សម្ភាសស៊ីសុវត្ថិ ធម្មិកោ៖ លាលែង​ពី​​ព្រះរាជ​លេខា​ផ្ទាល់ ដើម្បី​ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ

ភាពចម្រូងចម្រាសជាច្រើនបានរម្កិលខ្លួនមករកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ខណៈដែលព្រះអង្គសម្រេចព្រះទ័យចូលរូម ជាមួយគណបក្សសង្គ្រោះជាតិ។ បញ្ហាដែលកើតមានជាចំបង ដូចជាការវាយប្រហារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាព្រះអង្គក្បត់ស្ថាប័នព្រះមហាក្សត្រ និងការបង្ខំឲ្យព្រះអង្គប្រកាសទ្រព្យសម្បត្តិ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយជាដើម និងមូលហេតុផ្សេងទៀតជាច្រើន។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: May 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ភាពចម្រូងចម្រាសជាច្រើនបានរម្កិលខ្លួនមករកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ខណៈដែលព្រះអង្គសម្រេច​ព្រះទ័យចូលរូម ជាមួយគណបក្សសង្គ្រោះជាតិ។ បញ្ហាដែលកើតមានជាចំបង ដូចជាការវាយប្រហារ​ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថាព្រះអង្គក្បត់ស្ថាប័នព្រះមហាក្សត្រ និងការបង្ខំឲ្យព្រះអង្គប្រកាសទ្រព្យសម្បត្តិ ពីសំណាក់អង្គភាព​ប្រឆាំងអំពើពុករលួយជាដើម និងមូលហេតុផ្សេងទៀតជាច្រើន។


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងសមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៧ខែមេសា។

ព្រះអង្គស៊ីសុវត្ថិ ធម្មិកោ ជាអតីតសមាជិកស្ថាបនិកមួយរូប នៃគណបក្សហ្វុនស៊ីនប៉ិច។ ព្រះអង្គក៏ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទាន ផ្ទេរនិង​តែង​តាំងជាលេខាផ្ទាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ កន្លងមកនេះ​ដែលមានឋានៈស្មើនឹងរដ្ឋមន្ត្រី។ បច្ចុប្បន្នព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកគណកម្មការនាយក នៃគណបក្ស​សង្គ្រោះជាតិ និងជាបេក្ខភាពតំណាងរាស្រ្តខេត្តព្រះសីហនុ នីតិកាលទីប្រាំ ឆ្នាំ២០១៣នេះ។

កាលពីថ្ងៃទី២៩ខែឧសភានេះ ព្រះអង្គម្ចាស់បានដាក់លិខិតជាផ្លូវការ លាលែងពីតំណែងលេខាផ្ទាល់ នៃសម្ដេច​ព្រះមហាក្សត្រី។ ជុំវិញការលាលែងពីលេខាធិការផ្ទាល់ នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មកចូលរួម​ក្នុងឆាកនយោបាយ មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយព្រះអង្គដើម្បីធ្វើការបង្ហាញនូវហេតុផលនានា មក​ជម្រាបជូនដូចតទៅ៖

មនោរម្យព័ងអាំងហ្វូ៖ សូមក្រាបថ្វាយបង្គំព្រះអង្គ! ព្រះអង្គ តើមូលហេតុអ្វីដែលជម្រុញ ឲ្យព្រះអង្គដាក់ពាក្យលាលែង ពីលេខាធិការផ្ទាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មកចូលរួមក្នុងឆាកនយោបាយយ៉ាងដូច្នេះ?

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ ខ្ញុំបានដាក់លិខិតលាលែងពីម្សិលម៉ិញ(ថ្ងៃទី២៩ ខែឧសភា) សូមសម្តេចម៉ែប្រោស ព្រះរាជទាន អនុញ្ញាតិ។ ការដែលខ្ញុំដាក់លិខិតនេះ ព្រោះក្រោយពី ព្រះបរមរតនកោដ្ឋ(នរោត្តម សីហនុ) លោក​សោយ​ទីវង្គតទៅ ខ្ញុំយល់ឃើញថា ត្រូវតែធ្វើកិច្ចការណាមួយដែលអាចពង្រឹងស្ថាប័នព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូល និង​ធ្វើយ៉ាងណាឲ្យស្ថាប័ននេះឯករាជ្យ អព្យាក្រិត្យ ។ សព្វថ្ងៃនេះឃើញមានការអូសទាញស្ថាប័ននេះ ចូលក្នុងឆាក​នយោបាយពីបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដូចជាការបញ្ចេញព្រះនាមព្រះករុណាព្រះមហាក្សត្រ បញ្ចេញព្រះនាមសម្តេចម៉ែ ក្នុងឆាកនយោបាយ។ ក្រោយពេលដែលស្ថាប័ននេះ ចូលក្នុងឆាកនយោបាយ អាចធ្វើឲ្យ​ស្ថាប័នហ្នឹង«សាប» និងអស់ជំនឿពីប្រជារាស្រ្ត ថាស្ថាប័ននោះឯករាជ្យ។

មនោរម្យព័ងអាំងហ្វូ៖ តើមានការឆ្លើយតប ពីសម្តេចម៉ែយ៉ាងដូចម្តេចដែរចំពោះលិខិតលាលែងនោះ?

