ស្វារែសតូចចិត្ត៖ ពិបាកនិយាយថា«ទេ» ទៅកាន់រៀលម៉ាឌ្រីដណាស់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez) បាននិយាយថា គាត់អាចនឹង ពិចារណាផ្ទេរចេញពីក្លឹបមឺសីសាយ (Merseyside) ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) បើសិនជាក្រុមយក្សអេស្ប៉ាញមួយនេះ ចង់បានរូបគាត់។
ល្វីស ស្វារែស កីឡាករខ្សែប្រយុទ្ធរបស់លីវើភូល អង់គ្លេស តូចចិត្តនឹងអ្នកកាសែត។
ស្វារែស បានជាប់បម្រាម១០ប្រកួត បន្ទាប់ពីបានខាំដៃកីឡាករប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) របស់ក្រុមឆែលស៊ី (Chelsea) កាលពីខែមុន ហើយគាត់និយាយថា សម្ពាធពីកាសែតរបស់អង់គ្លេស ជាហេតុផលមួយដែលគាត់ចង់ចាកចេញ។
ខ្សែប្រយុទ្ធដែលកំពុងតែស្ថិតនៅក្នុងទីក្រុងម៉ុងតេវីឌីអូ (Montevideo) ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ បានប្រាប់ដល់ស្ថានីយ៏វិទ្យុ (Radio Sport 890) ថា «វាគ្មានអ្វីច្បាស់លាស់នៅឡើយទេ ប៉ុន្តែវាពិតជាពិបាកណាស់ ដែលត្រូវនិយាយថាទេ ទៅកាន់ក្រុមរៀលម៉ាឌ្រីដនោះ។»
កីឡាករឆ្នើមក្រុមលីវើភូលរូបនេះ បានបន្តថា «ខ្ញុំស្រលាញ់លីវើភូល ប៉ុន្តែបើមានឱកាស ខ្ញុំនឹងទៅលេងកន្លែងផ្សេង។ ខ្ញុំឈឺចាប់ច្រើនណាស់ហើយ ពីសំណាក់អ្នកកាសែតអង់គ្លេស ដែលបាននិយាយរិះគន់ខ្ញុំ អំពីអត្តចរិករបស់ខ្ញុំ ដោយពួកគេមិនបានទុកកិត្តិយសឲ្យខ្ញុំ ដូចជាកីឡាករអាជីពមួយរូបឡើយ។»
កីឡាករវ័យ២៦ឆ្នាំ បានជាប់បម្រាម៨ប្រកួតរួចម្តងមកហើយ កាលពីរដូវកាល ២០១១-២០១២ ដោយការនិយាយពាក្យសម្តីប្រកាន់ពូជសាសន៏ ជាមួយនឹងកីឡាករផាទ្រិក អេវរ៉ា (Patrice Evra) របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។
កាលពីគាត់លេងនៅប្រទេសហូឡង់ ឲ្យក្រុមបាល់ទាត់អាស្ស៊ាក (Ajax) គាត់ក៏បានខាំស្មាដៃគូប្រកួតម្តងដែរ ដែលពេលនោះខាំកីឡាកររបស់ក្រុមភីអេសវី (PSV) ខណៈដែលការប្រកួតដ៏សំខាន់រវាងក្រុមខ្លាំងទាំង២នោះ។
ខ្សែប្រយុទ្ធដែលទាត់បញ្ចូលទីឲ្យក្រុមលីវើភូល បានច្រើនជាងគេកាលពីរដូវកាលមុន (ស្វារែស) បានទទួលចំណាត់ថ្នាក់លេខ២ នៅក្នុងតារាងឈ្មោះអ្នកទាត់បញ្ចូលទីបានច្រើនជាងគេ ក្នុងរដូវកាលនេះ ពោលគឺចាញ់កីឡាកររ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) របស់ម៉ែនញូ តែម្នាក់គត់។ ហើយគាត់ទាត់បាល់បញ្ចូលទីបានចំនួន ២៣គ្រាប់ ខណៈដែលផឺស៊ី បានចំនួន២៦គ្រាប់៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