សម រង្ស៊ី៖ ហ៊ុន សែន រក្សា​​អំណាច​​របស់យួន«ទាំង​បី»

ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅឯបរទេស បានថ្លែងពន្យល់​ទៅកាន់​ក្រុម​អ្នក​គាំទ្រ នៅ​​ក្នុង​​​ក្រុង មៀរ៉ាម៉ាស (Miramas) ជិត​ក្រុង ម៉ារសីយ៍ (Marseille) ប្រទេស​បារាំង​ថា លោក ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​​បី​​ទសវត្សន៍​​ជាង បាន​​រក្សា និង​​ការពារ​​នូវ​អំណាច​នយោបាយ​​ចំនួន​​បី ឲ្យយួន ជារៀង​រហូត​មក។ តើអំណាច​នយោបាយ​ទាំង​បី​នេះ មាន​អ្វី​ខ្លះ?
សម រង្ស៊ី៖ ហ៊ុន សែន រក្សា​​អំណាច​​របស់យួន«ទាំង​បី»
លោក ហ៊ុន សែន ថ្លែងជាភាសាវៀតណាម ទៅកាន់មន្ត្រីវៀតណាម កាលពីចុងឆ្នាំ២០១៣។ (រូបថតផ្តិតពីវីដេអូ
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៦ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 07, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើលោក ហ៊ុន សែន ធ្លាក់ពីតំណែងជានាយករដ្ឋមន្ត្រី ឬអស់អំណាចពីប្រទេសកម្ពុជា នោះយួនក៏នឹង​ត្រូវ​បាត់​បង់ នូវអំណាចនយោបាយទាំងបីនេះដែរ។ នេះបើគេស្ដាប់ការពន្យល់រៀបរាប់ របស់លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ ដែលបានថ្លែង​ទៅកាន់ក្រុមអ្នកគាំទ្រ នៅ​ក្នុង​ក្រុង មៀរ៉ាម៉ាស (Miramas) ជិតក្រុង ម៉ាសីយ៍ (Marseille) ភាគខាង​ត្បូង​ប្រទេស​បារាំង ក្នុងរសៀលថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១៦។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចស្វែងរកប្រតិកម្មតប​ភ្លាមៗ ពីសំណាក់មន្ត្រីរដ្ឋាភិបាល ឬពីសំណាក់​គណបក្ស​ប្រជាជន​កម្ពុជា បានទេ ដោយសារពេលវេលា នៃការរៀបចំអត្ថបទនេះ ធ្វើឡើងនៅពេលយប់​ (ល្ងាចនៅបារាំង យប់​ជ្រៅ​នៅ​កម្ពុជា)។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯង ចេញពីការចាប់ចង របស់អាជ្ញាធរក្នុងប្រទេសកម្ពុជា បានអះអាងថា អំណាចនយោបាយទាំងបី របស់យួននេះ តម្រូវឲ្យយួនចាំបាច់ ត្រូវគ្រប់គ្រងប្រទេសកម្ពុជា ហើយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកការពារ​នូវអំណាច​នយោបាយទាំងនោះ។ តើអំណាចនយោបាយទាំងបីនេះ មាន​អ្វី​ខ្លះ?

ទី១) រឿងព្រំដែន

ប្រធានគណបក្សប្រឆាំង បានរៀបរាប់ថា យួនបានរំកិលព្រំដែន និងបកស្រាយសន្ធិសញ្ញាព្រំដែន បានតាម​ចិត្ត។ លោក សម រង្ស៊ី បានបន្តថា អាជ្ញាធរនិងកងទ័ពយួននៅតាមទីកន្លែង ដែលជាប់ព្រំដែន បានវាស់វែង និង​ចង្អុល កំណត់បោះបង្គោលត្រង់កន្លែងនេះ កន្លែងនោះ ខណៈមន្ត្រីខ្មែរគ្រាន់តែដើរ​តាមគេប៉ុណ្ណោះ។ លោកថា៖ «អា​ត្រង់​ណ្នឹង លោក ហ៊ុន សែន បណ្ដោយឲ្យគេធ្វើអី បានស្រេចនឹងចិត្ត»។

ទី២) អន្តោប្រវេសន៍

លោក សម រង្ស៊ី បានបញ្ជាក់ថា យួនបានបញ្ចូលពលរដ្ឋរបស់ខ្លួន មកនៅក្នុងប្រទេសកម្ពុជា បានតាមចិត្ត ចង់​ចូលតាមច្រកណា ចង់រស់នៅប៉ុន្មានឆ្នាំ ឬចង់នៅរហូតក៏ស្រេចចិត្ត។

ទី៣) កម្ពុជាក្រោម និងខ្មែរក្រោម

មេដឹកនាំប្រឆាំងរូបនេះ បានពន្យល់ថា យួនបារម្ភណាស់ រឿងទឹកដីកម្ពុជាក្រោម ដែលជាអតីតទឹកដីរបស់ខ្មែរ។ លោក សម រង្ស៊ី បានថ្លែងឲ្យដឹងថា៖ «បើខ្មែរយើងសព្វថ្ងៃ (ខ្មែរកណ្ដាល) ទៅជួយខ្មែរនៅកម្ពុជាក្រោម ជួយលើក​ទឹក​ចិត្ត (...) ឲ្យទាមទារសិទ្ធិសេរីភាព ឲ្យតវ៉ាប្រឆាំងចំពោះប្រទេសវៀតណាមនោះ គឺយួនព្រួយបារម្ភ ព្រោះ​ខ្លាច​ខ្មែរ​ក្រោម​ងើប (...) នាំឲ្យយួនពិបាកមែនទែន បញ្ហាផ្ទៃក្នុងគេ»។

លោកបានបន្តទៀតថា៖ «អញ្ចឹងគេធ្វើម៉េចសម្លុត ឲ្យរដ្ឋាភិបាលនៃប្រទេសកម្ពុជា ជួយសម្លុតកម្ពុជាក្រោម កុំ​ឲ្យ​កម្ពុជាក្រោម មានលទ្ធភាពធ្វើអី។ សូម្បីខ្មែរកម្ពុជាក្រោម រត់គេពីយួន មករស់នៅកម្ពុជា​កណ្ដាល​យើង​សព្វថ្ងៃ ក៏​គេ​កៀប​សង្កត់ គេរើសអើង បើហ៊ានធ្វើអីខ្លាំង គេចាប់បញ្ជូនទៅស្រុកយួនវិញ។»

លោក សម រង្ស៊ី បានសរុបសេចក្ដីមកថា៖ «អញ្ចឹងឃើញឬទេ? លោក ហ៊ុន សែន គាត់រក្សា​អំណាច​របស់​យួន​ទាំង​បី។»៕

---------

» វីដេអូនៃការថ្លែងទាំងស្រុង របស់លោក សម រង្ស៊ី៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...