ្ធិបោះឆ្នោត ដូចពលរដ្ឋរស់នៅក្នុងស្រុក - ពលរដ្ឋមានសិទ្ធិស្នើ​បេក្ខភាព អ្នកចង់ឈរឈ្មោះ ជាតំណាងរាស្ត្រ យ៉ាងហោចណាស់ អ្នកឈរឈ្មោះម្នាក់ ត្រូវមានការស្នើ ពី​ពលរដ្ឋ​ក្នុងមណ្ឌលរបស់ខ្លួន យ៉ាងតិច ៥,០០០ នាក់ បូកនិងគណបក្សទទួលយល់ព្រម ឈរឈ្មោះ​ជា​បេក្ខជន​របស់គណបក្សនោះ - និងមានច្បាប់បោះឆ្នោត រើសនាយករដ្ឋមន្រ្តីដោយផ្ទាល់ ពីប្រជាពលរដ្ឋ។

លោក សួន សេរីរដ្ឋា បានបន្តរថា ពិនិត្យ និងសើររើ លុបចោលគម្រោងកិច្ចសន្យាវិនិយោគ មានរយៈពេល​វែង​៩៩ឆ្នាំ។ ពិនិត្យទៅលើកិច្ចសន្យា ខ្ចីបំណុលបរទេសទាំងអស់ ឡើងវិញ។ ដកហូតអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន​កាប់​ឈើទាំងអស់ ហើយធើ្វច្បាប់បិទលែងអោយកាប់ឈើ យ៉ាងតិច១៥ឆ្នាំ ឬយូរជាងនេះ ដោយគ្មានការកំណត់។ តម្លើងពន្ធ លើគ្រឿងស្រវឹង និងបារីយ៉ាងតិច១៥០% ដើម្បីយកថវិការ មកបញ្ចុះពន្ធប្រេងសាំង ជួយ​ផ្នែក​សុខាភិបាលសាធារណៈ។ បង្កើត និងអនុវត្តន៍ច្បាប់ អន្តោប្រវេស្ត៍តឹងរឹង និងត្រូវដាក់ទោសកំរិតព្រហ្មទណ្ឌ ដល់​មន្រ្តីជនណាដែលរកស៊ីជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែន ចូលមកប្រទេសខ្មែរ ឬក៏ប្រើប្រាស់​ប្រទេស​ខ្មែរ ជាជំរកស្នាក់នៅ ដើម្បីបន្តទៅកាន់ប្រទេសទីបីជាដើម។ យ៉ាងណា លោកបានបញ្ជាក់ចុងក្រោយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើ ជាខ្មែរតែមួយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...