ណីម៉ា រិះគន់​ថ្នាក់​ដឹកនាំ​របស់​ក្រុម បាសឺឡូន

បន្ទាប់ពីបង្ហាញ«ថ្វីជើង» ជាមួយក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) នៅក្នុងការប្រកួតទល់នឹងក្រុម ទូលូស្ស៍ (Toulouse FC) កាលពីថ្ងៃអាទិត្យកន្លងមកនេះ កីឡាករ ណីម៉ា (Neymar) បានចេញមុខ រិះគន់ថ្នាក់ដឹកនាំក្រុម បាសឺឡូន (FC Barcelone) ថាសុទ្ធសឹងជាមនុស្ស ដែលមិនស័ក្ដិសម មកដឹកនាំក្រុមបាល់ទាត់ដ៏ធំដូច្នេះឡើយ។
ណីម៉ា រិះគន់​ថ្នាក់​ដឹកនាំ​របស់​ក្រុម បាសឺឡូន
កីឡាករ ណីម៉ា និងលោក «Josep Maria Bartomeu» ប្រធានក្រុមបាល់ទាត់ បាសឺឡូន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 23, 2017
  • ប្រធានបទ: ជម្លោះបាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មើលទៅ រឿងរ៉ាវរវាងកីឡាករ ណីម៉ា ជាមួយនឹងក្រុមបាសឺឡូន (FC Barcelone) អាចនឹងមានតភាគវែងឆ្ងាយ ទៅមុខទៀត។ ហើយនេះ ជាប្រតិកម្មជាសាធារណៈ និងដោយផ្ទាល់មាត់ ជាលើកដំបូងបង្អស់ ពីសំណាក់កីឡាករ ណីម៉ា ទៅនឹងការលើកឡើង របស់ប្រធានក្រុម បាសឺឡូន លោក «Josep Maria Bartomeu» ដោយចាត់ទុកការចាកចេញ របស់កីឡាករជាតិប្រេស៊ីលរូបនេះ ថា«មិនមានទម្រង់ត្រឹឹមត្រូវ» តាមបែបកីឡាករ របស់ក្រុមលោក។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន នៅក្រោយការប្រកួត រវាងក្រុមប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) ជាមួយនឹងក្រុម ទូលូស្ស៍ (Toulouse FC) កាលពីយប់ថ្ងៃអាទិត្យកន្លងមកនេះ កីឡាករថ្មីថ្មោង របស់ក្រុមប៉ារីស បានហៅថ្នាក់ដឹកនាំ របស់ក្រុមបាសឺឡូន ដែលកីឡាករធ្លាប់នៅជាមួយ ថាសុទ្ធសឹងជាមនុស្ស ដែលមិនស័ក្ដិសម នឹងក្រុមបាល់ទាត់ដ៏ធំ ដូចយ៉ាងក្រុមបាសឺឡូននេះឡើយ។

កីឡាករ ណីម៉ា បានថ្លែងឡើងថា៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ នៅចំពោះអាកប្បកិរិយារបស់ពួកគេ។ សម្រាប់ខ្ញុំ ពួកគេជាមនុស្ស ដែលមិនត្រូវនៅក្នុងក្រុម បាសឺឡូន ឡើយ។ ក្រុម បាសឺឡូន ស័ក្តិសម នឹងមានថ្នាក់ដឹកនាំប្រសើរជាងនេះ ហើយនរណាៗក៏ដឹងដែរ។»។

កីឡាករ ណីម៉ា បានសម្រេចចាកចេញ ពីក្រុមបាសឺឡូន នៅថ្ងៃទី៣ ខែសីហា ជាមួយនឹងប្រាក់រំលោះកិច្ចសន្យាដ៏មហាសាល ២២២លានអ៊ឺរ៉ូ មុននឹងមកចុះកិច្ចសន្យាទាត់ ឲ្យក្រុមប៉ារីស នៅប៉ុន្មានថ្ងៃក្រោយមក។

ទំនងជាតូចចិត្ត នឹងការសម្រេចចិត្តបែបនេះ ជាពិសេស នៅចំពោះការហ៊ានចំណាយប្រាក់ របស់ក្រុម ប៉ារីស មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិបាល់ទាត់ លោក «Josep Maria Bartomeu» ប្រធានក្រុម បាសឺឡូន ដែលល្បីថាជាក្រុមមួយ ក្នុងចំណោមក្រុមបាល់ទាត់យក្ស នៅក្នុងពិភពលោក បានចេញមុខមកថ្លែង នៅក្រោយការបង់ប្រាក់រំលោះកិច្ចសន្យានោះថា៖ «ណីម៉ា បានសម្រេចចិត្ត ទៅទាត់ឲ្យក្រុម ប៉ារីស។ ប៉ុន្តែទម្រង់ខាងក្រៅ មិនមានលក្ខណៈត្រឹមត្រូវទេ។ ណីម៉ា មិនបានប្រកាន់អកប្បកិរិយា ដូចដែលយើងចង់បាន ក្នុងនាមជាកីឡាករ របស់ក្រុម បាសឺឡូន នោះឡើយ។ យើងចង់បានភាពស្មោះស្ម័គ្រ ឲ្យបានច្រើនជាងនេះ។»។

យ៉ាងណាក៏ដោយ សារព័ត៌មានក្នុងប្រទេសអេស្ប៉ាញជាច្រើន បានទម្លាក់កំហុស ទៅលើលោក «Josep Maria Bartomeu» នេះហើយ ដែលត្រូវទទួលខុសត្រូវ ច្រើនជាងគេទាំងអស់ ក្នុងការចាកចេញ របស់កីឡាករ ណីម៉ា ដែលក្រុម បាសឺឡូន ខិតខំអូសទាញយ៉ាងលំបាក កាលពីឆ្នាំ២០១៣ ពីក្រុមបាល់ទាត់ «Santos FC» នៅក្នុងប្រទេសប្រេស៊ីល ដោយសារតែពេលនោះ មានក្រុមបាល់ទាត់ជាច្រើន បានព្យាយាមអូសទាញកីឡាករ មកទាត់ឲ្យក្រុមពួកគេដែរ រាប់ទាំងក្រុម រៀលម៉ាឌ្រីត (Real Madrid) នោះផង។

តែថារឿងរ៉ាវនេះ នឹងវិវត្តន៍«តភាគ» ទៅដល់ណាទៀត គេនឹងរង់ចាំមើល ប្រតិកម្មពីក្រុមបាល់ទាត់ «អ្នកមានបុណ្យ បាសឺឡូន» ក្នុងពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...