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ លោក(សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ) គ្មានដីការឆ្លើយតបទេ មាន​ន័យថាដល់ពេលលោកយល់ព្រមហើយ។ លោកក៏បានផ្តល់ដំណឹងទៅ ព្រះករុណាព្រះមហាក្សត្រ ដើម្បីថ្វាយ​ព្រះរាជ្យ​ក្រិត្យ«ដក»ខ្ញុំចេញ។ ចំពោះព្រះរាជក្រិត្យដកនេះ បើធ្វើលឿននឹងចេញក្នុងថ្ងៃនេះ បើយូរក៏មិនហួសពីសប្តាហ៍នេះដែរ។

មនោរម្យព័ងអាំងហ្វូ៖ ទាក់ទងនឹងបញ្ហា អង្គភាពប្រឆាំងអំពើពុករលួយ ដាក់លិខិតមកព្រះអង្គឲ្យធ្វើការ​ប្រកាស​ទ្រព្យ​សម្បត្តិ ក្នុងឋានៈព្រះអង្គជាលេខាផ្ទាល់សម្តេចម៉ែ និងជាសមាជិកព្រះបរមរាជវាំង តើព្រះអង្គអាចមានបន្ទូលបានទេ ចំពោះការប្រឆាំងរបស់ព្រះអង្គ ក្នុងការឲ្យប្រកាស(ទ្រព្យសម្បត្តិ)នេះ?

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ មូលហេតុដែលខ្ញុំប្រឆាំង និងមិនចង់ធ្វើការប្រកាសទ្រព្យសម្បត្តិនេះ ដោយសារខ្ញុំចង់​លើកឡើងថា ស្ថាប័នព្រះមហាក្សត្រជាស្ថាប័នឯករាជ្យ មិនពាក់ពន្ធ័ជាមួយស្ថាប័នរដ្ឋាភិបាល និងចង់បង្ហាញដល់មតិជាតិ និងអន្តរជាតិឲ្យបានដឹងឮ។

មនោរម្យព័ងអាំងហ្វូ៖ ក្រៅពីព្រះអង្គផ្ទាល់ តើមានមន្ត្រីព្រះបរមរាជវាំងប៉ុន្មាននាក់ដែលបានប្រកាស និងមិនបានប្រកាស​នូវទ្រព្យសម្បត្តិនេះ?

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ តាមការប្រកាសរបស់អង្គភាពប្រឆាំងអំពើពុរលួយ លោក ឱម យិនទៀង ថាមន្ត្រី​ព្រះបរម​រាជវាំងទាំងអស់មាន១៤៩នាក់ ក្នុងនោះមានតែខ្ញុំទេ ដែលជំទាស់នឹងការប្រកាសទ្រព្យសម្បត្តិនេះ ឯ១៤៨នាក់​ទៀតបានប្រកាសរួចហើយ។ ខ្ញុំជាមនុស្សតែម្នាក់គត់ ដែលយល់ឃើញថាគួ «ការពារស្ថាប័នព្រះមហាក្សត្រ ជាស្ថាប័ន​ឯករាជ្យ» មិនពាក់ពន្ធ័ជាមួយស្ថាប័នរដ្ឋាភិបាល។

មនោរម្យព័ងអាំងហ្វូ៖ ត្រឡប់មកអតីតកាលវិញ។ កាលព្រះអង្គនៅជាលេខាផ្ទាល់ នៃព្រះបរមរតនកោដ្ឋ​(ព្រះបាទ​នរោត្តម សីហនុ)  តើព្រះអង្គធ្លាប់ជាសមាជិក នៃបក្សនយោបាយណាមួយទេ?

