ហើយបន្ទាប់មក ធី សុវណ្ណថា ថ្លែងអរគុណ«សម្ដេចតេជោ»...
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 02, 2016
- ប្រធានបទ: បរិស្ថាន-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វគ្គឆ្លើយឆ្លង ចងបន្តជាភាគ។ ហើយក្នុងភាគនេះ ជាភាគឆ្លើយឆ្លងពីសំណាក់ កញ្ញា ធី សុវណ្ណថា តបអរគុណលោក ហ៊ុន សែន វិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានថ្លែងលើកសរសើរកញ្ញា កាលពីភាគមុនរួចមក។
កញ្ញា ធី សុវណ្ណថា អតីតអ្នកវាយប្រហារដ៏ចាស់ដៃ ប្រឆាំងលោក ហ៊ុន សែន កាលពីពេលកន្លងមក បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាង ដោយថ្លែងអំណរគុណត្រឡប់ទៅលោក ហ៊ុន សែន ដូច្នេះវិញថា៖ «សូមថ្លែងអំណរគុណ គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ដែល) បានថ្លែងសរសើរនាងខ្ញុំ ក្នុងការពារព្រៃឈើ តំបន់អារ៉ែង»។
កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងទិវាមច្ឆាជាតិ នៅអាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លើកសរសើរតារាហ្វេសប៊ុកខាងលើ ដែលបច្ចុប្បន្នបានប្រែក្លាយ ជាប្រធានអង្គការយុវជនកិច្ចការសង្គម។ លោក ហ៊ុន សែន បានហៅសកម្មភាពកន្លងមក របស់កញ្ញា ធី សុវណ្ណថា នៅក្នុងតំបន់អារ៉ែង ខេត្តកោះកុង ថាជាចលនាជួយការពារបរិស្ថានមួយ។
នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា បានថ្លែងដូច្នេះថា៖ «កញ្ញា ធី សុវណ្ណថា ដែលជាគេហៅថាអ្នកលេងខាងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុមធ្វើដំណើរ ទៅតំបន់អារ៉ែង។ អញ្ចឹងទេ អាហ្នឹងវាជាចលនាជួយការពារមួយ ជំរុញលើកទឹកចិត្ត ឲ្យពួកគាត់បន្តទៅ។ វាអត់មានអីខុសទេ ឲ្យទៅជួយការពារព្រៃឈើ កុំទៅជួយកាប់ឈើ កុំទៅជួយលួចលាក់ឈើ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួមស្អប់ខ្ពើម ចំពោះឈ្មួញ និងពួកអ្នកកាប់ឈើដែរ។»
» អានអត្ថបទដែលទាក់ទងឡើងវិញ៖ ហ៊ុន សែន ផ្សាយ«ពាណិជ្ជកម្ម»ឲ្យ ធី សុវណ្ណថា
នេះជាការឆ្លើយឆ្លងដោយផ្ទាល់ ជាលើកដំបូងបង្អស់ រវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងតារាហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា ដែលធ្លាប់វាយប្រហារមិនសំចៃមាត់ លើលោក ហ៊ុន សែន និងទៅលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ការឆ្លើយឆ្លងនេះទៀតសោធ ក៏ទើបនឹងបានកើតឡើង នៅបន្ទាប់ពីរឿងរ៉ាវប្ដឹងផ្ដល់ ពីសំណាក់តារាហ្វេសប៊ុករូបនេះ ធ្វើទៅលើលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ នៅក្នុងសំនុំរឿងបែកធ្លាយខ្សែអាត់ដ៏អាស្រូវ និងបានឈាន ទៅចាប់ខ្លួនមនុស្សផ្សេងទៀត ដែលមិនស្របនឹងលោក ហ៊ុន សែន ជាច្រើននាក់។
យ៉ាងណាក៏ដោយ ក៏ការថ្លែងសរសើរជាសាធារណៈ ពីសំណាក់លោក ហ៊ុន សែន ទំនងជាបានបង្កនូវការរំភើប ដល់អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរូបនេះ រហូតដល់កញ្ញា ធី សុវណ្ណថា បានបន្ថែមរបាយការណ៍ខ្លះទៀត ពីសកម្មភាពកន្លងមកនោះ «ជូន»លោក ហ៊ុន សែន។ កញ្ញា ធី សុវណ្ណថា បានសរសេរបន្ត ឲ្យ«សម្តេចមេត្តាជ្រាប»ថា៖ «នាងខ្ញុំ បានដឹកនាំទេសចរណ៍ (ទៅ) តំបន់អារ៉ែង (ចំនួន) ៨ដង (មានចំនួន) ១២៥០នាក់ បានសង់បង្គន់៨ អណ្តូងទឹក២ ជណ្តើរឈើឡើងភ្នំ១ និងបានបើកថ្នាក់រៀន២ ឃុំឬស្សីជ្រុំ ឃុំថ្មដូនពៅ សិស្ស៤៤០នាក់។ ក្រៅពីនោះ ក៏បានផ្តល់ម៉ូតូ១គ្រឿងល្បាតព្រៃ និងជួយពលរដ្ឋផ្នែកកសិកម្ម។»។
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងក្ដីមន្ទិលថា បន្ទាប់ពីការឆ្លើយឆ្លងគ្នានេះរួច តើលោកនាយរដ្ឋមន្ត្រី និងតារាហ្វេសប៊ុក អាចនឹងមានគម្រោងជួបគ្នា ក្នុងពេលឆាប់ៗនេះដែរ ឬយ៉ាងណា៕