រ៉ូណា ស្មីត នឹងបង្ហាញរបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃ២៦កញ្ញា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 22, 2018
- ប្រធានបទ: សិទ្ធិមនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីប្រកាសព័ត៌មានមួយ របស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានឲ្យដឹងកាលពីម្សិលម៉ិញថា នៅថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា នឹងបង្ហាញរបាយការណ៍ប្រចាំឆ្នាំ របស់អ្នកស្រី នៅចំពោះអង្គប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់ អ.ស.ប ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។
អត្ថបទរបស់ការិយាល័យឧត្ដមស្នងការ បានបញ្ចាក់ទៀតថា អ្នកស្រី រ៉ូណា ស្មីត នឹងបង្ហាញ ទៅលើសេចក្តីបន្ថែម នៃរបាយការណ៍នោះ ដែលមានទាក់ទង នឹងការបោះឆ្នោតជាតិ ខែកក្កដា កន្លងមកនេះផងដែរ។ សេចក្ដីប្រកាសព័ត៌មាន បានបន្តថា៖ «បន្ទាប់ពីបទបង្ហាញនេះមក នឹងមានកិច្ចសន្ទនាអន្តរកម្មមួយ»។
ប្រិយមិត្តនៅជុំវិញពិភពលោក អាចទស្សនាបទបង្ហាញរបស់អ្នកស្រី រ៉ូណា ស្មីត នៅក្នុងការផ្សាយបន្តផ្ទាល់ នៅវេលាម៉ោង ១២ ម៉ោងនៅទីក្រុងហ្សឺណែវ (ត្រូវជាម៉ោង ១៧ ម៉ោងនៅកម្ពុជា) របស់គេហទំព័ររបស់អង្គការសហប្រជាជាតិ តាមរយៈខ្សែភ្ជាប់នេះ ឬអាចចូលមកទស្សនា ក្នុងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលបង្ហោះរូបភាពនោះ ដោយផ្ទាល់តែម្ដង។
សូមបញ្ជាក់ដែរថា របាយការណ៍របស់អ្នកស្រី រ៉ូណា ស្មីត ដែលដាក់ឲ្យពិគ្រោះបាន (ទាំងភាសាអង់គ្លេស និងខេមរភាសា) តាំងពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅលើគេហទំព័រ របស់ឧត្ដមស្នងការសិទ្ធិមនុស្ស អ.ស.ប ត្រូវបានចាត់ចូល ទៅក្នុងរបៀបវារៈ ទី១០ នៃកិច្ចប្រជុំប្រចាំឆ្នាំខាងលើ ដោយបានអះអាង ពីការរិតត្បិតសិទ្ធិសេរីភាពធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយ។
មកដល់ម៉ោងនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប នៅមិនទាន់ចេញសេចក្ដីប្រកាសអ្វីមួយ ទាក់ទងនឹងបញ្ហាកម្ពុជានៅឡើយ ខណៈអង្គប្រជុំប្រចាំឆ្នាំរបស់ស្ថាប័នពិភពលោកមួយនេះ នឹងត្រូវបញ្ចប់ទៅ នៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខ។
ផ្ទុយទៅវិញ គេហទំព័រមួយ ដែលសរសេរគាំទ្ររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន បានអះអាងថា អ.ស.ប បានចេញរបាយការណ៍មួយ ថ្កោលទោសប្រទេសចំនួន ៣៨ នៅលើពិភពលោក តែគ្មានប្រទេសកម្ពុជា នៅក្នុងនោះទេ។ គេហទំព័រដែលធ្វើខ្លួន ដូចជាសារព័ត៌មាន មិនបានបញ្ជាក់ ពីប្រភពដំណឹងរបស់ខ្លួនទេ (ក្រៅពីដាក់ថា ប្រភព News.Mthai - តែយើងបានតាមដាន ទៅដល់ news.mthai.com មិនឃើញមានការផ្សាយដូច្នេះទេ) តែត្រូវបានក្រុមមន្ត្រី និងមនុស្សរបស់រដ្ឋាភិបាលកម្ពុជា យកមកចែករំលែក នៅពាសពេញបណ្ដាញសង្គម៕