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ ខ្ញុំធ្លាប់ជាសមាជិកស្ថាបនិករបស់គណបក្សហ្វុនស៊ីនប៉ិច តាំងពីឆ្នាំ១៩៨១ ពេលដែល​ព្រះបរមរតនកោដ្ឋ (នរោត្តម សីហនុ) លោកបាននបង្កើតគណបក្សហ្វុនស៊ីនប៉ិច ក៏ខ្ញុំបានចូលរួមជាសមាជិកស្ថាបនិក។ បន្ទាប់ពីមានរដ្ឋប្រហារបណ្តេញសម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ចេញពីព្រះប្រធានគណបក្សហ្វុនស៊ីនប៉ិចមក ខ្ញុំបាន​បង្កើតគណបក្សរបស់ខ្ញុំមួយឈ្មោះ «គណបក្សរណសិរ្សសង្គមជាតិនិយម» ដើម្បីថ្វាយសម្តេចក្រុមព្រះ ធ្វើការទាមទារ​គណបក្សហ្វុនស៊ីនប៉ិចមកវិញ។ បក្សនេះត្រូវបានរំសាយទៅវិញនៅខែឧសភា ឆ្នាំ២០០៧ បន្ទាប់ពីបង្កើតបានប្រាំពីរខែ ចាប់ពីខែតុលា ឆ្នាំ២០០៦។

មនោរម្យព័ងអាំងហ្វូ៖ កន្លងមក នាយករដ្ឋមន្ត្រីលោកហ៊ុន សែន ធ្លាប់បានលើកឡើងថាដោយសារ​តែគណបក្ស​ហ្វុនស៊ីនប៉ិច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា មិនទទួលយកព្រះអង្គឲ្យចូលរួម ទើបព្រះអង្គសម្រេចព្រះទ័យចូលរួម ជាមួយគណបក្សសង្គ្រោះជាតិ។ តើព្រះអង្គអាចមានបន្ទូល ពីការលើកឡើងនេះបានទេ?

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ ទាំងអស់នេះជាការលើកឡើងរបស់បុគ្គលទេ ខ្ញុំមិនលើកពីបុគ្គលទេ ខ្ញុំលើកពី​គោលការណ៍។ តើគណបក្សហ្វុនស៊ីនប៉ិច បានធ្វើអ្វីខ្លះដើម្បីពង្រឹងស្ថាប័នព្រះមហាក្សត្រ ហើយអាចផ្តល់លទ្ធភាពឲ្យខ្ញុំ ពង្រឹងស្ថាប័នព្រះមហាក្សត្រជាស្ថាប័នឯករាជ្យ អព្យាក្រិត្យ ឬអត់? ទាំងនេះដើម្បីបង្ហាញមតិជាតិ និងអន្តរជាតិឲ្យបាន​ដឹង។

មនោរម្យព័ងអាំងហ្វូ៖ សូមមានបន្ទូល ពីហេតុផលដែលធ្វើឲ្យព្រះអង្គជ្រើសរើសយក ការចូលរូមជាមួយគណបក្ស​សង្គ្រោះ​ជាតិ?

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ ដោយសារ លោក សម រង្សី និងលោក កឹម សុខា គាំទ្រ និងផ្តល់លទ្ធភាពឲ្យខ្ញុំពង្រឹង​ស្ថាប័នព្រះមហាក្សត្រ ឲ្យទៅជាស្ថាប័នកំពូលមួយឯករាជ្យ និងអព្យាក្រិត្យ ផ្តល់អំណាចថ្វាយព្រះមហាក្សត្រ តាមរដ្ឋ-​​ធម្មនុញ្ញដែលបានចែង។ លោកសម រង្សី និងលោក កឹម សុខា ក៏បានសន្យាថា ច្បាប់ណាដែលប៉ះពាល់ស្ថាប័ន​ព្រះមហាក្សត្រ ដូចជាច្បាប់ប្រឆាំងអំពើពុករលួយជាដើម ក្រោយពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត នឹងធ្វើការ​សើររើនូវច្បាប់ទាំងនោះ ដើម្បីលើកកំពស់ស្ថាប័នព្រះមហាក្សត្រឡើងវិញ។ ទាំងនេះហើយដែលស្រប​នឹងជំហរ​របស់ខ្ញុំ​ដែលចង់បាន ទើបធ្វើឲ្យខ្ញុំសម្រេចចិត្តចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។

មនោរម្យព័ងអាំងហ្វូ៖ តើព្រះអង្គមានជំនឿយ៉ាងណា ចំពោះលទ្ធផលនៃការបោះឆ្នោត នាថ្ងៃខាងមុខ សម្រាប់គណបក្ស​សង្គ្រោះជាតិ?

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ ជាជំនឿ តាមទូរលេខដែលខ្ញុំមាន និងតាមទូរលេខរបស់គ.ជ.ប គណបក្សសង្គ្រោះជាតិ​នឹងយកជ័យជំនេះ ក្នុងថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ខាងមុខនេះ ជាការជាត់ស្តែងតែម្តង៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...