ស្រាវជ្រាវ៖ «សមិទ្ធិផល» នៃ​អង្គ​សម្តេចឪ ត្រូវ​ខ្មែរក្រហម​បំផ្លាញ​អស់?

កាលពីថ្ងៃទី ២៩តុលា ឆ្នាំង២០១២ នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានលើករំលឹកឡើងវិញ ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កាលពីពេល ដែលលោកចូលមកដល់ទីក្រុងភ្នំពេញនាឆ្នាំ១៩៧៩ ហើយលោកទទួលស្គាល់ថា អាគារ ឬអាគារទីផ្សារនានា នៅទីក្រុងភ្នំពេញ បាននៅសេសសល់ ដោយលើកលែងតែធនាគារជាតិមួយ ដែលត្រូវបានវាយបាក់ រាបដល់ដីមួយផ្នែកធំ។ លោកបានត្អូញត្អែរថា អាគារដែលនៅសេសសល់ពុំមានមនុស្សនៅ កាលជំនាន់នោះ វាមានភាពពិបាកជាងការធ្វើថ្មីទៅទៀត។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: November 05, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃទី ២៩តុលា ឆ្នាំង២០១២កន្លងមក នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានលើករំលឹកឡើងវិញពីព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត កាលពីពេល ដែលលោកចូលមកដល់ ទីក្រុងភ្នំពេញនាឆ្នាំ១៩៧៩ ហើយលោកទទួលស្គាល់ថា អាគាររដ្ឋ ឬអាគារទីផ្សារនានា នៅទីក្រុងភ្នំពេញ បាននៅសេសសល់ ដោយលើកលែងតែធនាគារជាតិមួយ ដែលត្រូវបានវាយបាក់ រាបដល់ដីមួយផ្នែកធំ។ លោកបានត្អូញត្អែរថា អាគារដែលនៅសេសសល់ពុំមានមនុស្សនៅ កាលជំនាន់នោះ វាមានភាពពិបាកជាងការធ្វើថ្មីទៅទៀត។

សូមរំលឹកថា កាលពីថ្ងៃទី១៦តុលា ខណៈដែលប្រជាជនកម្ពុជាជាទូទៅ កំពុងរួមកាន់ព្រះមរណទុក្ខ នៃព្រះបរមសព​ព្រះមហាវីរក្សត្រ នរោត្តម សីហនុនោះ លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានផ្តល់បទសម្ភាន៍មួយ ទៅអោយ​ទូរទស្សន៍ក្នុងស្រុកស៊ីអ៊ិនស៊ី ដោយបានលើកថា «ស្នាព្រះហស្តព្រះករុណាសម្តេចឪ ត្រូវខ្មែរក្រហមបំផ្លាញអស់ហើយ ហើយសមិទ្ធផលដែលមានឥឡូវ គឺបានកសាងចាប់ពីឆ្នាំ១៩៧៩ មកទេ»។ ពាក្យសម្ដីរបស់លោកទាំងនេះ បានរងនូវ​ប្រតិកម្ម និងការរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេសពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) និង​ប្លុងផ្សេងៗ នៅតាមប្រព័ន្ធអាំងទើណែត។

តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩តុលា បានទទួលស្គាល់ថា មានតែមួយផ្នែកប៉ុណ្ណោះ នៃសមិទ្ធិផលរបស់​សម័យសង្គមរាស្ត្រនិយម  ដែលត្រូវរងនូវការបំផ្លាញ។ តែលោកនៅតែ លើកបង្ហាញពីភាពលំបាកលំបិន ជាងការសាង​សង់​ថ្មីទៅទៀត នៃការស្ដាសមិទ្ធិផលដែលនៅសេសសល់នេះឡើងវិញ នៅក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត។

អតីតព្រះមហាក្សត្រសម្តេចនរោត្តម សីហនុ ជាអង្គវីរៈក្សត្រដ៏មាន ប្រជាប្រិយភាពជាទីបំផុត នៅក្នុងពេលព្រះអង្គ​ទ្រង់​នៅ​គ្រងរាជ្យអំណាច ជាពិសេសក្នុងអំឡុងឆ្នាំ១៩៥៥ មកដល់ឆ្នាំ ១៩៧០ ដោយកាលនោះ ព្រះអង្គទ្រង់បានដាក់រាជ្យ ដើម្បីយាងចុះមកធ្វើនយោបាយ ហើយបានបង្កើតនូវរបបមួយ មានឈ្មោះថា៖ «សង្គមរាស្រ្តនិយម»។ ជារបបដែល ជាស្នាព្រះហស្ថនៃការដឹកនាំ និងកសាងប្រទេស​​របស់​​ព្រះអង្គ​​ ហើយ​ត្រូវបាន​គេដឹង និងទទួលស្គាល់ថា មានសុខសន្តិភាព និងមានភាពរីកចម្រើនលើគ្រប់វិស័យ។

