ថៃ៖ នគរបាលហៅកងទ័ពឲ្យជួយ បន្ទាប់ពីផ្ទុះហិង្សាមានស្លាប់ និងរបួស
យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអំពើហិង្សាមួយបានផ្ទុះឡើង នៅថ្ងៃសៅរ៍ទី៣០ខែវិច្ឆិកានេះ រវាងក្រុមប្រឆាំង និងក្រុមអ្នកគាំទ្ររដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ នគរបាលបានស្នើសុំទៅកងទ័ពថៃ នៅថ្ងៃសៅរ៍ដដែលនេះ ឲ្យបញ្ជូនកម្លាំងបន្ថែមដើម្បីពង្រឹកការដើរល្បាត និងការពារសុវត្តិភាព ខណៈពេលដែលក្រុមបាតុករប្រឆាំងឯកសណ្ឋានពណ៌លឿង គម្រាមចូលទៅកាន់កាប់វិមានរដ្ឋាភិបាលនៅថ្ងៃអាទិត្យនេះ។
ការប្រឈមមុខ រវាងនគរបាលនិងក្រុមបាតុករប្រឆាំងថៃ។ (រូបថត © Damir Sagolj / Reuters)
នយោបាយថៃ - អ្នកនាំពាក្យនគរបាលជាតិ លោក ពីយ៉ា អ៊ូតាយូ បានឆ្លើយនៅក្នុងសន្និសិទកាសែតមួយ ដែលផ្សាយតាមទូរទស្សន៍ថា «កងទ័ពនឹងបញ្ជូនកងកម្លាំងជាច្រើនកង ដើម្បីធ្វើការយាមល្បាតរួម ជាមួយនឹងកងកម្លាំងនគរបាល»។ បើតាមអ្នកនាំពាក្យរូបនេះ កងទាហានចំនួនជិត៣ ០០០នាក់ នឹងមកធ្វើការរួមជាមួយនឹងកងកម្លាំងនគរបាល ដើម្បីធានាឲ្យបាន នូវ«សន្តិភាព និងស្ថិរភាព»។
តុល្យភាពចុងក្រោយ ដែលបណ្ដាញសារព័ត៌មានទទួលបាននៅម៉ោងនេះ បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើង ហើយមានមនុស្ស៥នាក់ទៀត បានរងរបួស។ អ្នកទទួលខុសត្រូវផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ប៉ង់យ៉ា ជេនេរ័ល (Panya General) បាននិយាយថា «បុរសម្នាក់ទទួលមួយគ្រាប់កាំភ្លើងចំភ្លៅ និងម្នាក់ទៀតចំពីក្រោយខ្នង»។
ការផ្ទុះអាវុធបានកើតឡើង ខណៈពេលការប្រឈមមុខគ្នា ប្រែក្លាយជាហិង្សាមួយ បង្កឡើងដោយក្រុមប្រឆាំងលោកស្រីនាយករដ្ឋមន្ត្រី ទៅលើក្រុមមនុស្សដែលពួកគេយល់ថា បានធ្វើដំណើរទៅចូលរួមក្នុង បាតុកម្មគាំទ្ររដ្ឋាភិបាលនៅនឹងពហុកីឡាដ្ឋានមួយ កណ្ដាលរាជធានីបាងកក។ ក្រុមអាវក្រហម ប្រមាណជា ៧ម៉ឺននាក់ ដែលត្រូវបានគេស្គាល់ថា សុទ្ធសឹងជាអ្នកគាំទ្ររដ្ឋាភិបាលនោះ បានប្រមូលគ្នានៅថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកានេះ នៅក្នុងកីឡាដ្ឋាន ដើម្បីបង្ហាញការគាំទ្ររបស់ពួកគ ទៅលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។
នៅពេលជាមួយគ្នានោះ ក្រុមប្រឆាំងរាប់រយនាក់ផ្សេងទៀត នៅខាងក្រៅកីឡាដ្ឋាន បានប្រឈមមុខនឹងក្រុមនគរបាល ហើយបានធ្វើការវាយប្រហារ ដោយដុំថ្ម និងកៅអីជ័រ ទៅលើរថយន្ដក្រុង ដែលដឹកក្រុមអាវក្រហម មកចូលរួមបាតុកម្មនៅក្នុងកីឡាដ្ឋាន។
រលកចលនាប្រឆាំងទាំងនេះ បានកើតឡើងតាំងពីជាងមួយខែហើយ ប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ដោយសារតែគម្រោងច្បាប់លើកលែងទោសមួយ ដែលស្នើសុំដោយរដ្ឋាភិបាល ត្រូវបានក្រុមអាវលឿងយល់ថា ជាគម្រោងច្បាប់ដើម្បីធ្វើការលើកលែងទោស អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវជាបងប្រុសបង្កើតនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លោក ថាក់ស៊ីន ត្រូវបានបណ្ដេញចេញពីអំណាចដោយសាររដ្ឋប្រហារមួយ នៅឆ្នាំ២០០៦ ហើយបន្ទាប់មកបានរត់គេចចេញពីការផ្ដន្ទាទោស របស់ប្រព័ន្ធយុត្តិធម៌ថៃ ទាក់ទងនឹងរឿងអាស្រូវពុករលួយដ៏ចម្រូងចម្រាស់មួយ ដែលរូបលោកផ្ទាល់បានចាត់ទុកថា ជាឆាកល្ខោនរៀបចំឡើង ដោយគូរសត្រូវនយោបាយរបស់លោក។
ក្រុមប្រឆាំងបានទាមទារឲ្យលោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លាលែងចេញពីដំណែង ហើយសុំឲ្យបញ្ចប់នូវ«ប្រព័ន្ធដឹកនាំរបស់ថាក់ស៊ីន» ដែលពួកគេយល់ថា បានកាន់ខ្សែញាក់ឲ្យរដ្ឋាភិបាលទាំងឡាយ ដែលស្និតនឹងអតីតនាយករដ្ឋមន្ត្រីរូបនេះ ជាច្រើនអាណត្តិកន្លងមក។ រដ្ឋាភិបាលលោកស្រី យីងឡាក់ បានធ្វើគ្រប់យ៉ាងដើម្បីជៀសវាង ការប្រឈមមុខរវាងអាជ្ញាធរ និងបាតុករអាវលឿងទាំងនេះ។ តែផ្ទុយទៅវិញ ក្រុមបាតុករប្រឆាំង បានបន្ថែមការបង្ករឿង ហើយបានចូលទៅកាន់កាប់អាគារមន្ទីរក្រសួងរដ្ឋបាល ជាច្រើនក្នុងសប្ដាហ៍កន្លងមកនេះ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