សួន សេរីរដ្ឋា៖ «អ្នកដែលប្ដឹងខ្ញុំ ជាអ្នកលើកលែងទោសឲ្យខ្ញុំ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១ តុលា ២០១៥
- កែប្រែចុងក្រោយ: October 09, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធាន និងជាស្ថាបនិកគណបក្សអំណាចខ្មែរ ដែលជាគណបក្សថ្មីមួយ បានលើកឡើងថា រូបលោក មិនដែលទទួលស្គាល់ថា លោកបានប្រព្រឹត្តិទោសកំហុស ហើយលោកក៏មិនទទួលស្គាល់ ប្រព័ន្ធតុលាការ នៅប្រទេសកម្ពុជា ថាអាចផ្ដល់យុត្តិធម៌ជូនលោកនោះដែរ។
នៅចំពោះអ្នកសារព័ត៌មាន បន្ទាប់ពីចុះជាន់លើទឹកដីខ្មែរ ជាលើកដំបូង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋា បានឲ្យដឹងថា៖ «ការកាត់ទោសខ្ញុំ តាំងពីដើមទីមក ខ្ញុំមិនដែលទទួលស្គាល់ថាខ្ញុំមានទោសទេ។ ខ្ញុំក៏មិនបានទទួលស្គាល់ ប្រព័ន្ធតុលាការនៅស្រុកខ្មែរ ថាអាចផ្តល់យុត្តិធម៌ឲ្យខ្ញុំដែរ។ តុលាការនៅស្រុកខ្មែរ កុំថាឡើយ ដល់ផ្តល់យុត្តិធម៌ ឲ្យអ្នកនយោបាយ អ្នកពាណិជ្ជកម្ម ឬទំនាស់បទឧក្រិដ្ឋ សូម្បី “ផ្តល់យុត្តិធម៌ដល់ប្តីប្រពន្ធ ប្តឹងលែងលះគ្នា ក៏គ្មានលទ្ធភាព រកយុត្តិធម៌ឲ្យដែរ”។»
ឈានជើង ត្រឡប់មកដល់ប្រទេសកម្ពុជាជាថ្មី លោក សេរីរដ្ឋា បានធ្វើការវាយប្រហារខ្លាំងៗ ចំៗ ទៅលើថ្នាក់ដឹកនាំ នៃគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធានថា ថាជាថ្នាក់ដឹកនាំ ដែលគ្មាន «សមត្ថភាព និងលទ្ធភាពដឹកនាំ»។ ដែលជាមួលហេតុ ឲ្យលោកបង្ខំចិត្តបង្កើត នូវគណបក្សមួយដោយឡែក និងថ្មី និងមិនចូលរួម ជាមួយនឹងគណបក្សនេះ។
ទោះជាលោក មិនបានវាយប្រហារ ដោយចំៗ លើគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច នោះក៏ដោយ ប៉ុន្តែលោក សួន សេរីរដ្ឋា បានយកប្រព័ន្ធតុលាការ ដែលជាផ្នែកមួយ កើតឡើងពីការដឹកនាំ និងកំណែទម្រង់ របស់រដ្ឋាភិបាលលោក ហ៊ុន សែន មកធ្វើការចំអកយ៉ាងចាស់ដៃ។ លោកបានថ្លែងឡើងថា៖ «តុលាការនៅស្រុកខ្មែរ គ្មានយុត្តិធម៌ គ្មានសមត្ថភាពផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះ ទើបចុងក្រោយ អ្នកដែល“ប្តឹងខ្ញុំ ជាអ្នកលើកលែងទោស ឲ្យខ្ញុំ"។ (...) នៅលើឆាក អ្នកសម្តែងតួកាច តួស្លូត តួកំសត់ គឺជាមនុស្សតែម្នាក់ សម្រាប់ខ្ញុំអត់ខ្វល់។ (...) ចំពោះការលើកលែងទោស ចំពោះការផ្តល់សិទ្ធិសេរីភាព ឲ្យខ្ញុំបានវិលត្រឡប់មកវិញ វាជាវប្បធម៌នយោបាយមួយហើយ។ រង្ស៊ី, រណឬទ្ធិ មេបក្សប្រឆាំង នៅស្រុកខ្មែរនេះ ក៏ឆ្លងកាត់ច្រកហ្នឹងដែរ។ នេះសបញ្ជាក់ឲ្យឃើញថា តុលាការគ្មានសមត្ថភាព ផ្តល់យុត្តិធម៌ឡើយ។»
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥កន្លងមកនេះ លោក សួន សេរីរដ្ឋា អាយុ៤៣ឆ្នាំ ត្រូវបានព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោស តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក សេរីរដ្ឋា ត្រូវបានតុលាការកម្ពុជា កាត់ទោសដោយកំបាំងមុខ ឲ្យជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំ ពីបទញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាល និងរួមគំនិតក្បត់ជាតិ។ បន្ទាប់ពីលោកបានប្តឹងទាស់ នឹងសាលក្រម សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមនោះ ទុកជាបានការពេញទាំងមូល។
តាមព្រះរាជក្រឹត្យ លើកលែងទោស របស់ព្រះមហាក្សត្រកម្ពុជាខាងលើនេះ ក៏បានត្រាស់បង្គាប់ ឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវទទួលបន្ចុកអនុវត្ត អោយបានសម្រេច និងត្រូវចូលជាធរមាន ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ៕