ប្រាសាទព្រះវិហារ៖ មតិថាតាមផ្លូវច្បាប់ ប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត ខ្មែរនឹងឈ្នះសៀម
ខណៈតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ គ្រោងនឹងប្រកាសសាលដីកា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីជាការឆ្លើយតប នឹងបណ្តឹងរបស់ភាគីកម្ពុជា ស្មើឲ្យតុលាការអន្តរជាតិមួយនេះ បកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ ទាក់ទងនឹងកម្មសិទ្ធិលើដីទំហំ៤,៦គីឡូម៉ែតក្រឡា ដែលភាគីថៃបានទាមទារនោះ បានជម្រុញឲ្យអ្នកវិភាគឯករាជ្យ មានជំនឿថាប្រទេសកម្ពុជា អាចនឹងឈ្នះ លើរឿងក្តីនេះ ប្រសិនបើគេយោងទៅលើ ទិដ្ឋភាពច្បាប់ កត្តាប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត។
ប្រាសាទព្រះវិហាររបស់ខ្ញែរ។ (រូបថតឯកសារ MONOROOM.info)
រាជធានីភ្នំពេញ - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកបណ្ឌិត សុខ ទូច បានសរសេនៅលើទំព័រហ្វេសបុករបស់លោកថា៖ «យើងមានជំនឿមុតមាំថា ប្រាសាទព្រះវិហារជារបស់ខ្មែរជានិច្ច ដោយឈរលើ ផ្លូវគតិយុត្ត ប្រវត្តិសាស្រ្ត និង ភូមិសាស្រ្ត»។ ទន្ទឹមនឹងនេះអ្នកវិភាគឯករាជ្យរូបនេះ បានលើកឡើងនូវហេតុផលចម្បងៗ ចំនួន៩ចំណុច ដែលជាកត្តាគាំទ្រកម្ពុជាឲ្យមានប្រៀបលើភាគីថៃ ក្នុងនោះរួមមាន៖
១. យោងទៅលើសន្ធិសញ្ញាបារាំង-សៀម ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នានៅឆ្នាំ១៩០៤ និង១៩០៧។
២. ភាគីទាំងពីរបានឯកភាពជាមួយគ្នា ចំពោះផែនទីដែលបានគូសនៅឆ្នាំ១៩០៨ ហើយភាគីថៃថែមទាំងបានចម្លងផែនទីនោះ ទៅតម្តល់នៅ អាមេរិក បារាំង រុស្ស៊ី អង់គ្លេស និងភាគីអន្តរជាតិដ៏ទៃទៀត ដើម្បីឲ្យមានការទទួលស្គាល់ជាអន្តរជាតិ។
៣. តុលាការយុត្តិធម៌អន្តរជាតិ ធ្លាប់ចេញសាលដីកាសម្រេចឲ្យភាគីកម្ពុជាឈ្នះភាគីថៃ ក្នុងសំណុំរឿងនេះ តាំងពីឆ្នាំ១៩៦២ ហើយនៅក្នុងសេចក្តីសម្រេចនោះ បានបញ្ជាឲ្យភាគីថៃត្រូវកដកងទ័ព និងឆ្មាំចេញពីតំបន់ប្រាសាទព្រះវិហារ និងត្រូវប្រគល់រាល់វត្ថុបុរាណ ដែលបានយកចេញ ឲ្យភាគីកម្ពុជាវិញ។ ហើយនៅក្នុងសេចក្តីសម្រេចនោះបានបញ្ជាក់ច្បាស់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីខ្មែរ។
៤. តុលាការ នឹងគ្នានការប្រែប្រួល ក្នុងការបកស្រាយសាលដីកានេះឡើយ ព្រោះតុលាការនេះ ជាតុលាការអន្តរជាតិ ដែលអាចធានានបាន នូវឯរាជ្យភាពពិតប្រាកដ ក្នុងវិជ្ជាជីវៈរបស់ខ្លួន។
៥. ក្នុងសាលដីកា ដែលបានចេញកាលពីឆ្នាំ១៩៦២បានកំណត់ថា ភាគីទាំងពីរមានសិទ្ធិតវ៉ាក្នុងរយៈពេល១០ឆ្នាំ ក្រោយការប្រកាសសាលដីកា ប៉ុន្តែឥឡូវនេះឆ្នាំ២០១៣ទៅហើយ។
៦. អង្គការបេតិកភណ្ឌពិភពលោក(UNESCO ) បានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមការស្មើសុំរបស់ភាគីកម្ពុជា។ ដូច្នេះវាបានបញ្ជាក់ពីភាពស្របច្បាប់របស់ប្រាសាទព្រះវិហារ ព្រោះស្ថាប័នអន្តរជាតិមួយនេះមិនដាក់ទ្រព្យសម្បត្តិរបស់ប្រទេសណាមួយចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិលោក ក្នុងពេលដែលមិនមានឯកសារស្របច្បាប់នោះទេ។
៧. អង្គការបេតិកភណ្ឌពិភពលោក(UNESCO ) ឯកភាពជាមួយភាគីកម្ពុជា ក្នុងកិច្ចអភិរក្សប្រាសាទព្រះវិហារ។
៨. នៅមុខប្រាសាទព្រះវិហារមានទង់ជាតិតែពីរគត់ គឺទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងអង្គការបេតិកភណ្ឌពិភពលោក(UNESCO )។
៩. តាមប្រវត្តិសាស្រ្តបានបញ្ជាក់ច្បាស់ណាស់ថា ប្រាសាទព្រះវិហារបានសាងសង់មុនដូនតារបស់ថៃ ដែលមានដើមកំណើតពីសុខោទ័យនៅស.តទី ១៣។
គួរម្លឹកថា ដោយសារនយោបាយរបស់រដ្ឋាភិបាលថៃ ក្រោមរដ្ឋបាលគ្រប់គ្រងនៃអតីតនាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា ដែលចង់ទាមទារគ្រប់គ្រងតំបន់ជុំវិញប្រាសាទព្រះវិហារ ទំហំ ៤,៦ គីឡូម៉ែត្រក្រឡានោះ បានជម្រុញរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការ ក្រុងឡាអេ កាលពីខែមេសា ឆ្នាំ២០១១ ដើម្បីសុំឲ្យតុលាការនេះបកស្រាយ ពីសាលដីកាឆ្នាំ១៩៦២ឡើងវិញ ខណៈកងទ័ពប្រទេសទាំងពីរបានប៉ះទង្គិចគ្នា បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ នៅតំបន់នោះ។
ទាក់ទងនឹងជម្លោះដី ជាប់ប្រាសាទព្រះវិហារ នាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ បានសន្យាសហការជាមួយភាគីកម្ពុជាដើម្បីរក្សាសន្តិភាព តាមបណ្តោយព្រំដែន បើទោះជាតុលាការយុត្តិធម៌អន្តរជាតិ សម្រេចយ៉ាងណាក៏ដោយ។ លោកស្រី យីងឡាក់ បញ្ជាក់ថា៖ «ប្រទេសទាំង២នឹង ព្យាយាមសហការគ្នា ដើម្បីរក្សាសន្តិភាពតាមបណ្តោយព្រំដែន»។
កាលពីពេលថ្មីៗនេះលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីអនុវត្តសាលដីកានោះ។ អ្នកនាំពាក្យរូបនេះបន្ថែមថា កម្ពុជានៅរក្សាជំហរដដែល គឺមិនធ្វើឲ្យសេចក្តីសម្រេចរបស់តុលាការ ទីក្រុងឡាអេ ប៉ះពាល់ដល់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរនោះទេ៕
--------------------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