ការ​​ចោទ​ប្រកាន់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ថៃ ជា​ការ​ដោះ​ដូរ​នយោបាយ?

ខណៈបាតុករប្រឆាំងបានចុះតាមដងផ្លូវ តាំងពីជាងមួយខែមកហើយ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចុះចេញពីតំណែងនោះ នៅក្នុងតុលាការឯណោះវិញ តុលាការបានធ្វើការចោទ​ប្រកាន់​លោក អាភីសិត វៀចាជីវ៉ា (Abhisit Vejjajiva) ប្រធានគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំង ពីបទ​«មនុស្សឃាត»​នៅពេលដែលមានការបង្ក្រាបមួយ ទៅលើបាតុកម្មនៃក្រុមអាវក្រហមកណ្ដាលរាជធានីបាងកក កាលពីឆ្នាំ២០១០។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈបាតុករប្រឆាំងបានចុះតាមដងផ្លូវ តាំងពីជាងមួយខែមកហើយ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចុះចេញពីតំណែងនោះ នៅក្នុងតុលាការឯណោះវិញ តុលាការបានធ្វើការចោទ​ប្រកាន់​លោក អាភីសិត វៀចាជីវ៉ា (Abhisit Vejjajiva) ប្រធានគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំង ពីបទ​«មនុស្សឃាត»​នៅពេលដែលមានការបង្ក្រាបមួយ ទៅលើបាតុកម្មនៃក្រុមអាវក្រហមកណ្ដាលរាជធានីបាងកក កាលពីឆ្នាំ២០១០។


លោក អាភីសិត វៀចាជីវ៉ា នៅក្នុងតុលាការ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត AP)

នយោបាយថៃ - នៅឆ្នាំ២០១០ លោក អាភីសិទ វៀចាជីវ៉ា ស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រី ហើយការបង្ក្រាប​បាតុករអាវក្រហម ស្និតនឹងអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកងកម្លាំងប្រដាប់អាវុធធ្វើ​នៅ​ពេល​នោះ បានធ្វើឲ្យមនុស្ស៩០នាក់ស្លាប់ និង១៩០០នាក់ផ្សេងទៀត រងរបួស។ បច្ចុប្បន្ន លោក អាភីសិត ជាប្រធាន​គណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការចោទប្រកាន់ នៅថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូថា លោកមានជាប់ពាក់ព័ន្ធ​នៅ​ក្នុងព្រឹត្តិការណ៍នោះ។

«កូនក្ដីរបស់ខ្ញុំ បានច្រានចោលការចោទប្រកាន់ទាំងនោះ» នេះជាការប្រកាសរបស់មេធាវី ការពារក្ដីឲ្យលោក អាភីសិត។ ចំណែកលោក អាភីសិតវិញ មិនបានបកស្រាយអ្វី នៅចំពោះមុខក្រុមអ្នកការសែតនោះទេ។ លោកត្រូវ​បានតុលាការអនុញ្ញាត ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីរងចាំថ្ងៃបើកសវនាការ ដែលនឹងត្រៀមធ្វើនៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤ខាងមុខ។

លោក ស៊ូថេប ថោងស៊ូបាន ដែលនៅឆ្នាំ២០១០ជាឧបនាយករដ្ឋមន្ត្រី ក៏ត្រូវបានតុលាកាធ្វើការចោទប្រកាន់ដូចគ្នា តែលោកមិនមានវត្តមាននៅក្នុងតុលាការ នៅថ្ងៃនេះទេ។ តុលាការបានសង្ស័យថា លោកបានបញ្ជាឲ្យកងកម្លាំង​ប្រដាប់អាវុធ ឲ្យប្រើកាំភ្លើងជាមួយគ្រាប់ពិត បាញ់ទៅលើបាតុករនៅសម័យកាលនោះ។ បើទោះជានៅពេលនេះ មានដីការឲ្យចាប់ខ្លួនលោក ពីបទពន្យុះឲ្យបាតុករចូលទន្ទ្រានអាគារសាធារណៈ និងពីបទបំបះបំបោរក៏ដោយ ក៏​លោក ស៊ូថេប នៅតែមានសេរីភាព ហើយបានកំពុងដឹកនាំបាតុកម្ម ដែលមានរយៈពេលជាង១ខែមកហើយ ប្រឆាំង​នឹងរដ្ឋាភិបាលសព្វថ្ងៃ ដឹកនាំដោយ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

សំនុំរឿងក្ដីដ៏ចម្រូងចម្រាស់នេះ បានកើតឡើងចំពេលដែលប្រទេសថៃ កំពុងឆ្លងកាត់ពេលវេលាមួយដ៏លំបាក។  សាស្ត្រាចារ្យមួយរូប ពីសកលវិទ្យាល័យជូឡាឡុងកន ដែលជាអ្នក​តាមដានសភាពការណ៍នយោបាយនេះយ៉ាង​ជិត​ដិតនោះ បានសម្លឹងឃើញបញ្ហានេះ ដោយដាក់ចេញនូវសេចក្ដីសន្និដ្ឋានពីរយ៉ាង៖

