តឺនីស៖ ណាដាល់ និងឌីចូកូវីក រំពឹងថាអាចឡើងទៅវគ្គ៣២នាក់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់ជើងឯក៧សម័យកាល រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) និងកីឡាករលំដាប់លេខ១ពិភពលោក ណូវ៉ាក់ ឌីចូកូវីក (Novak Djokovic) រំពឹងថានឹងអាចទទួលបានជ័យជំនះដូចគ្នា ក្នុងការប្រកួតជុំទី២ នៅយប់ថ្ងៃព្រហស្បតិ៏នេះ ដើម្បីកក់កៅអីទៅវគ្គ៣២នាក់ជាបន្តទៀត។
កីឡាករលំដាប់លេខ១ពិភពលោក ណូវ៉ាក់ ឌីចូកូវីក និងរ៉ាហ្វាអែល ណាដាល់។
ណាដាល់ ដែលចង់ក្លាយជាកីឡាករទី១ ក្នុងការឈ្នះពានរង្វាន់រ៉ូឡែន ហ្គារ៉ូស (Roland Garros) លើកទី៨របស់ខ្លួននោះ នឹងត្រូវជួបជាមួយនឹងកីឡាករស្លូវ៉ាគី ម៉ាទីន ឃ្លីស្ស៊ាន់ (Martin Klizan) ចំណាត់ថ្នាក់លេខ២៦ពិភពលោក។
ណាដាល់ ដែលធ្លាប់ឈ្នះពានរង្វាន់ក្នុងកម្មវិធីហ្គ្រែនស្លាម (Grand Slam) បាន១១លើកនោះ កាលពីជុំទី១ គាត់បានយកឈ្នះលើកីឡាករ ដានីញ៉ែល ប្រែនស៏ (Daniel Brands)។
ប៉ុន្តែត្រូវបានកីឡាករអាឡឺម៉ង់ (ប្រែនស៏) យកឈ្នះនៅសិតទី១ និងនាំមុខ៣-០ ទៀតនៅក្នុងសិតទី២ មុនពេលដែលកីឡាករលំដាប់លេខ៤ពិភពលោក (ណាដាល់) រូបនេះ វាយបកយកជ័យជំនះទី៥៣របស់គាត់មកវិញ នាទីក្រុងប៉ារីស។
កីឡាករស្ស៊ឺប៊ី ឌីចូកូវីក ដែលធ្លាប់បំបាក់ណាដាល់ វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១២ និងកំពុងតែត្រូវការពានរង្វាន់ហ្វ្រិនអូផិន (French Open) នេះដែរនោះ នឹងត្រូវជួបជាមួយកីឡាករអាស្សង់ទីន ហ្គីដូ ប៉េឡា (Guido Pella) ចំណាត់ថ្នាក់លេខ៨៣ពិភពលោក។
ចំណែកឯវិញ្ញាសារស្ត្រីវិញ ម្ចាស់ការពារដំណែងជើងឯក ម៉ារៀ ស្សារ៉ាប៉ូវ៉ា (Maria Sharapova) នឹងត្រូវតតាំងជាមួយកីឡាការនីវ័យក្មេង (១៩ឆ្នាំ) របស់កាណាដា អឺចិនី បូឆាដ (Eugenie Bouchard) ដែលជាម្ចាស់ជើងឯករងក្នុងកម្មវិធី វីមប្លេដុន (Wimbledon)។
កីឡាការនីចិន និងជាម្ចាស់ជើងឯកឆ្នាំ២០១១ លីណា (Li Na) នឹងត្រូវប្រឈមមុខនឹងកីឡាការនីអាមេរិក បេថានី ម៉ាដធេកសែនដ៏ (Bethanie Mattek-Sands)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