ហ៊ុន សែន ហៅ សម រង្ស៊ី «អាល្ងង់»ជុំវិញ«បទបញ្ជាសម្ងាត់»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 17, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាលោកបានច្រានចោល ថា«បទបញ្ជាសម្ងាត់»នោះ មិនមែនលោកជាអ្នកសរសេរក៏ដោយ តែនាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានទទួលស្គាល់ នៅល្ងាចថ្ងៃនេះថា សំណេរនោះមានលក្ខណៈ «ត្រូវចិត្ត»លោក ហើយលោកក៏នឹងបញ្ជាទ័ព ឲ្យធ្វើដូច្នេះដែរ ប្រសិនណាជាលោក សម រង្ស៊ី វិលត្រឡប់ចូលស្រុកវិញនោះ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងខ្លាំងៗ តបទៅលោក សម រង្ស៊ី មេដឹកនាំប្រឆាំងថា៖ «ខ្ញុំបញ្ជាក់ហើយ ស្តាប់ឲ្យច្បាស់ បើចូលត្រូវតែចាប់វៃខ្នោះ ដល់ក្នុងយន្តហោះ ហើយបញ្ជូនទៅគុកតែម្តង កុំព្រហើន អាល្ងង់»។
ប្រតិកម្មរបស់បុរសខ្លាំងកម្ពុជា បានធ្វើឡើងនៅល្ងាចនេះ ជាមួយនឹងសារព័ត៌មានក្នុងស្រុកមួយ នៅបន្ទាប់ពីការបង្ហោះ អត្ថបទ«ខ្លី» មួយកាលពីយប់ម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ដោយទំព័រហ្វេសប៊ុកនោះ បានហៅអត្ថបទនេះ ថាជា«បទបញ្ជាសម្ងាត់»របស់លោក ហ៊ុន សែន សរសេរទៅកាន់ «មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ» សម្រាប់អនុវត្តឲ្យចាប់ខ្លួនលោក សម រង្ស៊ី នៅពេលដែលអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ត្រឡប់វិលចូល មកក្នុងប្រទេសកម្ពុជាវិញ។
» អត្ថបទដែលទាក់ទង៖ សម រង្ស៊ី ទម្លាយ«សារ ហ៊ុន សែន គ្រោងផ្ទុះអាវុធពេលលោកវិលចូលស្រុក»
កម្ទេច... និងប្ដូរទិសយន្ដហោះ...
អត្ថបទនោះ ថែមទាំងបានសរសេរ ពីការបញ្ជា ឲ្យ«កម្ទេចចោល នូវកម្លាំងណាក៏ដោយ ដែលរារាំងការអនុវត្តន៍ច្បាប់» និងប្រាប់ឲ្យយន្ដហោះ ត្រូវប្ដូរទិសហោះហើរ ដើម្បីអាចឲ្យកងកម្លាំងទាំងនោះ ចូលទៅចាប់ខ្លួនលោក សម រង្ស៊ី នៅក្នុងយន្ដហោះតែម្ដង។ លោក សម រង្ស៊ី ដែលត្រូវបានរដ្ឋាភិបាលកម្ពុជា លើកលែងការរារាំង ការធ្វើដំណើរត្រឡប់ចូលស្រុកខ្មែរវិញ ខណៈលោកនៅតែត្រូវបានតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំដដែល។
