ជាម យៀប៖ កុំ​​សង្ឃឹម​​ថា​ មាន​​ការ​​បោះឆ្នោត​​ឡើង​​វិញ​ឲ្យ​សោះ

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានថ្លែងចំអកឲ្យគណបក្សសង្រ្គោះជាតិថា ជា​គោលការណ៍ច្បាប់ គណបក្សសង្រ្គោះជាតិកុំសង្ឃឹមថា មានការបោះឆ្នោតឡើងវិញ ក្នុងអាណត្តិទីប្រាំនេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានថ្លែងចំអកឲ្យគណបក្សសង្រ្គោះជាតិថា ជា​គោលការណ៍ច្បាប់ គណបក្សសង្រ្គោះជាតិកុំសង្ឃឹមថា មានការបោះឆ្នោតឡើងវិញ ក្នុងអាណត្តិទីប្រាំនេះ។


លោក ជាម យៀប មន្ត្រីគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤

នយោបាយ - «បើគណបក្សសង្រ្គោះជាតិធ្វើពហិការមិនចូលប្រជុំរដ្ឋសភា បន្តមិនចូលទៀតទៅ ដល់ឆ្នាំ២០១៨ តែ​ម្តងទៅ។ ហើយកុំនឹកស្រម័យ នឹកយល់សប្តិថាមានការបោះឆ្នោតកណ្តាលអាណត្តិ។ ខ្ញុំនៅក្នុងរដ្ឋសភា៣៣ឆ្នាំហើយ វាគ្មានច្បាប់ទេ។» នេះជាការថ្លែងរបស់លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ច​សម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងដើមសប្ដាហ៍នេះ។

ទន្ទឹមនឹងបន្តធ្វើពហិការមិនចូលប្រជុំរដ្ឋសភាអាណត្តិទី៥នៅឡើយ បេក្ខជនជាប់ឆ្នោតទាំង ៥៥រូប របស់គណបក្ស​សង្រ្គោះជាតិ ក៏បានចោទប្រកាន់រដ្ឋាភិបាល និងរដ្ឋសភាបច្ចុប្បន្ន ថាត្រូវបានបង្កើតឡើងដោយរំលោភរដ្ឋធម្មនុញ្ញ។ ហើយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក៏បានបញ្ជាក់ថា ត្រូវមានការបោះឆ្នោតឡើងវិញ យ៉ាង​ហោច​ណាស់ត្រឹមឆ្នាំ២០១៦ ក្រោយការកែទម្រង់ការបោះឆ្នោត។

តែសម្រាប់លោក ជាម យៀប បានអះអាងថាគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដោយ​មានទាំងចាត់មន្រ្តីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅចរចាជាមួយ​លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិជាមួយគ្នា តែបែរជាគណបក្ស​សង្រ្គោះ​ជាតិ មិនមានការទទួលខុសត្រូវចំពោះលទ្ធផលចរចា។

បើទោះជាលោក ជាម យៀប បានលើកឡើងយ៉ាងដូច្នេះក៏ដោយ ក៏លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជា​ថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ បានអះអាងដូចគ្នាថាគណបក្ស​សង្រ្គោះជាតិ បើកទូលាយឲ្យមានការចរចានយោបាយឡើងវិញ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយការចរចា​អាចប្រព្រឹត្តទៅបានគ្រប់កម្រិតទាំងអស់។

អនុប្រធានគណបក្សជំទាស់លោកកឹម សុខា បានសង្កត់ធ្ងន់ថា៖ «យើងខ្ញុំអត់បញ្ហាអីទេ បើថាគណបក្សប្រជាជន​កម្ពុជាថាអត់ចរចា ហើយគណបក្សប្រជាជនកម្ពុជា ជម្នះ ដឹកនាំប្រទេសតាមបែបផ្តាច់ការ តាមបែបឯកបក្ស ផ្ទុយនឹង​រដ្ឋធម្មនុញ្ញ ហើយអន្តរជាតិ គេនឹងគាបសង្កត់ ហើយនៅឯកោរអញ្ចឹងទៅ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...