ទស្សនាវដ្តីមនោម្យព័ងអាំងហ្វូ សូមបង្ហាញជូនត្រួសៗ នូវសមិទ្ធផលមួយចំនួន ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ ក្នុង​សម័យសង្គមរាស្រ្តនិយមនេះ ដើម្បីអោយដឹងថា តើសមិទ្ធិផលណា ដែលបានបាត់បង់ និងសមិទ្ធិផលណាទៀត ដែល​នៅសេសសល់ ហើយក្លាយជាអ្វីនៅពេលបច្ចុប្បន្ននេះ? សូមបញ្ជាក់ថា បើទោះជាសមិទ្ធិផលខ្លះ ជាការដាក់​ទុន​វិនិយោគ របស់ផ្នែកឯកជនក៏ដោយ ក៏គេនៅតែគិតថា នោះជាអ្វីដែលបានកើតឡើង នៅសម័យកាលនោះ ដែលស្ថិតនៅក្រោម​ព្រះរាជកិច្ចគ្រប់គ្រងដ៏ថ្លៃថ្លា នៃអង្គសម្ដេចនរោត្តម សីហនុដែរ។

សមិទ្ធផលត្រួសៗ ដែលបានបាត់រូបរាងរួមមាន៖

  • ចំណតអាកាសយានដ្ឋានបែកចាន(ខេត្តបាត់ដំបង)
  • ធនាគារជាតិ ក្រហម (ភ្នំពេញ)
  • សាកលវិទ្យាល័យភូមិន្ទកំពង់ចាម
  • សាកលវិទ្យាល័យភូមិន្ទបាត់ដំបង
  • សាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត
  • ស្ថានីយ៍ទូរទស្សន៍ខេមរភូមិន្ទ
  • រោងចក្រចម្រាញ់ប្រេងកាត (ក្រុងព្រះសីហនុ)
  • រោងចក្រស្រាបៀរ(ក្រុងព្រះសីហនុ)
  • រោងចក្រ “ព្រះនរោត្តម” តម្លើងត្រាក់ទ័រ និងរថយន្តធំ (ក្រុងព្រះសីហនុ)
  • រោងចក្រស្ករស (កំពង់ត្រាំ ខេត្តកំពង់ស្ពឺ)
  • រោងចក្រវាយនភណ្ឌ(ខេត្តកំពង់ចាម)
  • រោងចក្រវាយនភណ្ឌ (ខេត្តបាត់ដំបង)
  • រោងចក្របាវក្រចៅ (ដូនទាវ ខេត្តបាត់ដំបង)
  • រោងចក្រស៊ីម៉ងត៍ (ចក្រីទីង ខេត្តកំពត រោងចក្រកែវជើងឯក(ភ្នំពេញ)
  • រោងចក្រ ក្តារបន្ទះដីឥដ្ឋ(ខេត្តកណ្តាល)
  • រោងចក្រក្រដាស(ឆ្លូង ខេត្តក្រចេះ)
  • រោងចក្រជីហ្វូសស្វាត(ទូកមាស ខេត្តកំពត)
  • រោងចក្រកង់ឡាន(តាខ្មៅ ខេត្តកណ្តាល)
  • រោងចក្រត្រីខប្រអប់(ខេត្តកោះកុង)
  • រោងចក្រវារីអគ្គិសនីគិរីរម្យ (ខេត្តកំពង់ស្ពឺ)
  • ស្ពាន សង្គមរាស្រ្តនិយម (ឆ្លងកាត់ទន្លេសាប​ ភ្នំពេញ)
  • សណ្ឋាគារ“ឯករាជ្រ” (ក្រុងព្រះសីហនុ)។

