តេជគុណ ប៊ុត ប៊ុនតិញ លែងដុតព្រះកាយហើយ
«អាត្មាជឿ ១០០%រដ្ឋាភិបាល នឹងដោះលែងអ្នកទាំង២១ ដោយគ្មានលក្ខខណ្ឌ» នេះជាថេរដីការរបស់ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បកស្រាយពីមូលហេតុដែលធ្វើអោយព្រះអង្គមិនដុតព្រះកាយ តាមការគម្រាមរបស់ព្រះអង្គ។
សិទ្ធិ - កាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅមុខសាលាឧទ្ធរណ៍ខណៈកំពុងធ្វើសវនាការសម្រេចករណី សុំនៅក្រៅឃុំរបស់ជនជាប់ចោទទាំង២១នាក់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានគំរាមថា បើសិនជាសាលាឧទ្ធរណ៍ មិនធ្វើការដោះលែងអ្នកទាំង២១នាក់ អោយមានសេរីភាពក្នុងថ្ងៃនោះទេ ព្រះសង្ឃអង្គនេះ នឹងដឹកនាំការដង្ហែក្បួនទៅផ្ទះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីសូមអោយជួយអន្តរាគមន៍។
ប្រធានបណ្តាញព្រះសង្ឃឯករាជ្យរូបនេះ បានគំរាមទៀតថា នឹងដឹកនាំសង្ឃដែលជាសមាជិក ចំនួន៥០០០អង្គ ធ្វើការប្រមូលផ្តុំនៅមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកាន់ដបសាំងចាក់ស្រោចដុតព្រះកាយ បូជាជីវិតថែមទៀតដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល អោយដោះលែងអ្នកទាំង២១នាក់ដោយគ្មានលក្ខខណ្ឌ។
បន្ទាប់ពីការប្រកាសសាលដីការបន្តឃុំអ្នកទាំង២១នាក់នោះ តែមិនឃើញសកម្មភាពគម្រាមណាមួយរបស់ព្រះអង្គ ត្រូវបានក្រុមដែលមិនពេញចិត្ត និងក្រុមបណ្តាញព្រះសង្ឃឯករាជ្យ រិះគន់ថា សំដីសង្ឃនិយាយហើយ តែមិនធ្វើនិងជាសកម្មភាពកំសាករបស់ក្រុមព្រះសង្ឃឯករាជ្យ។
ផ្តល់បទសម្ភាសជាមួយអ្នកសាព័ត៌មាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីការបកស្រាយថា «អាត្មាដឹងថា គេនឹងដោះលែងអ្នកទាំង២១នាក់ តើយើងចាំបាច់ស្លាប់ធ្វើអី បើអ្នកទាំង២១នាក់ នោះគង់នឹងត្រូវដោះលែងដដែល ព្រោះគេអត់បានប្រកាសអ្នកទាំង២៣ហ្នឹង ប្រព្រឹត្តកំហុសអ្វីផង។ នេះហើយជាភាពជោគជ័យរបស់យើង បើយើងងាប់ក៏គ្មានន័យអ្វីដែរ។»
ព្រះតេជគុណបានបង្ហាញភាពជឿជាក់ ក្នុងការដែលតុលាការដោះលែងអ្នកទាំង២១នាក់ ដោយសំអាងលើ «ចម្លើយរបស់ចៅក្រម លោក ឃួន លាងម៉េង ថារកអត់ឃើញមានកំហុសអីបន្តិច ប៉ុន្តែបើគេដោះលែងខណៈប្រទេសកំពុងជាប់គាំងនយោបាយបែបនេះ អ្នកទាំងនោះនឹងដឹកនាំធ្វើបាតុកម្ម។ ពេលណាដែលប្រទេសមានសន្តិសុខស្ងៀមស្ងាត់មកវិញ គេនឹងដោះលែងមកវិញ។»
ប្រធានបណ្តាញព្រះសង្ឃឯករាជ្យរូបនេះ បានចាត់ទុកសកម្មភាពឃុំឃាំងអ្នកទាំង២១នាក់នោះ ជាល្បិចរបស់រដ្ឋាភិបាល ក្នុងការលាងកំហុសខ្លួនឯង ខណៈពេលបានបង្រ្កាបបាតុករ បាញ់សំលាប់បាតុករ និងលាក់លៀមពីការបំបិទសិទ្ធិសេរីភាព ដែលបង្ហាញអន្តរជាតិថាជាប្រទេសប្រជាធិបតេយ្យ ព្រោះមានសកម្មភាពតវ៉ាពេញផ្លូវ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៤