ញ៉ូយក៖ រថភ្លើង​រត់​ចេញ​ពី​ផ្លូវ​ដែក បង្ក​គ្រោះ​ស្លាប់​៤​នាក់​របួស​៦៧​នាក់

យ៉ាងហោចណាស់មនុស្សបួននាក់ បានស្លាប់ និង៦៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់​រថភ្លើងមួយខ្សែ វេលាព្រឹកថ្ងៃអាទិត្យទី០១ខែវិច្ឆិកា នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ រថភ្លើងបានរត់ងាកចេញ​ពី​ផ្លូវដែករបស់វា ហើយបានអូសខ្លួនជាច្រើនម៉ែត្រ មុននឹងឈប់ស្ងៀមមិនឆ្ងាយប៉ុន្មាន ពីស្ទឹងមួយដែលបានកកក្លាយ​ជាទឹកកក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់មនុស្សបួននាក់ បានស្លាប់ និង៦៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់​រថភ្លើងមួយខ្សែ វេលាព្រឹកថ្ងៃអាទិត្យទី០១ខែវិច្ឆិកា នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ រថភ្លើងបានរត់ងាកចេញ​ពី​ផ្លូវដែករបស់វា ហើយបានអូសខ្លួនជាច្រើនម៉ែត្រ មុននឹងឈប់ស្ងៀមមិនឆ្ងាយប៉ុន្មាន ពីស្ទឹងមួយដែលបានកកក្លាយ​ជាទឹកកក។


ទិដ្ឋភាពពីលើអាកាសនៃគ្រោះថ្នាក់រថភ្លើង ថ្ងៃទី០១ខែធ្នូឆ្នាំ២០១៣ នៅទីក្រុងញ៉ូយក។ (រូបថត AP)

គ្រោះថ្នាក់រថភ្លើង - ក្រុមអ្នកជួយសង្រ្គោះបានប្រកាសថា អ្នកស្លាប់មានចំនួន៤នាក់ និងអ្នករបួសមានចំនួន៦៧នាក់ ក្នុងនោះ១១នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ក្រុមអ្នកសង្គ្រោះដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកទាំងបួន​ដែល​បានស្លាប់ ជនរងគ្រោះ៣នាក់ ត្រូវបានឃើញស្លាប់នៅខាងក្រៅរថភ្លើង និងម្នាក់ទៀតនៅខាងក្នុង។ ចំពោះអ្នក​របួស​វិញ បានរងគ្រោះបាក់ភ្លៅ ឬស្មងជើង។ អ្នកខ្លះទៀតរងការប៉ះទង្គិច ដោយត្រូវចំក្បាល និងរាងកាយផ្សេងទៀត។

ហេតុការណ៍បានកើតឡើង នៅក្នុងសង្កាត់ប៊្រុន (Bronx) វេលាព្រឹកម៉ោងប្រមាណជា ៧និង២០នាទី (ម៉ោងក្នុងស្រុក) ខណៈពេលដែលរថភ្លើងបានធ្វើដំណើរមកដល់ផ្លូវបត់ មុននឹងទៅចតនៅស្ថានីយ៍ ស្ពុយតេន ឌុយវីល (Spuyten Duyvil) ផ្នែកខាងជើងនៃសង្កាត់ម៉ាណតាន់ (Manhattan)។ រថភ្លើងនេះ បានចេញពីស្ថានីយ៍ដើមរបស់វា  នៅក្នុង​ក្រុង ពូងកឺស៊ី (Poughkeepsie ស្ថិតក្នុងរដ្ឋញ៉ូយក ផ្នែកខាងជើងទីក្រុងញ៉ូយកសព្វថ្ងៃ) វេលាម៉ោង៦ព្រឹក ហើយនឹង​ធ្វើ​ដំណើរទៅដល់ស្ថានីយ៍ធំ កណ្ដាលទីក្រុងញ៉ូយក នៅមុនម៉ោង៨បន្តិច។

គ្រោះថ្នាក់នេះ មិនមានការសង្ស័យណាមួយ ឬនរណាម្នាក់លើកឡើង ទាក់ទងនឹងឧក្រិដ្ឋកម្ម ឬអំពើភេវរកម្មនោះ​ឡើយ។

ទូរថភ្លើងចំនួន៧ បានរត់ចេញពីផ្លូវដែក ក្នុងនោះទូរថភ្លើងចំនួន៤ បានខ្ទាតចេញពីផ្លូវហើយទៅឈប់ស្ងៀម នៅក្នុង​ឧទ្យានព្រៃឈើមួយនៅជាប់ក្បែរខាង។ ចំណែកឯទូចុងក្រោយគេវិញ បានងាកទៅឈប់ស្ងៀម តែប៉ុន្មានមែត្រ​ប៉ុណ្ណោះ​ពីស្ទឹង ហាឡឺម (Harlem) ដែលខ័ណ្ឌចែកសង្កាត់ប៊្រុណ និងផ្នែកខាងជើងនៃសង្កាត់ ម៉ាណាតាន់។ នៅក្នុង​រដូវកាលនេះ ទឹកស្ទឹងបានកកទៅជាទឹកកកផ្នែកខាងលើ ហើយវានឹងមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ប្រសិនបើរថភ្លើង​ខ្ទាតខ្លួន ទៅនៅលើទីនោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកជំនាញខាងជ្រមុជទឹក ត្រូវបានគេបញ្ជូនទៅកាន់ទីនោះ ដើម្បីស្វែងរកជន​រង​គ្រោះណាផ្សេង ដែលអាចធ្លាក់ចូលក្នុងទឹកជាយថាហេតុ។ ជាលទ្ធផលចុងក្រោយ មិនមាននរណាម្នាក់ត្រូវ​បាន​ខ្ទាត​ខ្លួនទៅទីនោះទេ។

សាក្សីជាអ្នកដំណើរម្នាក់ បានថ្លែងប្រាប់ទូរទស្សន៍ អេប៊ីស៊ីថា រថភ្លើងបានរត់ក្នុងល្បឿន«លឿនជាង»ល្បឿន ដែល​រថភ្លើងនេះធ្លាប់រត់ពីមុនមក ពេលមកដល់ផ្លូវបត់ដ៏គ្រោះថ្នាក់នេះ។ សាក្សីរូបនេះ បានបញ្ជាក់ថាគាត់មាន​របួសនៅ​ក្បាល និងកញ្ចឹងក តែគាត់អាចចេញពីរថភ្លើងបានដោយខ្លួនឯង។ សាក្សីម្នាក់ទៀត ដែលធ្វើដំណើរជាមួយរថភ្លើង​នេះតាំងពី៣០ឆ្នាំមកនោះ ក៏បានលើកមកនិយាយដែរ ថារថភ្លើងបានរត់ក្នុងល្បឿនហួសកម្រិត។

នាយនគរបាលនៃទីក្រុងញ៉ូយក លោក រ៉េ ឃេលី បាននិយាយទៅកាន់អ្នកកាសែតថា អ្នកបើកបររថភ្លើង​នៅរស់រាន​មានជីវិត ហើយនឹងត្រូវយកមកសួរនាំ។ នាយនគរបាលបានបញ្ជាក់ទៀតថា «ខណៈនេះ អ្នកបើកបរកំពុង​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យ ជាមួយនឹងស្ថានភាពមួយនឹងនរ។ គាត់មានស្មារតីល្អនៅឡើយ។» អ្នកដំណើរនៅលើរថភ្លើង មានចំនួនច្រើនជាង ១៥០នាក់ ហើយបណ្ដាអ្នករបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះជាបន្ទាន់៕

----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...