ប្រ៊ែដ អាដាម៖ ហ៊ុន សែន មាន«សតិមិននឹងន»
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៦ សីហា ២០១៦
- កែប្រែចុងក្រោយ: August 06, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការលើកឡើងផ្ទួនៗ ដែលបង្ហាញថា មន្ត្រីនៅក្រោមបង្គាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវ នៅក្នុងការវាយបង្ក្រាប រហូតដល់មានមនុស្សស្លាប់ ឬការចាប់ចងដាក់ឃុំ ទៅលើមនុស្សដែលមិនស្របនឹងលោក ហ៊ុន សែន មិនមែនគ្មានមូលហេតុនោះទេ។ នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» លោក ប្រ៊េដ អាដាម (Braid Adams) បានពន្យល់ករណីនេះថា ដោយសារតែកម្ពុជាមានមេដឹកនាំ ដែលមាន«សតិមិននឹងន»។
ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយនឹងវិទ្យុអាស៊ីសេរី លោក ប្រ៊េដ អាដាម បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយ ជាមួយមន្ត្រីរដ្ឋាភិបាលមួយចំនួន ហើយអ្នកទាំងនោះជឿថា លោក ហ៊ុន សែន បានប្រព្រឹត្តិអំពើទាំងនេះ ដោយសារគាត់ (លោក ហ៊ុន សែន) ធ្លាប់មានប្រវត្តិធ្វើដូច្នេះ កាលពីមុន។ ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់ និងចង់សួរនោះ គឺថា ហេតុអ្វីបានជាចាំបាច់ធ្វើ (ការចាប់ចង ឬការបង្ក្រាបនានា) នៅពេលនេះ? ហេតុអ្វីបានជាគាត់ ចាំបាច់បង្កវិបត្តិដូច្នេះ?»។
នាយកប្រតិបត្តិទទួលបន្ទុក កិច្ចការតំបន់អាស៊ីរូបនេះ បានពន្យល់បន្តថា៖ «បើនិយាយពីគណបក្សសង្គ្រោះជាតិវិញ គឺគ្មានលទ្ធភាពទាល់តែសោះ ក្នុងការធ្វើបដិវត្តន៍ពណ៌ ដូចអ្វីដែលពួកគេធ្លាប់និយាយនោះ។ អញ្ចឹងអ្វី ដែលខ្ញុំអាចសន្និដ្ឋានបាន នៅពេលនេះ គឺថា លោក ហ៊ុន សែន មានសតិអារម្មណ៍មិននឹងន ឬក៏លោកកំពុងបាត់បង់ភាពម្ចាស់ការ លើខ្លួនឯង។ សូម្បីតែមនុស្សនៅក្នុងគណបក្សរបស់គាត់ ក៏និយាយអញ្ចឹងដែរ។»
ការលើកឡើងរបស់លោក ប្រ៊េដ អាដាម ជាចម្លើយទៅនឹងការសាកសួររបស់វិទ្យុអាស៊ីសេរី ផ្សាយជាខេមរភាសា ដែលបានលើកយកមកធ្វើអត្ថាធិប្បាយ នូវករណីបង្ក្រាប ចាប់ចង ឬការបាញ់សម្លាប់ ដែលតែងកើតមាន ក្នុងពេលកន្លង ហើយត្រូវបានរបាយការណ៍ និងការលើកឡើងជាច្រើន ចង្អុលបង្ហាញថា គឺមនុស្សនៅក្រោមបង្គាប់លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ ទៅក្នុងទង្វើទាំងអស់នោះ។
របាយការណ៍ទាំងនោះ មានរាប់បញ្ចូលទាំងរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ ដែលលើកមកបញ្ជាក់ ពីការបាញ់សម្លាប់មនុស្សក្រៅច្បាប់ រាប់សិបនាក់ នៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារ ខែកក្កដា ឆ្នាំ១៩៩៧នោះផង។ រីឯសំនុំរឿងឃាតកម្មដ៏កក្រើកផ្សេងទៀត ដូចយ៉ាងការគប់គ្រាប់បែក នៅមុខរដ្ឋសភាចាស់ ការបាញ់សម្លាប់សិល្បការិនី ពិសិដ្ឋ ពិលីកា មេដឹកនាំសហជីព លោក ជា វិជ្ជា ជាដើម ដែលមិនដែលត្រូវបានអាជ្ញាធរ ចាប់ជនល្មើសមកផ្ដន្ទាទោសនោះ បែរត្រូវបានលោក ហេង ពៅ អតីតស្នងការនគរបាលរាជធានី និងជាអតីតទីប្រឹក្សារបស់លោក ហ៊ុន សែន បកអាក្រាតថា ជាស្នាដៃរបស់មន្ត្រីជំនិត ឬជាការបញ្ជាផ្ទាល់ របស់លោក ហ៊ុន សែន តែម្ដង។
យ៉ាងណាក៏ដោយ ចំពោះការបកអាក្រាតរបស់លោក ហេង ពៅ មិនដែលមានការឆ្លើយតបទេ រហូតមកទល់នឹងពេលនេះ ខណៈលោក ហេង ពៅ ខ្លួនលោកកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ក្រោមការផ្ដន្ទាទោសរាប់សិបឆ្នាំ ពីសំណាក់តុលាការកម្ពុជា។
រីឯការលើកឡើងខាងលើរបស់លោក ប្រ៊េដ អាដាម ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោល និងបកស្រាយត្រឡប់មកវិញថា គឺលោក ប្រ៊េដ អាដាម ទៅវិញទេ ដែលកំពុងមានជំងឺក្នុងការរិះគន់ ឬវាយប្រហារទៅលើលោក ហ៊ុន សែន មិនឈប់ឈរ។ អ្នកនាំពាក្យបានពន្យល់ថា៖ «បើគាត់ (លោក ហ៊ុន សែន) ចាប់ចងមនុស្ស ដែលអត់មានកំហុស អាហ្នឹងបាន ថាចោទបញ្ហាហ្នឹងទៅចុះ។ ប៉ុន្តែមនុស្សមានកំហុស អាហ្នឹងមាននរណាទៅចាប់ចង (...) អ្នកដែលប្រព្រឹត្តិល្មើសច្បាប់ហ្នឹង ជាអ្នកទទួលខុសត្រូវ ចំពោះមុខច្បាប់។»។
លោក សុខ ឥសាន បានបន្តទៀតថា៖ «មិនមែនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បំពានទៅលើអ្នក ដែលអត់ខុសឯណា។ ខ្ញុំយល់ថា វាអត់ត្រូវទេ។ (...) លោក ប្រ៊េដ អាដាម ហ្នឹងទៅវិញទេ គាត់មានជំងឺព្យាបាទអ្នកដទៃ ជាពិសេសវាជាជំងឺ ជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន ហ្នឹង។»៕