អ៊ុំ សំអាន បាន​ចេញ​ពី​ពន្ធនាគារ​ហើយ បន្ទាប់​ពីទទួល​ការ​លើកលែង​ទោស

លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ និងជាសកម្មជនព្រំដែន ត្រូវបានដោះលែងចេញពីពន្ធគារ ឲ្យមានសេរីភាពវិញហើយ​ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ។ មន្ត្រីគណបក្សប្រឆាំងរូបនេះ បានទទួលការលើកលែងទោស ពីព្រះមហាក្សត្រ មុននឹងដីកាឲ្យដោះលែងមួយ ត្រូវបានចេញ ដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីប៉ុន្មាននាទីកន្លងមក។
អ៊ុំ សំអាន បាន​ចេញ​ពី​ពន្ធនាគារ​ហើយ បន្ទាប់​ពីទទួល​ការ​លើកលែង​ទោស
អតីតតំណាងរាស្ត្រ​ មណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន នៅពេលលោក ត្រូវបានក្រសួងមហាផ្ទៃ បន្ទាប់ពីលោករូបលោក ត្រូវបានចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធសភា។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 25, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការដោះលែងអ្នកទោស ឬអ្នកជាប់ឃុំ ដោយបញ្ហានយោបាយ ឬការបញ្ចេញមតិ កំពុងកើតមាននៅកម្ពុជា។ ក្នុងល្ងាចថ្ងៃសៅរ៍នេះ លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិមួយរូបទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ បន្ទាប់ពីលោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យ លើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរ​របស់​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក ហ៊ុន សែន។

ជាការដោះលែងនេះ ដែលធ្វើឡើង តែជាង១ខែ​ប៉ុណ្ណោះ មុនរយៈពេលផុតកំណត់ នៃការផ្ដន្ទាទោស ទៅលើរូបលោក។

ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលចេញផ្សាយ ជាសាធារណៈ កាលពីជាងមួយម៉ោងមុន បានបង្គាប់ឲ្យលើកលែងទោស លោកឈ្មោះ អ៊ុំ សំអាន អាយុ៤០ឆ្នាំ ពីរាល់ការផ្ដន្ទាទោសទាំងឡាយ ដែលប្រកាសឡើង ដោយតុលាការកម្ពុជា​គ្រប់ជាន់ថ្នាក់ រហូតដល់តុលាការកំពូល តាមរយៈសាលដីកាលេខ ៥៤ ចុះថ្ងៃទី០៩ ខែ០២ ឆ្នាំ២០១៨។ បន្ទាប់មក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយទៀត ដើម្បីបញ្ជូនទៅពន្ធនាគារ ព្រៃស ឲ្យធ្វើការដោះលែង អតីតតំណាងរាស្ត្រ។

 

លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ និងសកម្មជនជំនាញខាងបញ្ហាព្រំដែន ត្រូវបានក្រុមនគរបាលចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។ ការចាប់ខ្លួននោះ ធ្វើឡើងទាំងរូបលោក មានអភ័យឯកសិទ្ធសភា និងបន្ទាប់ពីលោក បានត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប។

លោក អ៊ុ សំអាន ត្រូវបានតុលាការកម្ពុជាផ្តន្ទាទោស ដោយដាក់ឃុំលោក ក្នុងពន្ធនាគារ រយៈពេល២ឆ្នាំ៦ខែ និងដោយពិន័យ​ជាប្រាក់ ចំនួន៤លានរៀល ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (ដែលបង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម)» និងបទ «ញុះញង់ ឱ្យ​មានការរើសអើង» តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ចាប់ពីឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ លោក អ៊ុំ សំអាន តែងធ្វើអត្ថាធិប្បាយ និងលើកយកពីភស្តុតាងជាច្រើន ពីការបាត់បង់ទឹកដីកម្ពុជា ទៅឲ្យប្រទេសវៀតណាម។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន ជាមួយនឹងដៃជាប់ខ្នោះ នៅក្នុងសាលាឧទ្ធរណ៍ កាលពី​ព្រឹកថ្ងៃអង្គារទី១៧ ខែឧសភា ឆ្នាំ២០១៦ លោក អ៊ុំ សំអាន បានលើកឡើងថា៖ «រឿងដែលអយុត្តិធម៌ អ្នកការពារទឹកដី ត្រូវជាប់ពន្ធនាគារ ឯអ្នកធ្វើឲ្យ​បាត់បង់​ទឹកដី គឺជាអ្នកស្នេហាជាតិ និងរួចខ្លួនទៅវិញ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...