យើងមិនអាចដឹងអោយច្បាស់លាស់ នូវមូលហេតុដែលបណ្ដាលអោយមានការបាត់បង់ ឬមូលហេតុដែលឈាន​ទៅ​ដល់​ការបំផ្លិចបំផ្លាញណាមួយនោះទេ។ យើងគ្រាន់តែអាចលើកមកជំរាប ជាមូលដ្ឋានខ្លះ ដូចយ៉ាងមូលហេតុ៖ សង្គ្រាម ខុសនយោបាយ ការលួចបំផ្លិចបំផ្លាញ និងការបោះបង់ចោលជាដើម។ សាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត ត្រូវបាន​កំទេចដោយសារការជួបប្រយុទ្ធ រវាងកងទ័ពសាធារណរដ្ឋ និងកងទ័ពខ្មែក្រហម មុនឆ្នាំ១៩៧៥ ដោយអាចចាត់ទុក ជា​មូលហេតុសង្រ្គាម។ មូលហេតុនេះ មិនខុសប៉ុន្មាននឹង ការដាក់មីនកំទេចស្ពាន សង្គមរាស្ត្រនិយមនៅភ្នំពេញមុនឆ្នាំ ១៩៧៥នោះដែរទេ។ សាកលវិទ្យាល័យផ្សេងទៀត ត្រូវបានបោះបង់ចោល និងខ្លះទៀត ត្រូវបានវាយកម្ទេចចោល​រាប​ដល់ដី នៅក្រោមរបបប៉ុលពត ដោយសារតែរបបនេះ មិនដែលអោយតំលៃលើការសិក្សា ខ្ពង់ខ្ពស់ឡើយ ដែលអាច​អោយយើងចាត់ទុក ជាមូលហេតុខុសនយោបាយ។ ដោយហេតុថា ធនាគារជាតិនៅភ្នំពេញសម្បូរទៅដោយគន្លឹយន្ដ ដែលបានបំពាក់ដើម្បីការពារ ហិរញ្ញវត្ថុ និងរបស់មានតម្លៃរបស់ជាតិ (មាស ប្រាក់) មួយផ្នែកនៃអាគារក្រហមនេះ ត្រូវ​បាន​វាយកំទេច (ឯកសារខ្លះថា បានដាក់គ្រាប់បែកបំផ្ទុះ និងខ្លះទៀតថា ការលួចបំផ្លិចបំផ្លាញនេះ បានធ្វើនៅឆ្នាំ១៩៧៩) ដើម្បីអាចចូលទៅលួចគាស់កកាយបាន ដែលអាចចាត់ទុកជាមូលហេតុមួយដែរ។

សមិទ្ធផលខ្លះទៀត ដែលនៅសេសសល់ក្រោយឆ្នាំ១៩៧៩រួមមាន៖

  • វិមានឯករាជ្យ (ភ្នំពេញ)
  • វិមានរដ្ឋចំការមន (ភ្នំពេញ)
  • ចំណតអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង (បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
  • ចំណតអាកាសយានដ្ឋានសៀមរាប
  • ផ្លូវជាតិលេខ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ)
  • ផ្លូវដែក (ក្រុងភ្នំពេញ-ក្រុងព្រះសីហនុ)
  • កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ
  • សាលសន្និសីទ “ចតុមុខ” (ភ្នំពេញ)
  • សាលមហោស្រពជាតិ “ព្រះសុរាម្រិត” (សាលមហោស្រពជាតិទន្លេបាសាក់ ភ្នំពេញ)
  • រោងភាពយន្តរដ្ឋចេនឡា (ភ្នំពេញ)
  • ពហុកីឡាដ្ឋានជាតិ អូឡាំពិក (ភ្នំពេញ)
  • បូរីកីឡា (ភ្នំពេញ)
  • ស្ពានព្រះមុនីវង្សទី ២  (ភ្នំពេញ)
  • សាកលវិទ្យាល័យ “សង្គមរាស្រ្តនិយម” (ភ្នំពេញ)
  • សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស (ភ្នំពេញ)
  • សាកលវិទ្យាល័យភូមិន្ទចំការដូង (ភ្នំពេញ)
  • សាលាភូមិន្ទរដ្ឋបាល (ភ្នំពេញ)
  • មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ភ្នំពេញ)
  • មហាវិទ្យាល័យគរុកោសល្យ (ភ្នំពេញ)
  • ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ភ្នំពេញ)
  • មហាវិទ្យាល័យសិល្បៈស្ថាបនា (ភ្នំពេញ)
  • មហាវិទ្យាល័យ សិល្បៈនិងមុខរបរ (ភ្នំពេញ)
  • សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ភ្នំពេញ)
  • សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត (ភ្នំពេញ)
  • មន្ទីរពេទ្រមិត្តភាពខ្មែរ-សូវៀត (ភ្នំពេញ)។

ក្នុងរបបសង្គមរាស្ត្រនិយម នៅមានការកសាងនូវសមិទ្ធិផលជាច្រើនទៀត ដែលឯកសារជាច្រើន ពុំបានលើកឡើងមក​និយាយទេ។ តែសមិទ្ធិផលដែលនៅសេសសល់ ក្រោយឆ្នាំ១៩៧៩នេះ មានមួយចំនួន ត្រូវបានផ្លាស់ប្ដូររូបរាង ឬបាត់​រូបរាងតែម្ដង (ដូចជាបូរីកីឡា) ខ្លះទៀតត្រូវបានពុះជ្រៀកជាចំរៀកៗ (ដូចជាទីធ្លាជុំវិញ​ពហុកីឡាដ្ឋានអូឡាំពិក ឬរោងភាពយន្តរដ្ឋចេនឡា) និង​ខ្លះ​ទៀតបានរងអគ្គីភ័យ រហូតត្រូវវាយកំទេចចោល រាបដល់ដី (ដូចជាសាលមហោស្រពជាតិ “ព្រះសុរាម្រិត”ជាដើម) ក្នុង​ពេលបច្ចុប្បន្ននេះផង។

ដូច្នេះការបាត់បង់រូបរាង ការផ្លាស់ប្ដូរ ឬការវិវឌ្ឍន៍ណាផ្សេង ដែលមានទៅលើសមិទ្ធិផល ពីសម័យកាលរបស់ អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ មិនមែនមាននៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម តែមួយរបបនោះទេ តែត្រូវ​រាប់​បញ្ចូលទាំងសម័យកាលមុនឆ្នាំ ១៩៧៥ និងក្រោយឆ្នាំ១៩៧៩ដូចគ្នា។

នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដែលទាក់ទងនឹងការផ្លាស់ប្ដូរអ្នកដឹកនាំ ជារឿយៗ គេតែងតែសង្កេតឃើញ ថា​មានការផ្លាស់ប្ដូរដូចគ្នា នូវខ្សែរបន្ទាត់នយោបាយ ជំនឿសាសនាគោរពបូជា ឬការប្រកាន់នូវបក្សពួកនិយម ។ល។ ដែលទាំងអស់នេះ បានឈានទៅរកការផ្លាស់ប្ដូរាជធានី ការវាយបំផ្លាញចោល នូវសមិទ្ធិផលរបស់អ្នកដឹកនាំមុន ដើម្បី​ដាក់មកវិញនូវគំនិតថ្មី ឬសមិទ្ធិផលថ្មីរបស់អ្នកដឹកនាំក្រោយ។ មានភស្ដុតាងជាច្រើនបានបង្ហាញ នៅតាមប្រាង្គប្រាសាទ​នានា ដែលព្រះរាជាក្រោយ បានត្រាស់បង្គាប់អោយ ឆ្លាក់រូបព្រះឥសី បញ្ជាន់លើរូបព្រះពុទ្ធ ដែលជាស្នាដៃរបស់​ព្រះរាជា​​មុន ឬការផ្លាស់ប្ដូរាជធានីពីអង្គរ ទៅកោះកេរ និងក្រោយមកពីកោះកេរ ទៅអង្គវិញជាដើម។

មានតែក្សត្រតែប៉ុន្មានអង្គប៉ុណ្ណោះ នៅក្នុងចក្រភពអង្គរ (ស.វ ទី៩ ដល់ ស.វ ទី១២) ដែលទ្រង់បានថែរក្សា ដុះខាត់នូវ​សមិទ្ធិផលរបស់ព្រះរាជាអង្គមុនៗ ហើយអភិវឌ្ឃន៍ សមិទ្ធិផលថ្មីបន្ថែមទៀតនៅជិតៗគ្នានោះ។ ហើយនេះជាមូលហេតុ​មួយ ក្នុងចំណោមមូលហេតុផ្សេងទៀត ដែលនាំអោយប្រទេសកម្ពុជា ក្លាយជាមហាអំណាចមួយក្នុងតំបន់ កាលពី​សម័យ​កាលមហានគរនោះ។

តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្ន នៅតែបានអំពាវនាវ អោយមានការថែរក្សាជាបន្ដ នូវ​កេរ្ដ៍ដំណែលពីសម័យសង្គមរាស្រ្តនិយមដែរ ដោយសុំអោយមានការរំលឹក ពីប្រវិត្តិសាស្រ្តទាំងនេះឡើងវិញ ហើយលោក​ថាមិនបាន និយាយយកនយោបាយ មកលាយឡំជាមួយប្រវត្តិសាស្ត្រឡើយ។ តែ«អ្នកនយោបាយ» ដែលប្រកាស​ថា មិន​និយាយពី«រឿងនយោបាយ» វាជារឿងមិនគួរអោយជឿបាន ព្រោះថា «ប្រវត្តិសាស្រ្ត» មិនគួរត្រូវបានប្រកាស ចេញ​ពី​មាត់​របស់«អ្នកនយោបាយ»ខ្លួនឯងនោះទេ៕

---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ០៣ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...