តុលាការធម្មនុញ្ញថៃទម្លាក់ យីងឡាក់ ពីនាយករដ្ឋមន្ត្រី ព្រោះរំលោភអំណាច
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រីរបស់ប្រទេស នៅថ្ងៃពុធទី៧ ខែឧសភានេះបន្ទាប់ពីតុលាការនេះ បានរកឃើញថា ស្ត្រីប្រមុខដឹកនាំថៃរូបនេះ បានរំលោភទៅលើការប្រើប្រាស់អំណាច។ ការសម្រេចរបស់តុលាការ បានប៉ះពាល់លោកស្រី និងសមាជិកជាច្រើនរបស់រដ្ឋាភិបាល។ តែលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក នីវ៉ាទំរង់ ប៊ុនសុងផាយសន (Niwattumrong Boonsongpaisan) ត្រូវបានតែងតាំងឲ្យមកធ្វើជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្ន។
នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងដោយទឹកភ្នែកថា លោកស្រីមិនលាលែងពីតំណែងទេ កាលពីប៉ុន្មានខែមុន។ (រូបថត Reuter)
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤
-----------------------------------
នយោបាយថៃ - លោកស្រី យីងឡាញ ស៊ីណាវ៉ាត្រា ដែលបានប្រឈមនឹងការទាមទារតវ៉ា នៅតាមដងផ្លូវ តាំងពីជាង៦ខែមកហើយនោះ «មិនអាចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលជាអ្នកដើមហេតុ នៅក្នុងសំនុំរឿងនេះទេ»។ នេះជាការប្រកាសសាលដីការសម្រេច របស់តុលាការធម្មនុញ្ញថៃ ពីសំណាក់ប្រធានអង្គជំនុំ លោកចៅក្រម ឆារ៉ុង អ៊ីតាចាន់ (Charoon Intachan)។
មិនមែនតែលោកស្រី យីងឡាក់ តែម្នាក់ទេ តែរដ្ឋមន្ត្រីជាច្រើនទៀត នៅក្នុងរដ្ឋាភិបាលរបស់លោកស្រី ក៏ត្រូវបានតុលាការរកឃើញដែរថា មានជាប់ពាក់ព័ន្ធនៅក្នុងសំនុំរឿងដ៏ចម្រូងចម្រាស់ ទាក់ទងនឹងការដកតំណែងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសថៃ។ អង្គជំនុំ មិនបានបញ្ជាក់ឈ្មោះក្រុមរដ្ឋមន្ត្រីទាំងនោះទេ បង្កឲ្យមានការសង្ស័យ ពីលទ្ធភាពនៃការជំនួសតំណែងនាយករដ្ឋមន្ត្រី ដោយវីរះជនណាផ្សេង។ យ៉ាងណាក៏ដោយ តុលាការធម្មនុញ្ញនេះ បានបដិសេធពីការតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដោយបានលើកហេតុផលថា ខ្លួនគ្មានអំណាចក្នុងការធ្វើកិច្ចការនេះឡើយ។
រំលោភលើអំណាច
សំនុំរឿងនេះ បានជាប់ទាក់ទងនឹងការដកប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសថៃ លោក ថាវិល ភ្លេនស្រ៊ី (Thawil Pliensri) បន្ទាប់ពីការឡើងមកកាន់អំណាចជានាយករដ្ឋមន្ត្រី របស់លោកស្រី យីងឡាក់ នៅឆ្នាំ២០១១។ ប៉ុន្តែលោក ថាវីល បានត្រឡប់មកកាន់កាប់តំណែងនេះវិញ បន្ទាប់ពីមានសាលដីការសម្រេច របស់តុលាការរដ្ឋបាល នៅពេលបន្ទាប់ក្រោយមក។
ជាមួយនឹងការសម្រេចរបស់តុលាការរដ្ឋបាលថៃនេះ ព្រឹទ្ធសមាជិកមួយក្រុម បានបន្តពាក្យបណ្ដឹងរបស់ពួកគេ ទៅកាន់តុលាការធម្មនុញ្ញថៃ បន្ទាប់ពីពួកគេបានរកឃើញថា ការដកចេញដាក់ចូលនេះ ត្រូវបានធ្វើដើម្បីជាភាពចំណេញនយោបាយ ទៅឲ្យគណបក្សភឿថៃ។
ប្រធានតុលការធម្មនុញ្ញ បានប្រកាសនៅថ្ងៃពុធនេះ ទៀតថា «ចៅក្រមទាំងអស់បានសម្រេចជាឯកច្ឆ័ន្ទ ថាលោកស្រី យីងឡាក់ បានរំលោភលើអំណាចជានាយករដ្ឋមន្ត្រី» ដើម្បីធ្វើការដកចេញដាក់ចូល ដោយ«ខុសច្បាប់» នូវតំណែងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីជាភាព«ចំណេញនយោបាយផ្ទាល់ខ្លួន»។
ក្រុមបាតុករប្រឆាំងអបអរសាទរ
មិនមានអ្វីប្លែកទេ ដែលក្រុមបាតុករប្រឆាំង បានអបអរសាទរនឹងសាលដីការសម្រេច របស់តុលាការធម្មនុញ្ញថៃនេះ។ ក្រុមអ្នកតវ៉ាទាំងនេះ បានធ្វើការចុះមកប្រឆាំងនៅតាមដងផ្លូវសឹងជារៀងរាល់ថ្ងៃ តាំងពីជាង៦ខែមកហើយ។
ការតវ៉ាកាន់តែចុះថមថយកម្លាំង បើប្រៀបធៀបតាំងពីដំបូងទីមក ហើយបានធ្វើឲ្យមនុស្សយ៉ាងតិច២៥នាក់ ត្រូវបានសម្លាប់។ អ្នកតវ៉ាបានចោទប្រកាន់លោកស្រី យីងឡាក់ និងបងប្រុសរបស់លោកស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានទម្លាក់ពីអំណាច ដោយរដ្ឋប្រហារមួយនៅឆ្នាំ២០០៦ ថាបានបង្កើតឲ្យមានអំពើពុករលួយជាប្រព័ន្ធមួយ នៅក្នុងប្រទេស។ ប៉ុន្តែក្រុមអ្នកគាំទ្ររដ្ឋាភិបាល ដែលភាគច្រើនមានអាវក្រហមនោះ បានបដិសេធការចោទប្រកាន់ខាងលើ ហើយបានព្រមានពីការតបតរដ៏ខ្លាំងក្លាមួយរបស់ពួកគេ ក្នុងពេលខាងមុខ៕