ថៃ៖ មេបាតុករថា នាយករដ្ឋមន្ត្រីយីងឡាក់ មានពេល២ថ្ងៃទៀត
អ្នកនាំមុខនៃក្រុមបាតុករ លោក ស៊ូថេប ថោងស៊ូបាន (Suthep Thaugsuban) បានប្រកាសថា លោកបានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃអាទិត្យទី០១ខែធ្នូនេះ ដោយបានដាក់ឱសានវាទ ទៅលោកស្រី យីងឡាក់ ចំនួនពីរថ្ងៃ ដើម្បីឲ្យលោកស្រី និងរដ្ឋាភិបាលលោកស្រី ផ្ដល់អំណាចទៅឲ្យ«ប្រជាជន»វិញ។ ការប្រកាសនោះ ក៏បានបន្ថែមដែរថា គ្មានការយល់ព្រមណាមួយ ត្រូវបានសម្រេចដើម្បីបិទបញ្ចប់ការធ្វើបាតុកម្ម និងការកាន់កាប់អាគាររដ្ឋបាល នៃមន្ទីរក្រសួងនានា របស់ក្រុមបាតុករនោះទេ។
បាតុករអាវលឿង បានប្រើប្រាស់ដុំថ្ម វាយប្រហារលើរថយន្ដក្រុងដឹកក្រុមអាវក្រហម កាលពីរសៀលថ្ងៃសៅរ៍ទី៣០ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AFP)
នយោបាយថៃ - លោកស៊ូថេប ថោងស៊ូបាន ដែលថ្លែងបញ្ជាក់ថា «យីងឡាក់ មិនបានឆ្លើយអ្វីទាំងអស់។ យើងរក្សាគម្រោងរបស់យើងតទៅទៀត។ ហើយគម្រោងនេះ នឹងបិទបញ្ចប់ក្នុងរយៈពេល ២ថ្ងៃខាងមុខទៀត។» ការថ្លែងរបស់លោកនេះ បានធ្វើឡើងក្រោយពេលដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានព្យាយាមសម្រុកចូលទៅកាន់កាប់ វិមានរដ្ឋាភិបាលមិនបានសម្រេច នៅពេញមួយថ្ងៃអាទិត្យដដែលនេះ។ លោក ស៊ូថេប ដែលកំពុងត្រូវបានតុលាការស្វែងរកចាប់ខ្លួន ពីបទដឹកនាំឲ្យបាតុករចូលទៅកាន់កាប់អាគារក្រសួងហិរញ្ញវត្ថុរូបនេះ បានបន្ថែមថា «ជាលើកទីមួយហើយ ដែលខ្ញុំជួបជាមួយ យីងឡាក់»។
គួរបញ្ជាក់ដែរថា លោកស៊ូថេប កាលពីថ្ងៃសុក្រកន្លងមកនេះ ធ្លាប់និយាយថា ចលនាបាតុកម្មរបស់ពួកលោក នឹងធ្វើការវាយសម្រុកផ្ដាច់ព្រ័ត្ត ឲ្យខាងតែបាននៅចុងសប្ដាហ៍នេះ។ ប៉ុន្តែបើតាមអ្វីដែលលោកទើបនឹងប្រកាសនេះ លោកបានបន្តឱសានវាទនេះ ថែមពីរថ្ងៃទៀត ដោយសារតែបំណងរបស់ក្រុមបាតុករនៅថ្ងៃអាទិត្យ ត្រូវបានកងកម្លាំងនគរបាលចាត់វិធានការតបតរវិញ យ៉ាងចាស់ដៃ។
ការប្រឈមមុខ នៅថ្ងៃអាទិត្យ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់
កងកម្លាំងនគរបាលបានប្រើប្រាស់ឧស្ម័នបាញ់បង្ហូទឹកភ្នែក និងរថយន្ដបាញ់ទឹក ដើម្បីរុញច្រានមិនឲ្យសម្រេចក្នុងដំណើររុលទៅមុខ នៃក្រុមបាតុករប្រឆាំងទាំងនេះ ដែលទាមទារឲ្យខាងតែបាន ឲ្យរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី យីងឡាក់ ចុះចេញពីតំណែក។ ប្រភពនិងសាក្សីជាច្រើន បាននិយាយថា ការប្រឈមមុខគ្នានេះ បានបង្កឲ្យមនុស្សបួននាក់បានស្លាប់ និងច្រើនជាង៤០នាក់ផ្សេងទៀត រងរបួស។
តុល្យភាពខាងលើនេះ បានខុសបន្តិចពីរបាយការណ៍ផ្លូវការ របស់មជ្ឈមណ្ឌលជួយសង្គ្រោះ អ៊ឺរ៉ាវ័ន (Erawan) ដែលនិយាយថា មានមនុស្សស្លាប់តែពីរនាក់ប៉ុណ្ណោះ និងអ្នករបួស៤៥នាក់។ របាយការណ៍នោះ ក៏បានលើកមកបង្ហាញដែរ ថាការប្រឈមមុខគ្នានៅថ្ងៃសៅរ៍ បានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង២១នាក់ផ្សេងទៀតរងរបួស។
បាតុករប្រឆាំងថយមកនៅ ៣ម៉ឺន៥ពាន់នាក់
ក្រុមបាតុករដែលមានរួមបញ្ចូល ពួកអភិជន មាននិន្នាការអភិរក្សនិយមស្និតនឹងគណបក្សប្រជាធិបតេយ្យ និងពួក«អាមាត្យ»អន្ទ្រើសៗ ដែលមាននិន្នាការរាជានិយម«ផ្កាប់មុខ» មានកំហឹងតែមួយដូចគ្នា នោះគឺការស្អប់ខ្ពើមយ៉ាងខ្លាំង លោកមហាសេដ្ឋី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បងប្រុសបង្កើតរបស់លោកស្រីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លោកស្រី យីងឡាក់ ត្រូវបានក្រុមបាតុករប្រឆាំងចោទថា ជាអាយ៉ងស្ថិតក្រោមខ្សែញាក់របស់បងប្រុសរបស់ខ្លួន។
កម្លាំងបាតុករនៅថ្ងៃអាទិត្យនេះ បើតាមនគរបាលបានថ្លែងអះអាងថា មានការថយចុះច្រើន តែ៣ម៉ឺនប្រាំពាន់នាក់ប៉ុណ្ណោះ បើប្រៀបធៀបទៅសប្ដាហ៍កន្លងទៅ ដែលមានចំនួនដល់ទៅ ១សែន៨ម៉ឺននាក់។ តែផ្ទុយទៅវិញ ខាងអ្នករៀបចំបាតុកម្មថាក្រុមគ្នីគ្នារបស់ពួកគេ នៅតែមានចំនួនច្រើនលើសលប់ដដែល៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