ទីមួយ៖ ការចោទប្រកាន់ដោយតុលាការ ទៅលើមេដឹកនាំគណបក្សប្រឆាំង នឹងអាចដុតកម្ដៅក្រុមបាតុករប្រឆាំង ដែលកំពុងតែមានកម្លាំងស្រាប់ ឲ្យធ្វើសកម្មភាពកាន់តែខ្លាំងឡើងថែមទៀត ហើយអាចឈានទៅប្រើហិង្សា​ដើម្បី​រំលំរដ្ឋាភិបាល លោកស្រី យីងឡាក់។ ប៉ុន្តែ ដំណោះស្រាយទីមួយនេះ នឹងអាចធ្វើឲ្យប្រទេសថៃត្រូវបែកជាពីរ ដោយ​សារតែក្រុមអាវក្រហម ដែលគាំទ្រមិនងាកររនូវគ្រួសារត្រកូល ស៊ីណាវ៉ាត្រានោះ ច្បាស់ជាមិនទុកឲ្យបាតុករ​អាវ​លឿងសព្វថ្ងៃ ធ្វើអ្វីស្រេចនឹងចិត្តនោះទេ។

ទីពីរ៖ រដ្ឋាភិបាលអាចប្រើរូបភាព នៃការចោទប្រកាន់របស់តុលាការ ដើម្បីទប់ទល់នឹងបាតុកម្មប្រឆាំង ហើយក៏អាច​បង្ខំ​ឲ្យមេដឹកនាំគណបក្សប្រឆាំងទាំងនេះ ឲ្យចូលមកចរចារជាមួយខ្លួនឡើងវិញ។ សេចក្ដីសន្និដ្ឋានទីពីរ ទំនងជាអាច​មានហេតុផលរបស់វា ហើយអាចធ្វើឲ្យសភាពការណ៍រំជើបរំជួលថ្ងៃនេះ ត្រឡប់មករកភាពស្ងប់ស្ងាត់វិញ។ មិនត្រឹម​តែ​ប៉ុណ្ណោះ បើការចរចារកើតមានមែន វាទំនងជាអាចឈាន ទៅរកការលើកលែងទោសលោក ថាក់ស៊ីន ដែល​បាន​គេចខ្លួនទៅក្រៅប្រទេស ពីការផ្ដន្ទាទោសរបស់តុលាការថៃ ពីបទពុករលួយនោះ​ថែម​ទៀត​ផង។

នៅយប់ថ្ងៃព្រហស្បត្តិ៍នេះ លោកស្រី យីងឡាក់ បានធ្វើសេចក្ដីអំពាវនាវមួយ អញ្ជើញគ្រប់ភាគីទាំងអស់ ដើម្បី​ចូល​រួម​​ពិភាក្សាដោះស្រាយវិបត្តិ ដែលនឹងប្រព្រឹត្តិនៅថ្ងៃអាទិត្យខាងមុខ។ លោកស្រី បានបញ្ជាក់នៅក្នុងសេចក្ដី​ថ្លែងនោះ​ថា រដ្ឋាភិបាលចង់បានយោបល់របស់ អ្នកដែលពាក់ព័ន្ធទាំងអស់ ដើម្បីកសាងប្រទេសថៃឆ្ពោះទៅមុខទាំងអស់គ្នា។ ប៉ុន្តែ​ក្រោយពីការប្រកាសរបស់នាយករដ្ឋមន្ត្រី អ្នកនាំពាក្យក្រុមបាតុករប្រឆាំង បានច្រានចោលការស្នើសុំនោះ ដោយ​និយាយថា លោកស្រី យីងឡាក់ មិនឆ្លើយឲ្យចំនឹងការចង់បានរបស់បាតុករ។

ទោះបីជាយ៉ាងណាក៏ដោយ គេនឹងរងចាំមើល នៅពេលអនាគត ថានឹងមានរឿងអ្វីកើតឡើងពិតប្រាកដ។ សូម​បញ្ជាក់​​ដែរថា គណបក្សប្រជាធិបតេយ្យរបស់លោក អាភីសិទ រៀចាជីវ៉ា មិនដែលបានឈ្នះឆ្នោតសកលនោះទេ តាំង​ពី​២០ឆ្នាំ​មក​ហើយ។ ប៉ុន្តែលោក និងគណបក្សរបស់លោក បានកាន់អំណាចចំនួនបីឆ្នាំ ពី២០០៨ មកឆ្នាំ២០១១ ដោយ​សារ​សាលដីការ​មួយ​របស់​តុលាការ បានរំលាយគណបក្សនយោបាយឈ្នះឆ្នោត៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...