ផូល វ័កឃ័រ តារាភាពយន្ដល្បីក្នុង«Fast and Furious» ស្លាប់ក្នុងគ្រោះថ្នាក់រថយន្ដ
ដំណឹងដែលធ្វើឲ្យពិភពភាពយន្ដរន្ធត់ នៅថ្ងៃអាទិត្យទី០១ខែធ្នូនេះ បានធ្លាក់ឲ្យដឹងពីមរណភាពរបស់តារាភាពយន្ដមួយរូប ដែលធ្លាប់សម្ដែង និងមានឈ្មោះបោះសម្លេងនៅលើផ្ទាំងសំពត់ស នៃកម្រងរឿង «Fast and Furious (ល្បឿននិងកំហឹង)»។ លោក ផូល វ័កឃ័រ (Paul Walker) តារាភាពយន្ដរបស់អាមេរិក អាយុ ៤០ឆ្នាំ ត្រូវបានគេឃើញស្លាប់ នៅក្នុងគ្រោះថ្នាក់រថយន្ដដ៏សោកសៅមួយ នៅក្បែរក្រុងឡូអេនជឺឡេស សហរដ្ឋអាមេរិក។
លោក ផូល វ័កឃ័រ តារាភាពយន្ដរបស់អាេមរិក អាយុ ៤០ឆ្នាំ បានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្ដ។ (រូបថត Ferdaus Shamim/WireImage)
តារាភាពយន្ដ - ភ្នាក់ងាររបស់តារាភាពយន្ដ បានសរសេរនៅលើទំព័រផ្លូវការ ហ្វេសប៊ុកនិងទ្វីសធើរ របស់តារាយ៉ាងដូច្នេះថា «ជារឿងមួយដ៏សោកសៅជាទីបំផុត ដែលយើងត្រូវប្រកាសថា ផូល វ័កឃ័រ បានទទួលមរណភាព នៅក្នុងគ្រោះថ្នាក់ដ៏រន្ធត់មួយ»។ សាក្សីជាច្រើននៅក្នុងហេតុការណ៍ បានស្គាល់ជនរងគ្រោះភ្លាមថា ជាតារាភាពយន្ដ ហើយមានម្នាក់ពីក្នុងនោះបានសាកល្បងទាញតារាភាពយន្ដ ពីគំនររថយន្ដនោះផង។ ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើ ដោយអាជ្ញាធរអាមេរិក ដើម្បីស្វែងរកមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់នេះ។
គេហទំព័រ TMZ បានផ្សាយឲ្យដឹងថា តារាភាពយន្ដបានអង្គុយអមនៅក្នុងរថយន្ដធុន ព័រសឺ (Porsche) ជាកម្មសិទ្ធ និងបើកបរដោយមិត្តភ័ក្រម្នាក់ទៀត បន្ទាប់ពីពួកគេបានចូលរួម នៅក្នុងកម្មវិធីស្ម័គ្រចិត្តមួយឈ្មោះ «Fast and Furious» ដើម្បីរៃប្រាក់វិភាគទាន ទៅជួនជនរងគ្រោះដោយខ្យល់ព្យុះ នៅហ្វីលីពីន ។ ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃសៅរ៍ វេលាម៉ោង ១៥និង៣០នាទី នៅក្នុងទីក្រុង សានតា ក្លារីតា ជាយក្រុងឡូអេសជឺឡេស រដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។
គេហទំព័រដដែលបានរាយការណ៍ថា អ្នកបើកបរបានបាត់បង់ ការបញ្ជាទៅលើរថយន្ដ ហើយបានបោលទៅបុកគល់ឈើមួយដើម យ៉ាងពេញទំហឹង បណ្ដាលឲ្យទាំងអ្នកបើកបរ ទាំងអ្នកជិះអម បានបាត់បង់ជីវិតទាំងពីរនាក់។
លោក ផូល វ័កឃ័រ បានឡើងកូដល្បីខ្លាំងជាតារាភាយន្ដអន្តរជាតិ បន្ទាប់ពីលោកបានចូលសម្ដែង តាំងពីឆ្នាំ២០០១មក ក្នុងកម្រងរឿង «Fast and Furious (ល្បឿននិងកំហឹង)» ជាមួយនឹងកំពូលតារាផ្សេងៗទៀត ក្នុងនោះមានលោក វីន ឌីយ៉េស៊ែល (Vin Diesel) ជាដើម។ នៅក្នុងកម្រងភាពយន្ដខ្នាតធំ នៃ«Fast and Furious (ល្បឿននិងកំហឹង)» ដែលមាន៦វគ្គចេញបញ្ចាំងនៅលើផ្ទាំងសំពត់ស លោក ផូល វ័កឃ័រ បានចូលរួមសម្ដែងបាន៥វគ្គ។ នៅ«មុន»ពេលលោកធ្វើមរណភាព លោកក៏កំពុងតែថតកម្រងរឿងនេះ ជាបន្តទៀតសម្រាប់វគ្គទី៧ ដែលនឹងត្រៀមបញ្ចាំងនៅឆ្នាំក្រោយ។
មុនគេបង្អស់ លោក វីន ឌីយ៉េស៊ែល បានថ្លែងជាសារលើបណ្ដាញសង្គម អ៊ីនស្ដាហ្គ្រាម (Instagram) សោកស្ដាយមិត្តរួមអាជីពរបស់លោកថា «ប្អូនប្រុសសម្លាញ់ ឯងនឹងធ្វើឲ្យបងនឹកប្អូនខ្លាំងណាស់។ បងនិយាយអ្វីលែងបានទាំងអស់។ មនុស្សមានទេពកោសល្យម្នាក់ទៀត បានធ្វើដំណើរឡើងទៅលើ(ថានសួគ៌)បាត់ហើយ។ ទៅឲ្យបានសុខណាប្អូន។» ចំណែកឯតារាផ្សេងទៀត ដែលថតភាពយន្ដ «Fast and Furious (ល្បឿននិងកំហឹង)» រួមនឹងតារារងគ្រោះ ក៏បានបញ្ចេញវិយោគកថា ជាបន្តបន្ទាប់ដូចគ្នាដែរ។ តារា លូដាគ្រីស (Ludacris) បានសរសេរនៅទ្វីសធើរថា «(...) ទោះអ្នកនៅទីណាក៏ដោយ ក៏អ្នកបានទុកស្លាកស្នាមមួយជានិច្ច ព្រោះពួកយើងប្រៀបបានដូចបងប្អូនបង្កើត ... អ្នកស្ថិតនៅជានិច្ចជាមួយយើង នៅក្នុងបេះដូងរបស់យើង»៕
សូមទស្សនារូបភាព និងវីដេអូនៃគ្រោះថ្នាក់រថយន្ដដ៏រន្ធត់នេះដូចតទៅ៖
--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