គ.ជ.ប បើកភ្លើងខៀវឲ្យបក្សនយោបាយហែរឃោសនា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញគោលជំហរអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយមានសិទ្ធិឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ។
ការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃដំបូងទី២៧ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ U. Bory)
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤
---------------------------------------
ច្បាប់ - « (គ.ជ.ប)បានធ្វើលិខិតស្នើគ្រប់អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កលក្ខណៈសមស្រប ដល់គណបក្សនយោបាយ និងបេក្ខជន ធ្វើសកម្មភាពឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤»។ នេះជាការបញ្ជាក់របស់ គ.ជ.ប ជូនដល់លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈលិខិត ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ ។
ក្នុងលិខិតដដែលនោះក៏បានពន្យល់ដែរថា ការស្នើឲ្យសម្រួលដល់ការឃោសនានេះ គឺបានកើតឡើងក្រោយពី ទទួលបានរបាយការណ៍សន្តិសុខ និងបានជួបពិភាក្សាជាមួយកំលាំងលេខាធិការដ្ឋានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត ដែលមានតួនាទីរក្សាសន្តិសុខ សន្តិភាព សម្រាប់ការបោះឆ្នោត។
គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត ដែលមានតួនាទីរក្សាសន្តិសុខ សន្តិភាព សម្រាប់ការបោះឆ្នោត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ បានចេញសេចក្តីថ្លែងការណ៍ ដោយហាមប្រាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត មិនឲ្យយកទីសាធារណៈ ឬសាលសាធារណៈ ធ្វើជាកន្លែឃោសនាបោះឆ្នោតអចិន្រ្តៃយ៍ ឡើយ។
ក្រោយការចេញសេចក្តីថ្លែងការណ៍នោះគណបក្សសង្រ្គោះជាតិ បានអះអាងថាគណបក្សខ្លួននឹងមិនគោរពតាមបទបញ្ជាអាជ្ញាធរនោះទេ តែនឹងគោរពតាមច្បាប់បោះឆ្នោត ដែលអនុញ្ញាតឲ្យគណបក្សនយោបាយ មានសិទ្ធិគ្រប់គ្រាន់សម្រាប់ឃោសនា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ។
ចំពោះករណីនេះលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ នេះថា (គ.ជ.ប) មិនដែលហាមឃាត់មិនឲ្យគណបក្សនយោបាយ ឃោសនា ស្របតាមគោលការណ៍ច្បាប់បោះឆ្នោតនោះទេ តែការហាមឃាត់កន្លងមក ជាការស្នើសុំរបស់សាលារាជធានីភ្នំពេញ និងគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត។
គួរកត់សម្គាល់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ២ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៤។ ហើយថ្ងៃបោះឆ្នោតអសកលនេះ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៤ ដោយមានគណបក្សនយោបាយចំនួន ៥ ចូលរួមប្រកួតប្រជែង មានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៕