អត្ថបទ«បទបញ្ជាសម្ងាត់» ដែលបង្ហោះលើហ្វេសប៊ុកលោក សម រង្ស៊ី បានសរសេរថា៖ «សម រង្ស៊ី នៅតែជាអ្នកមានទោស ដែលកម្លាំងអនុវត្តច្បាប់ ត្រូវតែអនុវត្តតាមសាលដីកាតុលាការ ចាប់វាញាត់គុកឲ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ មិនអាចឲ្យអាមួយនេះរួចខ្លួនបានឡើយ។ ការចាប់ សម រង្ស៊ី ត្រូវធ្វើនៅលើយន្តហោះតែម្តង ដោយឲ្យយន្តហោះទៅចតនៅព្រលានយោធា ប្រសិននៅភ្នំពេញ។ ករណី នៅសៀមរាប ឬខេត្តព្រះសីហនុ ត្រូវរកទីតាំងណាសមស្របក្រៅពីចំណតអ្នកដំណើរ។ បណ្តាអង្គភាពនៃកងទ័ពស្រួច ត្រូវត្រៀមអន្តរាគមន៍កម្ទេចចោល នូវកម្លាំងណាក៏ដោយ ដែលរារាំងការអនុវត្តន៍ច្បាប់។»។
សំណេរខាងលើនេះ ត្រូវបានលោក ហ៊ុន សែន ច្រានចោល ថាលោកមិនមែនជាអ្នកសរសេរ ដោយសារតែសំណេរនេះ គ្មាន«ត្រា និងហត្ថលេខា»របស់លោក។ លោកមានប្រសាសន៍ថា៖ «រង្ស៊ី ជាមនុស្សល្ងង់ណាស់ ដែលថាសារបទបញ្ជាកម្លាំងយោធា ដែលទទួលបាននោះ ថាជារបស់ខ្ញុំ។ កន្លែងណា ដែលថាជារបស់ខ្ញុំ? មានត្រា និងហត្ថលេខា[ឬ]អត់? ពិតជាល្ងីល្ងើមែន។»។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី បានទទួលស្គាល់ និងសរសើរអ្នកសរសេរ«អត្ថបទ»នោះថា សរសេរដូច«យល់ចិត្ត»លោក។ លោក ហ៊ុន សែន បានបន្តថា៖ «ប៉ុន្តែខ្ញុំសូមសរសើរអ្នកសរសេរបទបញ្ជាទ័ពនេះ ព្រោះការបញ្ជាទ័ព ក៏ខ្ញុំប្រើវិធីបែបនេះដែរ។ អ្នកសរសេរនេះ ដូចជាយល់ចិត្តរបស់ខ្ញុំមែន។ ការបញ្ជាទ័ពគឺត្រូវតែអញ្ជឹងហើយ។ បើអ្នកក្លាហានឯង មិនហ៊ានចូលស្រុក កុំសន្យា។»។
«អរគុណទណ្ឌិត រង្ស៊ី»
យ៉ាងណា លោក ហ៊ុន សែន បានប្រកាសថា លោកនឹងមិនប្ដឹងលោក សម រង្ស៊ី បន្ថែមមួយករណីទៀត ទាក់ទងនឹងរឿងនេះទេ ដោយហេតុថា មេដឹកនាំប្រឆាំងរូបនេះ មាន«ទោសស្រាប់»ទៅហើយ។
លោកបានបន្តប្រសាសន៍ថា៖ «រង្ស៊ី ចូលចិត្តប្រើប្រាស់ភាសាមួលបង្កាច់ លាបពណ៌ គេបែបនេះ បានចេះតែជាប់គុក។ បង្កើតរឿងមិនពិត ថាជារឿងពិត រាល់កំហុសរបស់ រង្ស៊ី គឺកើតឡើង ពីទង្វើរបស់ខ្លួនឯង។ សារបទបញ្ជា អ្នកណាក៏សរសេរបាន មកចោទថា ជារបស់នាយករដ្ឋមន្រ្តី។ សំណាងដែរ ខ្ញុំមិនប្តឹងផ្តល់ទេ ព្រោះ រង្ស៊ី ជាមនុស្សដែលមានទោស ស្រាប់ទៅហើយ។ ខ្ញុំបញ្ជាក់ឲ្យច្បាស់ឡើងវិញថា ខ្ញុំនឹងអនុវត្តយុទ្ធវិធីនេះ នៅពេលរង្ស៊ី ចូលស្រុក ហើយសូមអរគុណទណ្ឌិត រង្ស៊ី ដែលបានបង្ហាញវិធីសាស្រ្ត ចាប់ខ្លួនលោកឲ្យដឹងបែបនេះ។»៕